ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បង្ហាញ​ពី​គោលនយោបាយ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត​ខែកក្កដា​២០១៨

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឬ​ហៅ​កាត់​ថា (GDP) បាន​ប្រកាស​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដោយ​គណបក្ស​នឹង​ធ្វើការ​កសាង​សមត្ថភាព និង​គុណភាព…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឬ​ហៅ​កាត់​ថា (GDP) បាន​ប្រកាស​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដោយ​គណបក្ស​នឹង​ធ្វើការ​កសាង​សមត្ថភាព និង​គុណភាព ដើម្បី​បង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន «​ជា​ជម្រើស​ថ្មី និង​ជា​ក្តី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​» តែ​យ៉ាងណាមិញ​មេដឹកនាំ​គណបក្ស​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​ថា​នឹង​មាន​បេក្ខជន​ឈរឈ្មោះ​នៅ​មណ្ឌល​រាជធានី ឬ​ខេត្ត​-​ក្រុង​ប៉ុន្មាន​នៅឡើយ​ទេ ។

លោក បណ្ឌិត យ៉ង សាំ​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​លើក​ឡើង​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្មី​ៗ​នេះ​ថា ៖ «​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន បាន​ចាប់អារម្មណ៍​លើ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​» ។ លោក​បាន​ឲ្យ​ដឹង​ថា គណបក្ស​នេះ​បាន​កើតឡើង​កាលពី​ខែសីហា ឆ្នាំ​២០១៥ ក្រោម​ការ​ជ្រោមជ្រែង​ពី​ក្រុម​បណ្ឌិត​មួយ​ចំនួន​រួម​ទាំង លោក​បណ្ឌិត កែម ឡី​ផង ។ លោក​បាន​បន្ត​ទៀត​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​កន្លង​មក​បាន​ចូលរួម​សកម្មភាព​នយោបាយ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ បាន​ទទួល​សម្លេង​៣​ឃុំ ស្មើនឹង​៥​អាសនៈ ។ សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កំពុង​បំពេញការងារ​ជួយ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ ក្នុង​រយៈពេល​២​ឆ្នាំ​នេះ គណបក្ស​បាន​កសាង​នូវ​គណបក្ស​ដោយ​ផ្អែក​លើ​មូលដ្ឋាន ដើម្បី​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ថា គណបក្ស​របស់​លោក​ជា​ជម្រើស​ថ្មី​សម្រាប់​ពលរដ្ឋ​គ្រប់​រូប ។ លោក​បាន​អះអាង​ថា គោលនយោបាយ របស់​គណបក្ស (​គ​.​ប​.​ម​) ដែល​គណបក្ស​កំពុង​កសាង​ទី​១ – គុណ​តម្លៃ ទី​២- មាន​គោលការណ៍ ទី​៣-​មាន​គោលបំណង​វែង​ឆ្ងាយ និង​ទី​៤- គោលនយោបាយ ។

ចំពោះ​គោលនយោបាយ​មាន​ចំណុច​ចំនួន​៥ ដែល​បាន​ផ្តោត​លើ​វិស័យ​សំខាន់​ៗ​ដែល​ទាក់ទង​នឹង​ជី​វិភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រចាំ​ថ្ងៃ ។ កាលពី​ចុងខែ​កុម្ភៈ ២០១៨ (​គ​.​ប​.​ម​) នេះ​កម្មវិធី​ផ្សាយ​ផ្ទាល់​ពី​កម្មវិធី​សមាជ​បោះ​ឆ្នោត​ជ្រើសរើស​លេខ​រៀង​បេក្ខជន តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រចាំ​មណ្ឌល​ភ្នំពេញ ដើម្បី​ត្រៀម​ចូលរួម​បោះ​ឆ្នោតជាតិ​ខាង​មុខ ។ អ្នកចូលរួម​ប្រហែល​១០​នាក់​មក​ពី​ភ្នំពេញ កំពង់ស្ពឺ កំពត​តាកែវ ស្វាយ​រៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង រតនគីរី បន្ទាយ​មាន​ជ័យ សៀមរាប និង​កំពង់ធំ ។ នៅ​ក្នុង​សមាជ​គណបក្ស​មន្ត្រី (​គ​.​ប​.​ម​) បាន​លើក​ឡើង​ថា នេះ​សមាជ​ប្រវត្តិសាស្ត្រ​មួយ​របស់​គណបក្ស​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​បេក្ខជន​នៅ​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ធ្វើ​សមាជ​ជ្រើសរើស​លំដាប់​លេខ​រៀង​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​បញ្ជី​បេក្ខជន​សម្រាប់​ឈរឈ្មោះ បោះ​ឆ្នោត​តំណាងរាស្ត្រ មណ្ឌល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅ​ក្នុង​ខណ្ឌ​សែន​សុខ ។

