ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ជុង​អ៊ុ​ន រំភើប​យ៉ាង​ខ្លាំង ក្រោយ​ទស្សនាការ​ប្រគំ​តន្ត្រី​

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន និង​ភរិយា​កាលពី​ថ្ងៃ​ទី​១ មេ​សា បាន​ទស្សនាការ​ប្រគំ​តន្ត្រី​របស់​សិល្បករ​កូរ៉េ​ខាងត្បូង​នៅ​ក្រុង​ព្យុ​ង​យ៉ាង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​១​ទស​វត្ស​មក​ហើយ ។ ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ​ខាងជើង KCNA…

ប្រទេស​កូរ៉េ​ទាំង​២ ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន និង​ភរិយា​កាលពី​ថ្ងៃ​ទី​១ មេ​សា បាន​ទស្សនាការ​ប្រគំ​តន្ត្រី​របស់​សិល្បករ​កូរ៉េ​ខាងត្បូង​នៅ​ក្រុង​ព្យុ​ង​យ៉ាង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​១​ទស​វត្ស​មក​ហើយ ។

ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ​ខាងជើង KCNA រាយការណ៍​នា​ថ្ងៃ​ទី​២ មេ​សា ថា លោក​គី​ម ជុងអ៊ុ​ន និង​ភរិយា​នា​យប់​ថ្ងៃ​ទី​១ មេ​សា បាន​ទស្សនាការ​ប្រគំ​តន្ត្រី​ដ៏​កម្រ​មួយ​របស់​ក្រុម​សិល្បករ​កូរ៉េ​ខាងត្បូង ។ លោក​គី​ម ជុង​អ៊ុ​ន បាន​ទទួល​យ៉ាង​កក់ក្តៅ​ចំពោះ​ក្រុម​សិល្បៈ​នេះ ហើយ​សម្តែង​ក្តី​រីករាយ និង​សរសើរ​ក្រោយ​ការ​ប្រគំ​តន្ត្រី​មានឈ្មោះ​ថា «​និទាឃ​រដូវ​មក​ដល់​» ។

លោក​គី​ម ជុង​អ៊ុ​ន ថ្លែង​ថា ខ្ញុំ​ពិតជា​រំភើប​ខ្លាំង​ណាស់​ពេល​ឃើញ​ប្រជាជន​យើង​យល់​ច្បាស់​ពី​វប្បធម៌​ប្រជាប្រិយ​កូរ៉េ​ខាងត្បូង ហើយ​លោក​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ។
ការ​ប្រគំ​តន្ត្រី​នេះ​ធ្វើ​ឡើង​ពេល​កំពុង​មាន​ភាព​ធូរស្រាល​នៅ​ឧបទ្វីប​កូរ៉េ​ក្រោយ​រយៈពេល​២​ឆ្នាំ​នៃ​ភាព​តានតឹង​បំផុត​ដោយសារ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង ។

ក្រុម​សិល្បករ​កូរ៉េ​ខាងជើង​មាន​គ្នា​១២០​នាក់ ក្នុង​នោះ​រួម​មាន​ពួក​តារា K-POP តំណាង​ដោយ​សិល្បករ​១១​ក្រុម ពួក​អ្នក​រាំ និង​ពួក​អ្នកបច្ចេកទេស​មក​ដល់​ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​៣១ មីនា បាន​សម្តែង​ទស្សនីយភាព​នៅ​មុខ​ជន​លេខ​មួយ​កូរ៉េ​ខាងជើង និង​ភរិយា ប្អូនស្រី​របស់​លោក ព្រមទាំង​លោក KIM YONGNAM ប្រមុខរដ្ឋ​ជា​តំណែង​កិ​តិ្ត​យស ។
ក្នុង​រោង​មហោស្រព​ធំ PYONGYANG EST មាន​សមត្ថភាព​ទទួល​មនុស្ស​១.៥០០​នាក់ លោក​គី​ម ជុង​អ៊ុ​ន និង​ភរិយា​បាន​សម្តែង​ការ​ស្វាគមន៍​ដល់​បណ្តា​សិល្បករ ហើយ​ទះដៃ​អបអរសាទរ​ជា​ច្រើន​លើក​ក្នុង​ពេល​សម្តែង​រយៈពេល​២​ម៉ោង ។

