ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​​និ​ទាន​ក្មេង​លក់​ការ៉េម​​ម្នាក់​ក្លាយ​ជា​​អ្នកនិពន្ធ​​ទំនុក​​ច្រៀង​​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​លោក​​សុខ ចាន់ផល ​គឺ​ជាអ្នក​​​និពន្ធ​​ទំនុក​ច្រៀ​​ង​វ័យ​ក្មេង​​ប្រចាំ​ផលិត​កម្ម​រស្មីហង្ស​មាស​ ។ ​បទ​ចម្រៀង​របស់​លោក​​ភាគ​ច្រើន​​ជាបទមនោសញ្ចេតនា​​ ដូច​​ជា​បទ«​ឈាម ពេជ្រ​ »​ និង​បទ​«​គេ​ល្អ​គ្រប់​យ៉ា​ង​តែគេមិនមែន​បង​​» ជាដើម ​។
​លោក​​សុខ ចាន់ផល​ ​​​មាន​ស្រុក​កំណើត​​នៅ​​ភូមិ​​សំបួរ​មាស​«ក» ឃុំ​ពាមជីកង​ ស្រុក​កង​មាស ​ខេត្ត​កំពង់​ចាម ​កើត​​នៅ​ថ្ងៃ​ទី​២៧

​រាជធានី​ភ្នំពេញ​ ៖ ​លោក​​សុខ ចាន់ផល ​គឺ​ជាអ្នក​​​និពន្ធ​​ទំនុក​ច្រៀ​​ង​វ័យ​ក្មេង​​ប្រចាំ​ផលិត​កម្ម​រស្មីហង្ស​មាស​ ។ ​បទ​ចម្រៀង​របស់​លោក​​ភាគ​ច្រើន​​ជាបទមនោសញ្ចេតនា​​ ដូច​​ជា​បទ«​ឈាម ពេជ្រ​ »​ និង​បទ​«​គេ​ល្អ​គ្រប់​យ៉ា​ង​តែគេមិនមែន​បង​​» ជាដើម ​។
​លោក​​សុខ ចាន់ផល​ ​​​មាន​ស្រុក​កំណើត​​នៅ​​ភូមិ​​សំបួរ​មាស​«ក»  ឃុំ​ពាមជីកង​ ស្រុក​កង​មាស ​ខេត្ត​កំពង់​ចាម ​កើត​​នៅ​ថ្ងៃ​ទី​២៧ ​ខែសីហា ​ឆ្នាំ ១៩៨៤​ ​​។ ​​លោក​គឺ​ជាកូន​ទោល​កំព្រា​ឪពុក​​​ដោយ​សារ​ឪពុក​ម្ដាយ​លោក​លែង​លះ​គ្នា​​​​តាំង​ពី​លោក​​នៅ​ក្នុង​ផ្ទៃ​ម្ល៉េះ ។

លោកសុខ ​ចាន់ផល ​រំលឹក​​ពី​អតីតកាល​​របស់​ខ្លួន​ប្រាប​់​កោះសន្ដិភាព​​នាពេល​​ថ្មីៗនេះ​​ថា​លោក​​​ជា​កូន​កំព្រា​ឪពុក ​​​តែលោក​មិន​ដែល​ហ៊ាន​​សួរ​រ​ក​ឪពុក​​​ទេ​ ។ ​​លោក​ដឹង​ពី​ឪពុក​​តាម​រយ​ៈ​ អ្នក​ជិត​ខាង​​ ដោយ​មាន​ពេល​ខ្លះ​​ចាស់​ៗ​​ក្នុងភូមិ​​​សួរ​​លោក​ថា​ តើ​​ចង់​ឱ្យ​គាត់​​​ជូន​ទៅ​លេង​​​ឪពុក​​ ឬអត់ ? ​​លោក​មិន​សូវ​ចាប់​អារម្មណ៍​​​ពី​រឿង​​ឪពុក​ទេ ​ប៉ុន្តែ​នៅ​ថ្ងៃមួយ​នោះ​លោក​ដើរ​កាន់បង្គី​​ទៅ​ធ្វើពល​កម្ម​នៅ​សាលា​រៀន​​ ឪពុក​របស់​លោក​បាន​​​សួរ​ឈ្មោះ​របស់​លោក​​ និងហុច​លុយ​​ឱ្យ​​លោក ។ ដោយ​​លោក​មិន​ស្គាល់​​ និង​ភ័យ​​​ក៏រត់​គេ​ច​ពី​ឪពុក​ ។ ​