គួរ​បញ្ជាក់​លោក យ៉េ​ង វិ​រិៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ថ្លែង​ថា សមាជ​នេះ គឺជា​សកម្មភាព​ថ្មី​មួយទៀត​ដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​បង្ហាញ​ឲ្យ​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ​អ្នកគាំទ្រ​ទាំង​នៅ​ក្នុងស្រុក និង​នៅ​នាយ​សមុទ្រ​រួម​ទាំង​សហគមន៍​អន្តរជាតិ បានឃើញ​ពី​ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស គោលការណ៍​សមាជិក​ធិ​បតី គោលការណ៍​ប្រជាធិបតេយ្យ​ពីក្រោម​ពីក្រោម​ទៅ​លើ និង​ទទួលខុសត្រូវ​ពីលើ​មក​ក្រោម ។ លោក​បន្ត​ថា សមាជ​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ នៅ​ក្នុង​ប្រវត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បេក្ខជន​តំណាងរាស្ត្រ​ត្រូវ​បាន​រើស​ដោយ​ការ​បោះ​ឆ្នោត ហើយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​អនុវត្ត​ត​នៅ​គោលការណ៍​សមាជិក​ធិ​បតី ។ ហើយ​ការ​បោះ​ឆ្នោត​ជ្រើសរើស​លំដាប់​លេខ​រៀង​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​សម្រាប់​ដាក់​នៅ​ក្នុង​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ ដើម្បី​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។ ហើយនឹង​មានការ​រៀបចំ​បែប​នេះ​នៅ​២៤​មណ្ឌល​ខេត្ត​-​ក្រុង ។

លោក យ៉េ​ង វិ​រៈ បាន​បញ្ជាក់​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​អនុវត្ត​គោលការណ៍​សមាជិក​ធិ​បតី​គោលការណ៍​ប្រជាធិបតេយ្យ ពីក្រោម​ទៅ​លើ​មាន​ន័យ​ថា សមាជិក​ជា​អ្នក​រើស​បេក្ខជន​ថ្នាក់ដឹកនាំ​បក្ស និង​រើស​បេក្ខជន​តំណាងរាស្ត្រ បេក្ខជន​តំណាងរាស្ត្រ​ជា​អ្នក​រើស​បេក្ខជន​នាយក​រដ្ឋមន្ត្រី ។ នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​បំពេញការងារ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​បេក្ខជន​តំណាងរាស្ត្រ ហើយ​បេក្ខជន​តំណាងរាស្ត្រ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ប្រតិភូ​តំណាង​សមាជិក និង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ជ ។

ជា​លទ្ធផល​លំដាប់​លេខ​រៀង​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​បញ្ជី​បេក្ខជន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សម្រាប់​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ គឺ​លំដាប់​លេខ​រៀង​ទី​១-​លោក​សាម អ៊ី​ន ទី​២- លោក​ខាត សុធី ទី​៣- អ្នកស្រី ឡុ​ង កញ្ញា ទី​៤- លោក​ហេង សំ​អ៊​ន ទី​៥- លោក​សែន ចាន់​គ្រី ទី​៦- លោក​លី សុ​ភ័ក្ត្រ ទី​៧- អ្នកស្រី ញ៉ែ​ម ស្រី​ឌី ទី​៨- លោក​ធួ​ក បូ​ណា ទី​៩- លោក​លី​ន គឹ​ម​ឆែ ទី​១០- លោក​សេង រង្សី និង​ទី​១១-​លោក​ស៊ា​ង វ៉ា ។

