ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ជា​អ្នកចម្រៀង​សល់​តែ​កេរ្តិ៍ឈ្មោះ និង​ភាព​ក្រខ្សត់​សម្រាប់​លោក ​នូ ស៊ឹ​ប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជើង​ចាស់​មាន​ទឹកដម​សំឡេង​ស្រទន់​លោក​នូ ស៊ឹ​ប បាន​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ប្រមាណ​ជាង​៣០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បើ​និយាយ​ពី​កម្រិតជីវភាព​វិញ​មិន​មាន​អ្វី​សេសសល់​ច្រើន​ឡើយ ក្រៅ​តែ​អំពី​ការ​រស់នៅ​ផ្ទះ​ជួល ក្នុង​ជីវភាព​ដ៏​ខ្វះខាត ។ ក្នុង​វ័យ​៧១​ឆ្នាំ​លោក​នូ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជើង​ចាស់​មាន​ទឹកដម​សំឡេង​ស្រទន់​លោក​នូ ស៊ឹ​ប បាន​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ប្រមាណ​ជាង​៣០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បើ​និយាយ​ពី​កម្រិតជីវភាព​វិញ​មិន​មាន​អ្វី​សេសសល់​ច្រើន​ឡើយ ក្រៅ​តែ​អំពី​ការ​រស់នៅ​ផ្ទះ​ជួល ក្នុង​ជីវភាព​ដ៏​ខ្វះខាត ។

ក្នុង​វ័យ​៧១​ឆ្នាំ​លោក​នូ ស៊ឹ​ប ស្នាក់​នៅផ្ទះ​ជួល​នៅ​មុខ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ជាមួយនឹង​ក្មួយ និង​ចៅ​២​នាក់ ។ លោក​ស្នាក់​នៅ​ទីនោះ​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ស្រប​ពេល​វ័យ​ចំណាស់​អាជីព​លែង​សូវ​កាក់កប ។
ម្ចាស់​បទ​ចម្រៀង «​អនិច្ចា​អ្នកស្រែ​» លោក​នូ ស៊ឹ​ប បាន​រៀបរាប់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្នុង​ពេល​បច្ចុប្បន្ន​លោក​បាន​បាត់បង់​ឱកាស​ក្នុង​ការ​ច្រៀង​ជា​ច្រើន​ឆ្នាំ​ហើយ ដោយសារ​តែ​គ្មាន​អ្នក​ហៅ បូក​រួម​ជាមួយ​ជំងឺ​ប្រចាំ​កាយ និង​ភាព​ចាស់ជរា​ផង​នោះ ។

លោក​នូ ស៊ឹ​ប ថ្លែង​ទាំង​ទឹកមុខ​ស្រពោន​ថា​៖ «​បើ​ទោះបីជា​រូប​ខ្ញុំ​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ស្ទើរ​ពេញ​មួយ​ជីវិត​ក៏​ពិតមែន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គឺ​មិន​មាន​អ្វី​ច្រើន​សល់​ជាប់​នៅ​ក្នុង​ខ្លួន​ឡើយ ។ តែ​ខ្ញុំ​កំពុង​តែ​ផ្ញើ​វាសនា និង​បន្តជីវិត​ដែល​នៅ​សេសសល់​ចុង​ក្រោយ​នេះ​នៅ​ក្នុងផ្ទះ​ជួល ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​ដែល​បាន​ស្គាល់ និង​អាណិតអាសូរ​ដល់​រូប​ខ្ញុំ​តែ​ប៉ុណ្ណោះ​» ។

