ខេត្តកំពង់ឆ្នាំង ៖ ការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី១២ មករា នៅស្រុកបរិបូណ៌ ដោយសារតែមន្ត្រីសុរិយោដីខេត្ត និងស្រុក រួមទាំងអភិបាលស្រុកផង បានអះអាងថាពេលថតរូបភាពលើដីដែលត្រូវវាស់ជាមួយក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីចែកជូនប្រជាពលរដ្ឋនៅចំណុចត្រពាំងស្តូប ស្ថិតក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ស្រាប់តែមានជាប់រូបដូចមនុស្សក្រៅភព ឬមនុស្សពិភពផ្កាយចំនួន៣ប៉ុស្តិ៍ ក្នុងចំណោមរូបជាច្រើនប៉ុស្តិ៍ដែលបានថត។ ថ្វីបើមានការភ្ញាក់ផ្អើលបែបនេះ តែវាបានបង្ហាញជាការច្នៃរូបថតប៉ុណ្ណោះ ប៉ុន្តែវាស្ថិតនៅត្រង់ថា តើចង់មានន័យបែបណាទើបបង្កើតរូបបែបនេះ ។
ទោះជាយ៉ាងណា រូបថតចំនួន១ប៉ុស្តិ៍ក្នុងចំណោមរូបថតទាំង៣ប៉ុស្តិ៍ត្រូវបានគេឃើញបង្ហោះក្នុងហ្វេសប៊ុក នៅល្ងាចថ្ងៃទី១៤ មករា ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលជាថ្មីទៀត ប៉ុន្តែគេបានលុបចេញវិញបន្ទាប់ពីបង្ហោះបានប្រហែល២ម៉ោង ។ ភ្នាក់ងារសារព័ត៌មានកោះសន្តិភាពបានព្យាយាមតាមប្រមាញ់ក្នុងករណីភ្ញាក់ផ្អើលដោយសារថតជាប់រូបមនុស្សក្រៅភពពីម្ចាស់ដើមដែលបានបង្ហោះរូបភាពនោះ ។
លោកហ៊ើង ពុទ្ធារិទ្ធ ប្រធានការិយាល័យស្តីទីនៃភូមិបាលស្រុកបរិបូណ៌និយាយថា លោកពុំបានបង្ហោះរូបភាពនេះទេ ប៉ុន្តែលោកបានឃើញរូបនេះមែន គឺលោកលី សុភា មន្ត្រីសុរិយោដីជាអ្នកថត ខណៈទៅថតដីនៅចំណុចនោះជាមួយគ្នា ។ លោកបន្តថា លោកមិនបានបង្ហោះរូបនោះទេ មានគេយក«ប្រូហ្វាល់»របស់លោកប្រើ។ គាត់បានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១២ មករា រូបលោក និងមន្ត្រីសុរិយាដីខេត្ត និងលោកអភិបាលស្រុក បានចុះទៅពិនិត្យដីនៅចំណុចត្រពាំងស្តូប ហើយរូបលោកក៏ដូចជា លោកលី សុភា មន្ត្រីសវិញបើកមើលស្រាប់តែឃើញរូបមនុស្សចម្លែកដូចមនុស្សក្រៅភពជាប់ក្នុងទូរស័ព្ទរបស់លោកលី សុភា ចំនួន៣ប៉ុស្តិ៍ ក្នុងចំណោមរូបដែលថតជាច្រើនប៉ុស្តិ៍ទៀត ។
លោកឃួន សៅរុំ អភិបាលស្រុកបរិបូណ៌បានប្រាប់ថា លោកបានចូលរួមពិនិត្យស្ថានភាពដីនៅចំណុចត្រពាំងស្តូបដែលនឹងត្រូវវាស់ជូនប្រជាពលរដ្ឋជាមួយគេដែរ ។ នៅពេលចប់កិច្ចការនាំគ្នាដើរត្រឡប់មកវិញបានប្រហែល៣ទៅ៤រយម៉ែត្រ លោកលី សុភា បានបើកទូរស័ព្ទដៃរបស់លោកមើលរួចនិយាយថា «បងនៅកន្លែងហ្នឹង ម៉េចមានអមនុស្សអីុចឹង? គាត់ក៏សុំរូបនោះមើលឃើញថា ពិតជាដូចមនុស្សក្រៅភពមែន គាត់បានសួរបញ្ជាក់ប្អូនឯងបញ្ចូលរូបអីទេដឹង? ឈ្មោះសុភា បានបញ្ជាក់រូបគេមិនចេះធ្វើរូបអីទេ។ គាត់ពិតជាបានឃើញរូបភាពចម្លែកនោះចំនួន២ប៉ុស្តិ៍នៅក្នុងទូរស័ព្ទដៃទំនើបរបស់ឈ្មោះសុភា នោះមែន និងបានសុំថតចម្លងចំនួន២ប៉ុស្តិ៍ទៀតផង ។ លោកបានបញ្ជាក់ជាចុងក្រោយថាលោកដូចជាស្ទាក់ស្ទើរក្នុងចិត្តជឿបន្តិចមិនជឿបន្តិច ប៉ុន្តែសម័យនេះទៅហើយមានខ្មោចព្រាយពីណាទៀត? ប៉ុន្តែបើសម័យកុំព្យូទ័រអាចថា គេចេះកាត់តម៉េចមិនដឹង ។