ចំណែក​​ឯ​ម្ដាយ​របស់​លោកចាន់​​ផល​វិញ​​តែង​តែទៅ​រក​​ស៊ី​​​នៅ​ខេត្ត​ឆ្ងា​យ​ៗ​ស្ទើរ​តែ​លោក​ចំណាំមុខ​មិន​​បាន ។ ​ឱ្យ​តែ​​ឮ​ថា ម្ដាយ​មកលេង​ផ្ទះ​​ម្ដង​ៗ​​លោក​​រត់​​យ៉ាង​លឿន​​ទៅជួបគាត់​ ។ ​​ពាក្យ​«ម៉ែ» មាន​ឥទ្ធិពល​​ណាស់​​ក្នុង​អារម្មណ៍​ក្មេង ​ព្រោះ​​គ្រប់​ពេល​​លោក​តូច​ចិត្ត​​នឹង​មនុស្ស​​ជុំ​វិញ​ខ្លួន​​ដែល​មិន​ស្រឡាញ់​​លោក​ទេ​ ហើយ​​លោក​ក៏​តែង​តែ​លួង​ខ្លួន​ឯង​​ថា លោក​​នៅមានម្ដាយ​​ម្នាក់នឹង​គេ​ដែរ ។ ​លោក​សម្លឹ​ង​មុខម៉ែ​ដោយលួច​​​លាក់​ដើម្បី​​ចំណាំ​មុខគាត់​ ។

ពេល​​មក​លេង​​​ស្រុក​ម្ដង​ៗ ​ញាតិជិត​ខាង​​តែង​តែខ្សឹប​​ប្រាប់​ម្ដាយ​របស់​លោក​ចាន់​​​ផល​ ​​ថា អ្នក​ផ្ទះ​​ធ្វើ​​បាប​លោក​ណាស់ ​ហើយណែនាំ​​ឱ្យ​​យក​​លោក​​​ទៅ​តាម​ ។ ​កាលណោះ​​លោក​អាយុ​ប្រាំ​បួន​​​ឆ្នាំទើប​​តែ​ចាប់​ផ្ដើម​​ចូល​រៀន​​​ថ្នាក់​ទី​​​ពីរ​​ក៏​ចាក​ចេញ​​ពី​ស្រុកកំណើត​ ទៅកាន់​ខេត្ត​​បាត់​ដំបង​​ជាមួយម្ដាយ​ ។​​ ទៅ​​ដល់បាត់​ដំបង​​ម្ដាយ​​របស់​លោក​​​នាំ​ទៅ​​រស់នៅ​ជាមួយ​សាច់ញាតិ​​​​​ ។ នៅ​ទី​នោះ​​​ម្ដាយ​របស់​លោក​​ស៊ីឈ្នួល​​នៅ​ផ្ទះ​អ្នក​លក់​បាយ​ម្នាក់ ។​​​គ្រា​នោះ​​លោក​ចាន់​ផល ​បាន​ក្លា​យ​​ជា​ក្មេង​​​ទូល​​នំលក់​​នៅ​តាម​ផ្សារ​ ។​ រស់នៅ​ក្នុង​ខេត្តបាត់​ដំបង​បាន​មួយ​រយៈ​ម្ដាយ​របស់​​លោក​​​ចាន់​ផល​បាន​នាំ​​លោក​ទៅ​រស់​នៅ​​​​​ខេត្ត​រតនគិរី​​ ។ ​​នៅ​​​ទីនោះ​​ពី​ដំបូង​​ម្ដាយ​រប​​​ស់​​​​លោក​​​​ធ្វើការ​ក្នុងហាង​គុយ​ទាវ​​មួយ​ ចំណែ​ក​​លោក​​​​​ចូល​រៀន​ថ្នាក់​ទីបី ​នៅ​សាលា​បឋ​ម​​​សិក្សា​​ឡា​បាន​សៀក ​។