នៅ​មុខ​បណ្តា​អ្នកកាសែត​ប្រមុខ​គណៈប្រតិភូ​កូរ៉េ​ខាងត្បូង លោក DO JONG HWAN បាន​សរសើរ​ថា លោក​គី​ម ជុង​អ៊ុ​ន មានការ​រំភើប​ខ្លាំង​ចំពោះ​បណ្តា​បទ​ចម្រៀង និង​ខ្លឹមសារ​ពេល​ប្រគំ​តន្ត្រី ។

ចំណែក​ក្រុម​កីឡាករ​តៃ​ក្វា​ន់​ដូ កូរ៉េ​ខាងត្បូង​នា​ថ្ងៃ​ទី​១ មេ​សា នោះ​បាន​បង្ហាញ​ក្បាច់​គុណ​នៅ​មុខ​មនុស្ស​២.៣០០​នាក់ មុន​ពេល​រក​សិស្ស​ទាំងឡាយ​សម្រាប់​កីឡា​នេះ នៅ​កូរ៉េ​ខាងជើង​នា​ថ្ងៃ​ទី​២ មេ​សា ។

នា​ថ្ងៃ​ទី​៣ មេ​សា បណ្តា​សិល្បករ​កូរ៉េ​ខាងត្បូង​នឹង​សម្តែង​រួម​គ្នា​ជាមួយ​បណ្តា​សិល្បករ​កូរ៉េ​ខាងជើង​នៅ​ទីតាំង​ហាត់ប្រាណ RYOGYONG JONG JU YONG ដែល​អាច​ទទួល​ទស្សនិកជន​បាន​១២.០០០​នាក់ ។

ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នៅ​កូរ៉េ​ខាងត្បូង​ជា​ឱកាស​ជំរុញ​ឱ្យ​មាន​ភាព​ធូរស្រាល​ខ្លាំង​យ៉ាង​ឆាប់រហ័ស​រវាង​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង ។ លោក​គី​ម ជុង​អ៊ុ​ន បាន​បញ្ជូន​​កីឡាករ​អត្តពលកម្ម​ទាំងឡាយ ព្រមទាំង​ក្រុម​នារី POM-POM GIRLS ព្រមទាំង​ប្អូនស្រី​ពៅ​លោក​មក​កាន់​កូរ៉េ​ខាងត្បូង ។ ក្រោយ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ខាង​ការទូត​ជា​ច្រើន​នាំ​ឱ្យ​មាន​សំណើ​នៃ​ការ​ជួប​គ្នា​កំពូល​រវាង​កូរ៉េ​ទាំង​២ ព្រមទាំង​សំណើ​ជួប​គ្នា​កំពូល​រវាង​ក្រុង​ព្យុ​ង​យ៉ាង និង​ក្រុង​វ៉ា​ស៊ី​ន​តោន ។ ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​លើក​ទី​៣ និង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៧ មេ​សា នៅ​ភូមិ​ប៉ាន​មុន​ហ្សូ​ម ។ ផ្ទុយ​ទៅ​វិញ​ពុំ​ទាន់​មាន​កាលបរិច្ឆេទ​កំណត់​សម្រាប់​ការ​ជួប​គ្នា​រវាង​ប្រធានាធិបតី​អា​េ​ម​រិ​ក លោក​ដូ​ណា​ល់ ត្រាំ និង​លោក​គី​ម ជុង​អ៊ុ​ន នៅឡើយ ខណៈ​កាលពី​ស​ប្តា​ហ៍​មុន លោក​គី​ម ជុង​អ៊ុ​ន បាន​មក​កាន់​ក្រុង​ប៉េ​កាំ​ង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង ។

សញ្ញា​នៃ​ភាព​ធូរស្រាល​មួយទៀត គឺ​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ​របស់​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​មេ​រិ​ក​ដែល​ចាប់ផ្តើម​នា​ថ្ងៃ​ទី​១ មេ​សា ដែល​រាល់​ឆ្នាំ​នាំ​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​ក្តៅ​ក្រហាយ​ខ្លាំង ត្រូវ​បាន​កាត់​បន្ថយ​ពេល​ធ្វើ​ត្រឹមតែ​១​ខែ ។ ឆ្នាំ​នេះ​សម្ព័ន្ធមិត្ត​ទាំង​២​ផ្អាក​ដាក់​ពង្រាយ​បណ្តា​អាវុធ​យុទ្ធសាស្ត្រ ចំណែក​លោក​គី​ម ជុង​អ៊ុ​ន អះអាង​ថា លោក​យល់​ពី​សេចក្តី​ត្រូវការ​របស់​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ី​ន​តោន​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា​ទាំង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