លោកលី សុភា មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបានប្រាប់តាមទូរស័ព្ទថា លោកបានថតរូបភាពក្នុងទូរស័ព្ទដៃរបស់លោកម៉ាកសាំស៊ុង ហ្គាឡាក់ស៊ី នៅលើដីដែលត្រូវវាស់នោះប្រមាណជាង១០ប៉ុស្តិ៍ ពេលដើរត្រឡប់មកវិញបានប្រមាណជាង៤០០ម៉ែត្រ បើកមើលស្រាប់តែឃើញរូបចម្លែកនោះចំនួន៣ប៉ុស្តិ៍ពិតមែន ។ លោកថា ពេលថតនោះមិនឃើញអ្វីទេ ហើយបើឃើញវិញប្រហែលជារត់បាត់ទៅហើយ ។ លោកបានបញ្ជាក់ដែរថា រឿងនេះពិតជាចម្លែកចំពោះលោក ប៉ុន្តែលោកបាននិយាយថា កុំយកចុះកាសែតអីនាំឱ្យផ្អើល ។ ពាក់ព័ន្ធលើដីចំណុចខាងលើនេះ លោកបញ្ជាក់ថា មានទំនាស់ខ្លះដែរក្នុងការរៀបចំវាស់ ប៉ុន្តែមិនធំដុំទេ ។
ពាក់ព័ន្ធករណីខាងលើនេះ ភ្នាក់ងារកោះសន្តិភាពបានសុំរូបថតដែលមានគេថតចម្លងបានពីក្នុងហ្វេសប៊ុកដែលមានរូបមិនសូវច្បាស់ និងមានសរសេរអក្សរខ្មែរថា ជារូបលោកហើុង ពុទ្ធារិទ្ធ អនុប្រធានការិយាល័យសុរិយោដីស្រុកបរិបូណ៌ជាអ្នកថតបាននៅទូរស័ព្ទដៃរបស់លោកម៉ាកអាយហ្វូន ។ ចុងក្រោយខ្លឹមសារដាក់ថា សូមឱ្យទាំងអស់គ្នាធ្វើការពិចារណា ហើយខ្ញុំក៏មិនសន្និដ្ឋានថាយ៉ាងម៉ែចដែរ គ្រាន់តែប្រាប់ថា ប្រសិនបើយើងជឿលើអ្វីមួយដោយខ្វះការពិចារណានោះងាយនឹងធ្លាក់ទៅក្នុងការបោកប្រាស់ ។
ចំពោះរូបដែលយកចេញពីក្នុងហ្វេសប៊ុក គឺរូបដូចមនុស្សក្រៅភព មានក្បាលធំ ភ្នែកធំ គ្មានសក់ មានដៃ៤ នៅដៃមានម្រាម៣ និងជើង២។ ចំណែករូប២ទៀត ដែលកោះសន្តិភាពបានសុំបន្តពីម្ចាស់ទូរស័ព្ទ គឺលោក លី សុភា ក្នុងនោះរូបមួយមានថតជាប់ព្រៃនៅកន្លែងផ្សេងគ្នាពីក្នុងរូបហ្វេសប៊ុក ប៉ុន្តែរូបមនុស្ស គឺដូចគ្នាដែរ ។ ដោយឡែករូបទី៣ គឺមានវាលស្មៅមិនជាប់ផ្លូវរទេះមានរូបដូចមនុស្សក្រៅភពមានក្បាលធំ ភ្នែកធំ ប៉ុន្តែខុសត្រង់មានដៃតែ២ ប៉ុន្តែវែងជាងជើង គឺដើរនឹងដៃមានម្រាម៣ ។ ជួបជាមួយអ្នកជំនាញថតរូប ផ្តិតរូប និងកាត់តរូបភាពនៅខេត្តកំពង់ឆ្នាំងម្នាក់ដែលលោកសុំមិនបញ្ចេញឈ្មោះបាននិយាយថា រូបភាពទាំងនេះ គឺជារូបភាពច្នៃប្រឌិត និងមិនជឿបន្តិចសោះឡើយ ។ ទោះជាយ៉ាងណា ព័ត៌មានខាងលើនេះ គឺមិនបានបំផុសឱ្យមានបញ្ហាឡើយ គឺជាការបកស្រាយខុសគ្នារវាងគ្នានិងគ្នាតែប៉ុណ្ណោះ ជឿឬមិនជឿអាស្រ័យលើការពិចារណា ៕
ចែករំលែកព័តមាននេះ