បើ​តាម​លោក​នូ ស៊ឹ​ប លោក​នៅផ្ទះ​ជួល​នេះ​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​ក្នុង​មួយ​ខែ​ត្រូវ​ចំណាយ​៥០​ដុល្លារ​សម្រាប់​ថ្លៃ​ជួល ជាមួយនឹង​ការ​បូក​រួម​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង នោះ​គឺ​ជិត​១០០​ដុល្លារ​ក្នុង​មួយ​ខែ ។
ទាំង​អួល​ដើម​ក នូ ស៊ឹ​ប ថា​សព្វថ្ងៃ​លោក​មិន​អាច​ដើរ​ច្រៀង​បាន​ដូច​មុន​ទៀត​ឡើយ ហើយ​រាល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃនេះ​គឺ​លោក​បាន​មក​ពី​ការ​ជួយ​ពី​សប្បុរសជន​នានា និង​ប្រាក់ខែ​ចូល​និវត្តន៍​យោធា​ប៉ុណ្ណោះ ។
លោក​នូ ស៊ឹ​ប បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​មក​ម្ល៉េះ ដោយ​អំឡុង​ពេល​នោះ​ជា​លោក​ជា​តារាចម្រៀង​ល្បីឈ្មោះ ។ ភាគច្រើន​លោក​ច្រៀង​បទ​បដិវត្តន ៍​។ អំឡុង​ទស​វត្ស​ឆ្នាំ​៨០​លោក​បាន​ចូល​បម្រើ​ការងារ​ជា​យោធា ហើយ​បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០០៥ ។

ពី​ដំបូង​លោក​នូ ស៊ិ​ប មិន​មាន​បំណង​ចាប់​យក​អាជីព​ជា​អ្នកចម្រៀង​ឡើយ ពោល​គឺ​លោក​ស្រឡាញ់​ខាង​ផ្នែក​ពេទ្យ ប៉ុន្តែ​ដោយសារ​មានការ​ជំរុញ និង​លើកទឹកចិត្ត ទើប​លោក​ចាប់​យក​អាជីព​សិល្បៈ​នេះ​តែ​ម្តង ។ នៅ​ឆ្នាំ​១៩៩០​លោក​ត្រូវ​អតីត​ចៅហ្វាយខេត្ត​កំពង់ធំ​ជំរុញ និង​គាំទ្រ​ឲ្យ​រូប​លោក​មក​ភ្នំពេញ​ដើម្បី​បន្ត​អាជីព​សិល្បៈ​ចម្រៀង ដ្បិត​រូប​លោក​មាន​ទេព​កោសល្យ​លើ​ផ្នែក​នេះ ។ ជា​អកុសល​ពេល​លោក​មក​ដល់​ភ្នំពេញ ចៅហ្វាយខេត្ត​រូប​នោះ​បាន​ទទួលមរណភាព ធ្វើ​ឲ្យ​លោក​មាន​ភាព​តែលតោល មិន​មាន​ខ្សែបណ្តាញ​អ្វី​ទៀត​ឡើយ គឺ​មាន​តែ​ខិតខំ​ប្រឹង​រស់​ដោយ​ខ្លួនឯង ។

ជា​ភ័ព្វសំណាង លោក​នូ ស៊ឹ​ប ក៏​បាន​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​១​លើ​ផ្នែក​ចម្រៀង​ក្នុង​កម្មវិធី​មួយ ទើប​ធ្វើ​ឲ្យ​លោក​ចាប់​ឈោង​បាន​ភាព​ល្បីឈ្មោះ​ជា បណ្តើរ​ៗ រហូត​មាន​ផលិតកម្ម​ផ្សេង​ៗ​ទាក់ទង​ឲ្យ​លោក​ទៅ​ច្រៀង ។ ផលិតកម្ម​ចំនួន​២​ដែល​លោក​បាន​ចាប់ផ្តើម​ច្រៀង​នោះ​មាន ផលិតកម្ម​សាយណ្ហ​តារា និង​ផលិតកម្ម​កម្មករ ដោយ​លោក​បាន​ច្រៀង​ថត​២០​វ៉ុល ដែល​ពេល​នោះ​លោក​ច្រៀង​បាន​មួយ​បទ​១០​ដុល្លារ​ប៉ុណ្ណោះ ។ ក្រោយមក​ទៀត​លោក​ក៏​មានឱកាស​បាន​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​ហង្ស​មាស​នៅ​ឆ្នាំ​២០០០ ហើយ​នៅ​ក្នុង​ផលិតកម្ម​នេះ​លោក​ក៏​បាន​ច្រៀង​ជា​ច្រើន​បទ​ផង​ដែរ ។