ពេល​ឈប់​​ពី​ហាង​គុយ​ទាវ​​ម្ដាយ​របស់​លោក​​បាន​ទៅ​ជួល​ផ្ទះ​នៅមុខ​សាលា​រៀន​​ ហើយ​​គាត់​​​លក់​នំ​ចំណី​ក្នុងសាលា​ ។ ​​​​លោក​​​ចាន់​ផល​ មិន​ទាន់​រៀន​ចប់​​​ថ្នាក់​ទី​បី​​ផង ​លោក​ និង​ម្ដាយ​​ក៏​ត្រឡប់​​ទៅ​ស្រុក​កំណើត​វិញ​​ ព្រោះ​ទទួល​ដំណឹង​​​ថា​ ជីតា​របស់​លោក​ឈឺ  ។ ​
​រស់​នៅ​ជាមួយ​តា​យាយ​​​​​​​​​​មួយ​រយៈ​លោក​ចាន់​ផ​ល​​ ​​​បាន​​ទៅ​តាម​ម្ដាយ​​​​រស់នៅ​ខេត្ត​​ក្រចេះ​ជាមួយ​ម្ដាយ​​​​មីង​របស់​​​​លោក​ដែល​ប្រកប​របរ​​លក់​បាយ​ម្ហូប​​​នៅ​មុខ​ផ្សារក្រចេះ ។ ​​លោក​បានជួយ​​ធ្វើការ​នៅ​កន្លែង​​លក់បាយ​​​នោះ ព្រមទាំង​​បាន​ចូល​​រៀន​​ថ្នាក់​ទី​​បួន​​ នៅ​សាលា​បឋម​​សិក្សា​ក្រ​ចេះ​​​ ។

ជីវិត​រស់នៅ​ជាមួយគេ​ជួប​​​រឿង​អន់​ចិត្ត​​គ្នា​រហូត​​​ត្រូវចាក​ចេញចៀស​មិន​ផុត​​ ។​ ម្ដាយ​​​របស់​លោកចាន់​ផល​​​​​ និង​រូប​លោក​​​បាន​ធ្វើ​ដំណើរ​​​​ទៅ​ដល់​ស្រុកស្រែ​អំបិល​​ ។ ម្ដាយ​​របស់លោក​​បាន​លក់​បាយ​​​​កញ្ចប់​​​នៅកំពង់ផែ​​ ។ ​បន្ទាប់មក​​ទៀត​​ទាំង​​ពីរ​នាក់​ម្ដាយ​​ និងកូន​​ទៅ​កាន់​ខេត្ត​​កោះ​ក​ុង ។ ​​​ទៅ​ដល់​​ស្រុក​ដង​ទង់​​ប្រហែល​​ម៉ោង​ដប់​​យប់​​​ ម្ដាយ​លោក​បាន​​សុំ​ផ្ទះ​​អ្នក​រត់​​ម៉ូតូ​ឌុប​​ម្នាក់​សម្រាក​​​ ។ បន្ទាប់​​មក​ម្ដាយ​លោក​ជួល​រោង​តូច​​មួយ​នៅ​មាត់​ផែអូប័រ​​សម្រាប់​លក់​បបរស និង​សម្រាក​​​នាពេល​យប់​ ។ ​

ថ្ងៃមួយ​ម្ដាយ​របស់​​​លោក​ចាន់ផល​ ​​បាន​ជួប​សាច់ញាត​ិ​​ធ្លាប់​រស់នៅ​​ជាមួយ​គ្នា​ឯខេត្ត​​បាត់​ដំបង​​ រួច​សម្រេច​​ចិត្ត​​ទៅ​ជួល​ផ្ទះ​​នៅ​ជុំ​គ្នា។
​ម្ដាយ​របស់​​​លោក​ចាន់ផល ​បាន​ទិញ​ធុង​ទឹក​កក​​ ពណ៌ក្រហម​តូច​មួយ​ និងកណ្ដឹង​​មួយ​ឱ្យ​លោក ​​ដើរ​លក់​​​កា​​រ៉េម​ ។ ដោយឃើញ​​​លោក​​​លក់​​ការ៉េម​​​​ដាច់​​ ម្ដាយ​លោក​ក៏​​លក់​​ដូច​លោក​ដែរ​ ។​​​ដល់​រដូវ​​ភ្លៀង​ធ្លាក់​​​​លក់ការ៉េម​​លែង​ដាច់​​ម្ដាយ​​ធ្វើ​នំ​​ឱ្យ​​លោក​ចាន់ផល​លក់​ម្ដង ។​​​ ​​​លោក​​​កណ្ដៀ​​ត​​​ថា​សនំក្រូច​ដើរ​លក់ ​​នៅ​​​មាត់​​សមុទ្រ​​ ហើយ​ពេល​​អ្នក​នៅ​លើ​​ទូក​នេសា​ទ​​​​​ស្រែក​ហៅ​​​ទិញ​ម្ដង​ៗ​លោក​​អរ​ណាស់​​​ក៏​ដើរ​ឆ្លង​ស្ពាន​តូច​ទៅ​លក់​​​​​ឱ្យ​គេ​ទាំង​​ញ័រ​ជើង​​​ខ្លាច​រអិល​​ធ្លាក់​​ទឹក​​ ។​ ​

