ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​តាំងពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជំនួញ​រវាង​ប្រទេស​ចិន និង​កម្ពុជា ជួយ​ពង្រីក​ទីផ្សារ​សហគ្រាស​ចិន និង​កម្ពុជា ព្រមទាំង​ដាក់​តាំង​បង្ហាញ​ផលិតផល​គុណភាព​ល្អ​របស់​ប្រទេស​ទាំង​ពីរ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ពិព័រណ៍​ស្តី​ពី ពិព័រណ៍​ចិន​-​អាស៊ាន​ឆ្នាំ​២០១៨ លើក​ដំបូង​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជំនួញ​រវាង​ប្រទេស​ចិន និង​កម្ពុជា ជួយ​ពង្រីក​ទីផ្សារ​សហគ្រាស​ចិន និង​កម្ពុជា ព្រមទាំង​ដាក់​តាំង​បង្ហាញ​ផលិតផល​គុណភាព​ល្អ​របស់​ប្រទេស​ទាំង​ពីរ កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ការ​រៀបចំ​ពិព័រណ៍​ស្តី​ពី ពិព័រណ៍​ចិន​-​អាស៊ាន​ឆ្នាំ​២០១៨ លើក​ដំបូង​នៅ​កម្ពុជា ។

លោក​ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​ខ្មែរ​-​ចិន​នៅ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ពិព័រណ៍​កម្ពុជា​នៃ​ពិព័រណ៍​ចិន​-​អាស៊ាន នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ថា ពិព័រណ៍​នេះ​មាន​ស្តង់​សរុប​ចំនួន​៤៤០​បាន​ចូលរួម​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​របស់​ខ្លួន ក្នុង​នោះ​ក្រុមហ៊ុន​ភាគច្រើន គឺជា​ក្រុមហ៊ុន​ថ្នាក់​ជាតិ​របស់​ប្រទេស​ចិន និង​ជា​ក្រុមហ៊ុន​ចិន​មក​ពី​បណ្តា​ខេត្ត​-​ក្រុង​ជាង​២០ ព្រមទាំង​ក្រុមហ៊ុន​ល្បី​ៗ​នៅ​កម្ពុជា ។

លោក​បញ្ជាក់​ថា ៖« ការ​តាំងពិព័រណ៍​មាន​លក្ខណៈ​ពិសេស សកម្មភាព​ពាណិជ្ជកម្ម​សម្បូរ បែប ។ ក្រៅពី​ការ​តាំង​បង្ហាញ​ផលិតផល និង​បច្ចេកទេស សេវាកម្ម ក៏​មានការ​រៀបចំ​ជា​សិក្ខាសាលា​វិនិយោគ​កម្ពុជា​, ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ វេទិកា​ជំនួប​ពាណិជ្ជកម្ម និង​បច្ចេកទេស ជាដើម » ។
លោក​បន្ត​ថា កម្ពុជា​ជា​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច មាន​ស្ថិរភាព​នយោបាយ​ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជា​សមាជិក​ស្ថាបនិក​របស់​ធនាគារ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី និង​ជា​ប្រទេស​សំខាន់​មួយ​នៅ​តាម​បណ្តោយ​វិ​ថី​សូត្រ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ប្រទេស​ចិន ហើយ​ក៏​ជា​ប្រទេស​មួយ​មាន​គោលនយោបាយ​វិនិយោគ​បើក​ទូលាយ​ជាងគេ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន និង​មាន​តម្រូវការ​ខ្លាំង​សម្រាប់​ការ​វិនិយោគ​ពី​បរទេស​ផង​ដែរ ។