ចាប់តាំងពី​លោក​ចាប់​អាជីព​ចម្រៀង​មក​លោក​នូ ស៊ឹ​ប បាន​ច្រៀង​មិន​ក្រោម​៣០០​បទ​ឡើយ ទាំង​បទ​ពី​សម័យ​សង្គមចាស់ និង​បទ​និពន្ធ​ថ្មី ប៉ុន្តែ​លោក​មិន​អាច​ចាំ​ថា​មាន​បទ​ថ្មី​ខ្លះ​នោះ​ទេ ។
លោក​នូ ស៊ឹ​ប បច្ចុប្បន្ន​ដោយសារ​តែ​ភាព​ចាស់ជរា ជាមួយនឹង​ជំងឺលើសឈាម និង​សម្រាក​មិនសូវ​លក់​នោះ លោក​ស្ទើរតែ​បោះបង់​អាជីព​ចម្រៀង​ទៅ​ហើយ ព្រោះ​លោក​មាន​ភាព​ហេវ​ហត់ អស់កម្លាំង និង​ភ្លេចភ្លាំង​ច្រើន​ជាមួយនឹង​បទ​ចម្រៀង ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ក៏​នៅ​មាន​អ្នក​ហៅ​ទៅ​ច្រៀង​ម្តងម្កាល​ដែរ ដូច​ជា​ស្ថានីយទូរទស្សន៍​CTN មួយ​ឆ្នាំ​គេ​ហៅ​ម្តង​។ ចំណែក​ការ​ច្រៀង​តាម​រោងការ​នានា​នោះ​គឺ​រូប​លោក​មិន​អាច​ទៅ​រួច​ទៀត​ទេ ព្រោះ​លោក​មិន​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ដើរ​ឡើង​ឆាក​ដែល​គេ​ធ្វើ ខ្ពស់​ៗ ខុស​ពី​ឆាក​ដែល​លោក​ធ្លាប់​ច្រៀង​នៅ​តាម​ភោជនីយដ្ឋាន​នានា ។ បើ​ទោះបីជា​លោក​ស្ទើរតែ​បាត់បង់​អាជីព​ចម្រៀង​ជាមួយនឹង​ជីវភាព​លំបាក​ក៏​ពិតមែន ប៉ុន្តែ​លោក​ក៏​នៅ​តែ​ទទួល​បានការ​ជួយ​ជ្រោមជ្រែង​ពី​ផ្នែក ផ្សេង​ៗ និង​សប្បុរសជន​នានា​ជា​បន្តបន្ទាប់ ក្នុង​នោះ​ក៏​មាន​សមាគម​សិល្បករ​ខ្មែរ​ផង​ដែរ ។ ទឹកចិត្ត​ដ៏​ល្អ​ទាំង​អស់នេះ​លោក​មិន​អាច​បំភ្លេច​បាន​ឡើយ ហើយ​លោក​ក៏​គ្មាន​អ្វី​តបស្នង​ក្រៅពី​ការ​អរគុណ ដល់​សប្បុរសជន​នានា​ដែល​នៅ​អាណិត​ស្រឡាញ់ និង​គិតគូរ​ពី​សុខទុក្ខ​ក្នុង​នាម​លោក​ជា​អ្នកសិល្បៈ​ដ៏​ចំណាស់​ម្នាក់ ។

លោក​នូ ស៊ឹ​ប មាន​ដើម​កំណើត​នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បងប្អូន​៤​នាក់ ក្នុង​នោះ​មាន​តែ​រូប​លោក​មា្ន​ក់​ប៉ុណ្ណោះ​ចាប់​អាជីព​ចម្រៀង ។

លោក​នូ ស៊ឹ​ប បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​១៩៨៧ ប៉ុន្តែ​បាន​បែក​គ្នា​វិញ ដោយសារ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ដោយ​មិន​មានកូន​ឡើយ តែ​លោក​មានកូន​ចិញ្ចឹម ។

តាំងពី​បែក​គ្នា​ជាមួយ​ភរិយា​មក លោក​នូ ស៊ឹ​ប មិន​បាន​រៀប​ការ​ទៀត​ឡើយ ដោយ​លោក​បាន​ប្រើ​ជីវិត​ជា​បុរស​ពោះម៉ាយ​ចិញ្ចឹម​បីបាច់​ក្មួយ និង​កូនចិញ្ចឹម​រហូត​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