​រស់នៅ​ឯ​ខេត្តកោះកុង​​ប្រហែល​​មួយ​ឆ្នាំ ​​លោក​ចាន់ផល ​មិន​បាន​ចូល​សាលា​រៀន​ឡើយ​គឺ​​បាន​​ត្រឹមតែ​​ដើរ​លក់​នំ​ក្បែរ​​របង​សាលា​រៀន​ប៉ុណ្ណោះ​​​ ។ ​ផ្ទះ​ចុង​ក្រោយ​របស់លោក​​គឺនៅ​ក្នុង​រោង​ចក្រការ៉េម​​ដែល​លោក​ធ្លាប់​ទៅ​ទទួលកា​រ៉េម​យកទៅ​​​លក់​​ ។ ​មុខរបរ​ថ្មីមួយ​ទៀត​រប​ស់​ម្ដាយ​​លោក​គឺរែក​នំបញ្ចុក​លក់​ដោយ​​លោក​ជា​អ្នក​​យួរ​ធុង​ទឹក​ដើរ​​តាម ។​ ពេល​ត្រឡប់​ទៅ​ដល់ស្រុក​​កំណើត​វិញ​​​​លោក​សុខ ចាន់ផល ​ចូល​រៀន​ថ្នាក់​ទី​ប្រាំ​នៅសាលា​បឋ​ម​​សិក្សា​​ពាម​ជីកង ​ហើយ​ក្លាយ​​ជា​សិស្ស​ពូកែ​​ ។ ​ពេល​រៀន​​ដល់​​ថ្នាក់​ទី​ប្រាំបី​ ម្ដាយ​​​លោកចាន់​ផល ​​សម្រេច​ចិត្ត​​ទៅ​រស់​នៅ​ខេត្ត​​ក្រចេះ​ជា​លើក​ទី​២​​ ។ គ្រា​នោះ​​លោក​អាឡោះអាល័យ​សា​លា​​​​រៀន​ណាស់​​ តែគ្មាន​ជម្រើស​​ត្រូវ​​​តែ​ទៅ​តាម​ម្ដាយ​​​ ។ រូប​​​​​​លោក និងម្ដាយ​បាន​ទៅ​រស់​នៅ​​ជាមួយ​​ម្ដាយ​មីង​​ដែលពេល​នោះគាត់​​បើកហាង​​លក់​បាយ​ធំ​​ជា​ងមុន​​ ។ លោកចាន់​​ផល ​​​បាន​ចូល​រៀន​​ថ្នាក់​ទី​ប្រាំបួន​​នៅ​អនុវិទ្យាល័យ​ក្រចេះ​ ​​ហើយ​​​​ប្រឡង​​​ជាប់​​​សិស្ស​ពូកែ​​​​​​​ផ្នែក​​អក្សរ​សាស្រ្ត​​​ខ្មែរ​ប្រចាំ​​​ខេត្ត​​​​។

