អតីតតារាចម្រៀង អ្នកនាង សៀម ស្រីណុច បានចេញមុខដោយស្នើសុំទៅកាន់យុវវ័យមួយចំនួនកុំបង្ហោះសកម្មភាពឈ្លោះ និងជេរប្រមាថគ្នាទៅវិញទៅមក នៅលើបណ្តាញសង្គម ខណៈពេលដែលនាងគិតថា ទង្វើមួយនេះ គឺជាការបំពុលសង្គម ។

អតីតតារាស្រីរូបនេះ បានចាត់ទុកការបញ្ចេញសកម្មភាពខាងលើ ក្នុងបណ្តាញសង្គមនោះគឺមិនបានចំណេញអ្វីដល់ប្រទេសជាតិនោះឡើយ ផ្ទុយទៅវិញ គឺនាំឲ្យប្រទេសជិតខាងចាប់ចំណុចបាន និងវាយតម្លៃយើង ក្នុងពេលដែលយើងកំពុងមានជម្លោះជាមួយប្រទេសជិតខាងផងនោះ ។

តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គម អ្នកនាង សៀម ស្រីណុច បានលើកឡើងថា មួយរយៈចុងក្រោយនេះ ពេលដែលនាងបើកហ្វេសប៊ុកមកឃើញមានប្អូនៗមួយចំនួនឈ្លោះប្រកែកគ្នាតាមរយៈបណ្តាញសង្គមជាបន្តបន្ទាប់ ។

នាងបន្តថា នាងមិនដែលចូលសង្គមនេះពីមុនឡើយ ដោយមួយរយៈនេះ នាងតាមដានតែរឿងប្រទេសជិតខាងឈ្លានពានដីខ្មែរយើងប៉ុណ្ណោះ ចំណែករឿងផ្សេងៗពីនេះនាងហាក់មិនសូវជាចាប់អារម្មណ៍ឡើយ ប៉ុន្តែដោយសាររឿងនេះ វាកើតឡើងជាញឺកញាប់ ហើយនាងក៏បានឃើញ ដែលឲ្យនាងការមានការហាក់រគៀសចិត្តខ្លះដែរ។

នាងថា ពិតហើយបុគ្គលដែលឈ្លោះគ្នានេះមួយចំនួន ជាប្អូនៗដែលមានឈ្មោះល្បី ចឹងប្អូនៗអាចអូសទាញមហាជនច្រើនឲ្យមានការចាប់អារម្មណ៍ ប៉ុន្តែបើខ្ញុំគិតវិញ ប្រសិនបើយើងយកពេលវេលាដែលឈ្លោះគ្នានេះមកគិត រឿងប្រទេសជាតិដែលកំពុងរងការឈ្លានពានពីប្រទេសជិតខាងគឺជាការល្អជាជាងយើងមិនបានជួយអ្វី បែរជាទៅបំពុលសង្គមទៅវិញ ។
នាងបន្ថែមថា បើប្អូនៗឈ្លោះប្រកែកគ្នា ហើយបង្ហោះលើបណ្តាញសង្គមបែបនេះ ប្រាកដណាស់នោះ ក្មេងជំនាន់ក្រោយៗទៀតនឹងយកគំរូតាមជាក់ជាមិនខានឡើយ ។ អ្នកនាង សៀម ស្រីណុច បានលើកឡើងបន្ថែមថា ប្អូនៗមិនគួរបង្ហាញសកម្មភាពឈ្លោះគ្នានេះលើបណ្តាញសង្គមឡើយ ដើម្បីកុំឲ្យប្រទេសជិតខាងចាប់ចំណុចបាន ហើយបើជាការល្អ គួរតែបង្ហាញពីការសាមគ្គីគ្នានៅក្នុងអំឡុងពេលប្រទសេជាតិមានបញ្ហានាពេលនេះ ។

បើតាមអ្នកនាង សៀម ស្រីណុច ក្នុងនាមនាងក៏ធ្លាប់ជាមនុស្សមហាជនម្នាក់ដែរនោះ នាងគ្រាន់តែចង់ដាស់តឿនដល់ប្អូនៗមួយចំនួនដែលគិតអ្វីដែលខុសឆ្គង គួរងាកមកគិតពីប្រទេសជាតិវិញ ហើយនាងសសើរ និងឲ្យតម្លៃចំពោះបុគ្គលរូបនោះ ។
យ៉ាងណានាងបញ្ជាក់ថា នាងក៏សូមសសើរដល់ប្អូនយុវវ័យសម័យនេះ ដែលចេះការពារជាតិ ហើយនៅពេលដែលបានឃើញទិដ្ឋភាពនេះ នាងពិតជារំភើប និងគោរពសសើរចំពោះប្អូនៗនាពេលបច្ចុប្បន្ននេះ ពិតជាក្លាហាន ៕

ចែករំលែកព័តមាននេះ