លោក ស្យុ​ង ប៉ូ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា ក្រោម​ការ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​យើង​ទាំង​ពីរ ជំនឿ​ទុកចិត្ត​ខាង​នយោបាយ​រវាង​ចិន​និង​កម្ពុជា បាន​ត្រូវ​ពង្រឹង​ជា​រៀងរាល់ថ្ងៃ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្សារ​ភ្ជាប់​ជាមួយ​គ្នា​កាន់តែ​ឆាប់រហ័ស កិច្ចសហការ​លើ​គ្រប់​វិស័យ​កាន់តែ​ស៊ីជម្រៅ​ដោយ​ឥត​ឈប់​ឈរ កិច្ចសហការ​ក្នុង​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​ទទួល​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា ។ តាម​ស្ថិតិ​របស់​ភាគី​ចិន ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន និង​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​ជាង​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ចំនួន​នេះ​បាន​សម្រេច​ទៅ​តាម​គោលដៅ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ចិន និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ឡើង​ដល់​៥​ពាន់​៧​រយ​៩០​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​បាន​កើនឡើង​២១,៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។ រហូត​មក​ដល់​ចុងឆ្នាំ​២០១៧ ប្រទេស​ចិន​បាន​បណ្តាក់ទុន​វិនិយោគ​តាម​គ្រប់​រូបភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ចំនួន​ជិត​៨​ពាន់​លាន​ដុល្លារ
អា​មេ​រិ​ក ។

បើ​តាម​ស្ថិតិ​របស់​ភាគី​កម្ពុជា​បានឱ្យ​ដឹង​ថា ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​១​របស់​កម្ពុជា ហើយ​ក៏​ជា​ប្រទេស​ដែល​បាន​បណ្តាក់ទុន​វិនិយោគ​ច្រើន​ជាងគេ​បង្អស់​របស់​កម្ពុជា ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់​គ្នា ។ នៅ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​មក​ប្រទេស​កម្ពុជា បាន​កើនឡើង​ដល់​ទៅ​១​លាន​២​សែន​១​ម៉ឺន​នាក់ គឺ​កើនឡើង​ជិត​៤៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ហើយ​ចិន​បាន​ក្លាយទៅជា​ប្រទេស​ប្រភព​ទេសចរ​អន្តរជាតិ​ច្រើន​ជាងគេ​របស់​កម្ពុជា ។

ក្រៅពី​នេះ ប្រទេស​យើង​ទាំង​ពីរ​ក៏​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​អគ្គិសនី កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម ដែល​បាន​រួម​វិភាគទាន​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​អភិវឌ្ឍន៍​ទៅ​មុខ និង​បាន​ចូលរួម​កែ​លម្អ​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ។

លោក​បន្ត​ថា ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ទី​១​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នៃ​មហាសន្និបាត​លើក​ទី​១៩ របស់​បក្សកុម្មុយនិស្ត​ចិន និង​ជា​ឆ្នាំ​គម្រប់​ខួប​ទី​៤០​របស់​ប្រទេស​ចិន​ក្នុង​ការ​បើកចំហ និង​កែទម្រង់ ហើយ​ក៏​ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​កម្ពុជា ផង​ដែរ ។
លោក​បញ្ជាក់​ថា ៖« យើងខ្ញុំ​មាន​ទឹកចិត្ត​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ដោយ​បាន​រួម​ជាមួយ​ភាគី​កម្ពុជា ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​ផ្ដល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​កាន់តែ​ស៊ីជម្រៅ​ថែម​មួយ​កម្រិត​ទៀត​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ការ​វិនិយោគទុន និង​ទេសចរណ៍ ជាដើម ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ចិន និង​កម្ពុជា ទទួល​បាន​នូវ​កា​រវិ​វ​ឌ្ឍ​ទៅ​មុខ​ឥត​ឈប់​ឈរ » ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​លើក​ឡើង​ថា ឆ្នាំ​២០១៨​នេះ ក៏​ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​១៥​របស់​ប្រទេស​ចិន និង​អាស៊ាន ដែល​បាន​បង្កើត​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ និង​ជា​ខួប អនុស្សាវរីយ៍​លើក​ទី​១៥ នៃ​ដំណើរការ​ពិព័រណ៍​ចិន​-​អាស៊ាន​ផង​ដែរ ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា ជា​ប្រទេស​កិត្តិយស​នៃ​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥​ផង​ដែរ ។ ប្រទេស​ចិន​សូម​វាយតម្លៃ​យ៉ាង​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា ដែល​បាន​រួម​វិភាគទាន​ដ៏​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​កិច្ចសហការ​ចិន និង​អាស៊ាន អភិវឌ្ឍន៍​ទៅ​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