ម្ដាយ​របស់​​លោក​ចាន់ផល​​​រស់នៅ​ខេត្ត​ក្រចេះ​​​​ប្រហែល​​មួយ​ឆ្នាំក៏​​​ត្រឡប់​ទៅរស់នៅ​ស្រុក​​ជា​មួយ​​​យាយ​តា​​វិញ​​​ តែ​លោក​​​បាន​តាំ​ង​ចិត្ត​​ថា​នឹង​​រស់នៅ​ទីនោះ​រហូត​​ដល់​ប្រឡង​សញ្ញាបត្រ​​មធ្យម​​សិក្សា​ទុតិយ​ភូមិ​រួច ។​ ​​លោក​សុខ ចាន់ផល ​និទាន​ថា ​​នៅ​ឆ្នាំ​២០០​៤​​​​​​លោក​បាន​ប្រឡង​​បញ្ចប់​វិទ្យាល័យ​ដោ​យ​​ជោ​គ​​ជ័យ​​​ ហើយ​ទៅ​បន្ត​​រៀន​​នៅ​ភ្នំពេញ​​ ​។ ​ដំបូ​ង​​លោក​រស់​នៅ​អន្តេវាសិកដ្ឋាន​​​នៃ​​សាលា​គរុ​កោ​សល្យ​​​ភូមិភាគ​រាជធានី​ ព្រោះ​​​ឪពុក​មា​របស់​លោក​​​ជា​គរុសិស្ស​​នៅទីនោះ ។  លោក​ចាន់​​ផល​​​​ បាន​​ចូល​រៀន​​​​អក្សរ​សាស្ត្រ​អង់គ្លេស​​នៅ​​សាកល​វិទ្យាល័យមេគង្គកម្ពុជា​ ​ហើយ​​មា​ន​សំណាង​​ជួប​ស្ត្រី​ម្នាក់​​ដែល​គាត​់​អា​ណិ​ត​​​​​​​​ជួយ​លោ​ក​​បាន​​​​ទៅ​ធ្វើការ​នៅ​អង្គការ​ក្រៅ​រដ្ឋ​ា​​​ភិបាល​​មួយមាន​តួនាទី​​ជា​គ្រូ​បង្រៀន​ក្មេង​​ៗ​​ផ្ទុក​​មេរោគ​​អេដស៍​ ។

​ធ្វើការ​នៅ​អង្គការនោះ​​​មិន​បាន​​ដល់​​មួយ​ឆ្នាំ លោក​​ក៏​​សុំ​ឈប់​​ព្រោះពិបាក​​សម្រប​ខ្លួន​​នឹង​អ្នក​រួមការ​ងារ​​ និងមូល​​ហេតុ​មួយ​ទៀត​គឺ​​​បាន​ដាក់​ពាក្យ​ធ្វើ​ជា​អ្នក​និពន្ធ​​​ទំនុក​ច្រៀង​​នៅ​​ផលិត​កម្ម​​មួយ ដោយ​ជឿ​ជាក់​ខ្លួន​​អាច​ធ្វើការ​ងារ​នោះ​បាន​​ ។ ជា​អកុសល​​លោក​ក្លាយ​​ជា​មនុស្ស​​​ទាត់​ខ្យល់​​​ តប់​ប្រមល់​​​នឹង​ជីវិត​រៀន​សូត្រ​​ក៏​លែង​​ចូល ​ហើយ​​ក៏​ជាពេល​​ដែលលោក​ចាប់​ផ្ដើម​សរសេរ​រឿង​​​ខ្លី​ ។ គ្មាន​​​សង្ឃឹម​​នឹង​​​រៀន​​​ចប់​​​ថ្នាក់​បរិញ្ញា​បត្រ​​​ លោក​ចាន់​ផល​​ក​៏ប្ដូរ​​ទៅ​រៀន​​​ថ្នាក់​បរិញ្ញា​បត្រ​​រង​នៅ​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​​វិញ​ហើយ​​​ក្រោយ​​​​មក​​ទៀត​បន្ត​​រៀន​ឆ្នាំ​ទីបី​​នៅ​សាក​ល​​​វិទ្យាល័យ​ធន​ធាន​មនុស្ស ។​​

​​លោក​​សុខ​ចាន់​ផល​តែង​តែ​​គិត​ថា ​ខ្លួ​ន​ឯង​​មិន​អាច​​ក្លាយ​ជា​​អ្នក​និពន្ធ​​​ទេ​ ហើយ​​លោក​មាន​អារ​ម្មណ៍​​ថា ជីវិត​​អ្នក​និពន្ធ​ហាក់​​​បី​ដូច​​ជា​តួ​អង្គ​​ក្នុង​​រឿង​​​និទាន​ ។ ​​លោកក៏ធ្លាប់​​​សរសរ​ទំនុក​ច្រៀង​​​​​​ខ្លះ​ដែរ​​កាលពី​នៅ​​រៀន​វិទ្យាល័យ​ ។ ​​លោក​ចេះ​​សរសេរ​​​ចម្រៀង​ព្រោះ​​​លោក​ជាមនុស្ស​​ចូល​ចិត្ត​​​ស្ដាប់​បទ​ចម្រៀង ​​ប៉ុន្តែ​​លោកមិន​​ចេះ​សរសេរ​​រឿង​ខ្លី ​ឬក៏ប្រ​លោម​លោក​​​ទេ​ ដ្បិត​​លោក​មិន​សូវ​​​ជា​ចាប់​​អារម្មណ៍​អាន​សៀវ​ភៅ​រឿង​ ។ ​