លោក​ហង្ស ពុទ្ធា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ថ្លែង​ថា គជ​ប​នឹង ចាប់​ទទួល​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ហើយ​ការ​ចុះ​ឈ្មោះ​នេះ​មាន​រយៈពេល​១៥​ថ្ងៃ ។ លោក​ថា​គជ​ប មិន​ទាន់​ដឹង​ថា មាន​គណបក្ស​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​នឹង​ចូលរួម ។ លោក​បាន​លើក​ឡើង​ថា គជ​ប​នឹង​សហការ​ជាមួយ​ស្ថានទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​ជូនដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត មក​បោះ​ឆ្នោត​ទាំងអស់​គ្នា​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​២០១៨​ខាង​មុខ ។ លោក​ថា ៖ «​គជ​ប​មិន​ដែល​បដិសេធន៍​ចំពោះ​សិទ្ធិ​ពលរដ្ឋ​ចំណាកស្រុក​នោះ​ទេ​» ។ លោក​ថា គជ​ប​មាន​តួនាទី​ក្នុង​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​មាន​ភាព​ត្រឹមត្រូវ យុត្តិធម៌ និង​ទទួលយក​បាន​ទាំងអស់​គ្នា​ដូច​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខែមិថុនា ២០១៧ ។

លោក​បាន​លើក​ឡើង​ថា ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ និង​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ ជាង​៨,៣​លាន​ប្រមាណ​៨៤%​នៃ​ចំនួន​អ្នក​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ថ្ងៃ​ទី​២៩ ខែកក្កដា​២០១៨ ខាង​មុខ ។

យ៉ាងណាមិញ លោក បណ្ឌិត យ៉ង សាំ​កុមារ នៅ​ថ្ងៃ​ទី​២៦ ខែមីនា​នេះ បាន​សរសេរ​លើ​ផេ​ករប​ស់លោ​កថា នៅ​ពេល​សម្រេចចិត្ត​ទៅ​បោះ​ឆ្នោត សូម​ប្រជាពលរដ្ឋ​ធ្វើការ​សិក្សា​ឲ្យ​ច្បាស់​អំពី​គណបក្ស​នយោបាយ ក្នុង​នោះ​ផ្តោត​លើ​គោលនយោបាយ ដែល​គណបក្ស​នីមួយ​ៗ​បាន​សន្យា និង​បេក្ខជន​ឈរឈ្មោះ ហើយ​ជា​ពិសេស​ទៀត តើ​គណបក្ស​ណា​មាន​គោលការណ៍ និង​យន្តការ​ច្បាស់លាស់ ដែល​ធានា​ឲ្យ​ប្រជាពលរដ្ឋ​ជា​សមាជិក អាច​ដក​តំណាងរាស្ត្រ នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​មុន​អាណត្តិ ក្នុង​ករណី​បំពេញការងារ​មិន​បាន​ល្អ ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​ជម្រើស​ថ្មី​មួយ ដែល​មាន​គោលការណ៍​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស គឺ​ប្រជាធិបតេយ្យ​ពីក្រោម​មក​លើ និង​គណនេយ្យ​ភាព​ពីលើ​មក​ក្រោម​ដោយ​ប្រជាពលរដ្ឋ​ជា​សមាជិក ជា​អ្នកបោះឆ្នោត​រើស​បេក្ខជន​តំណាងរាស្ត្រ ហើយ​បេក្ខជន តំណាងរាស្ត្រ​ជា​អ្នកបោះឆ្នោត​រើស​បេក្ខជន​នាយក​រដ្ឋមន្ត្រី ។ លោក បណ្ឌិត យ៉ង សាំ​កុមារ បញ្ជាក់​ថា ៖ «​អ្នក​ដែល​ជាប់​ជា​បេក្ខជន​តំណាងរាស្ត្រ ត្រូវ​ចុះ​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ​ជា​សមាជិក ហើយ​អ្នក​ដែល​ជាប់​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី ត្រូវ​ចុះ​កិច្ចសន្យា​ជាមួយ​បេក្ខជន​តំណាងរាស្ត្រ ដែល​ក្នុង​កិច្ចសន្យា​នោះ​មាន​យន្តការ​ផ្តល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ជា​សមាជិក ដក​តំណាងរាស្ត្រ និង​តំណាងរាស្ត្រ​ជា​នាយក​រដ្ឋមន្ត្រី​មុន​អាណត្តិ នៅ​ពេល​បំពេញ​តួនាទី​មិន​បាន​ល្អ ។ ជា​សរុប​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជម្រើស​២ គឺ​រើស​យក​ប្រព័ន្ធ​ដូច​បច្ចុប្បន្ន ឬ​ប្រព័ន្ធ​ថ្មី​ដែល​តំណាងរាស្ត្រ​គោរព និង​ទទួលខុសត្រូវ​ចំពោះ​មុខ​រាស្ត្រ ហើយ​នាយក​រដ្ឋមន្ត្រី​គោរព និង​ទទួលខុសត្រូវ​ចំពោះ​មុខ​តំណាងរាស្ត្រ ៕

កែសម្រួលដោយ