ជាអ្នក​និពន្ធ​​ម្នាក់​​ ចំពោះ​​លោក​ចាន់​ផល​​​គឺ​ពិ​ត​ជា​អស្ចារ្យ​​ណាស់ ដែល​លោកគិត​​ថា ​វាហួស​​ពី​សមត្ថ​ភាព​​​ខ្លួន​ឯង​ ។​ ​ក៏​ប៉ុន្តែ​​លោក​ពិត​​ជា​ចង់​ដឹង​ថា​ តើ​គេ​សរសរ​រឿង​យ៉ាងម៉េច​ ។​​ ដោយ​ចង់​​ផ្សង​សំណាង​​ធ្វើ​ជា​អ្នកនិពន្ធ  ថ្ងៃមួយ​លោក​បាន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​​នៅសមាគមអក្សរសិល្ប៍​​នូ​ហាច​ ។ ក្រោយ​ពី​បាន​សិក្សា​​នៅសមាគម​​នេះ​ចប់​​​ហើយ​​ លោក​​​បាន​​ទៅ​ចុះឈ្មោះ​​ចូល​រៀន​​ជា​ម​ួ​យ​​លោក​យូ​​ បូ​ ហើយ​ក៏ចាប់​ផ្ដើម​​ស្គាល់​​​អ្នក​និព​ន្ធ​​​​​ជា​ច្រើននាក់ ។ 

បន្ទាប់​ពី​បញ្ចប់​​ការ​សិក្សា​​​​រយ​ៈ​​ពេល​មួយ​​ឆ្នាំ លោក​ចាន់ផល ត្រូវ​​​​លោក​យូ បូនាំ​ទៅធ្វើការ​​នៅ​​​ទស្សនាវដ្ដី​មួយ និង​​​​បាន​ស្គាល់​​លោកពេជ្រ​ ពណ្ណ​រាយ ។​​ លោក​យូ បូ និង​​​​លោក​ពេជ្រ​ ពណ្ណ​រាយ​​បាន​ទទួលស្គាល់​​សមត្ថភាព​​សរសេរ​​របស់​លោកចាន់​ផល​​​​ ហើយ​តែង​តែ​ហៅទៅ​​ធ្វើការ​ជាម​ួយ ។ ​នៅ​ឆ្នាំ​២០០៩ ​នៅពេល​ក្រុមហ៊ុន​​ហង្ស​មាស​​​​​កំពុង​តែ​រៀប​ចំ​​បង្កើត​វិទ្យុ​​ ​ លោក​ពេជ្រ ពណ្ណ​រាយ​ ​បាន​ហៅ​រូប​​លោកទៅ​​​ធ្វើ​​ការ​ផ្នែក​​វិទ្យុ​ជាមួយ ។​​ កាល​នោះ​​លោក​អាច​មាន​ឱកាស​​សាកល្បង​​សរសេរ​​បទ​ចម្រៀង​​ និងបាន​ក្លាយ​​ជា​អ្នក​និពន្ធ​​បទ​ចម្រៀង​​រហូតមក​ដល់​សព​្វ​ថ្ងៃ​នេះ ។ ​ បទ​ចម្រៀង​​ដំបូង​​របស់​​​លោក​គឺ​បទ​ «ឈាម​ពេជ្រ​» ដែល​ទទួលបាន​ភាព​ល្បី​ល្បាញ​​​នៅ​ក្នុង​​​​ប្រទេស​កម្ពុជា​​ ។ ​

មក​ដល់ពេល​នេះ​បទ​ចម្រៀង​​ដែល​លោក​សុខ ចាន់ផល ​និពន្ធ​​​​​​​មិន​ក្រោម​​​៣០០បទ ទេ ។​ លើស​​​ពីនេះ​​លោក​​និពន្ធ​​​​ប្រលោម​លោក​​ និង​រឿង​ភាព​យន្ត​​​បាន​មួយ​ចំនួន​​ទៀត​ ។​ផ្ទុយ​​​ពីអតីត​​កាល​​​ដ៏​​លំបាក​​លំបិនបច្ចុ​ប្បន​្ន​​​​​​លោក​សុខ ចាន់ផល​​ មាន​រស្មី​ជីវិត​​ក្នុង​នាម​​​ជា​អ្នកនិពន្ធ​ម្នាក់  ៕