ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​មាន​បំណង​បើក​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មាន​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត​ទៅ​លើ​វិស័យ​យោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និង​ទេសចរណ៍ ។ ក្នុង​នោះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នេះ នឹង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មាន​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​បន្ថែម​ទៀត​ទៅ​លើ​វិស័យ​យោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និង​ទេសចរណ៍ ។ ក្នុង​នោះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នេះ នឹង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​របស់​ឥណ្ឌូ​ណេ​ស៊ី ក្នុង​ការ​បើក​ការ​ហោះហើរ​ត្រង់​ពី​ឥណ្ឌូ​ណេ​ស៊ី មក​កម្ពុ​ជានា​ពេល​ខាង​មុខ ។

ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ម្សិលមិញ លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី បាន​បញ្ជាក់​ពី​ជំហរ​ថា រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី នឹង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍របស់​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា កម្ពុជា​កាលពី​៣០​ឆ្នាំ​មុន គឺជា​ប្រទេស​ពុំ​មាន​សេដ្ឋកិច្ច​លូតលាស់​ទេ ក៏​ប៉ុន្តែ​ពេល​នេះ សេដ្ឋកិច្ច​កម្ពុជា​បាន​កើនឡើង​ជាង​៧% និង​បាន​ក្លាយទៅជា​ប្រទេស​មួយ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​៦​នៅ​លើ​ពិភពលោក ហើយ​ការ​រីក​ចម្រើន​នេះ គឺជា​មោទនភាព​មួយ​ដែល​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ​ទាំងមូល​បានដឹង​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជា ។

ពាក់ព័ន្ធ​នឹង​កា​ហោះហើរ​ត្រង់នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គាំទ្រ​យ៉ាង​ខ្លាំង ហើយ​បើ​អាច​ធ្វើ​បាន​កាន់តែ​លឿន គឺ​កាន់តែ​ល្អ ព្រោះ​វា​អាច​លើក​ស្ទួយ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ផង និង​ដើម្បី​ផ្សារ​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​ផង ។
សម្តេច​តេ​ជោ​ថ្លែង​ថា ៖« វា​ជា​ការ​ល្អ​ណាស់​សម្រាប់​ការ​ហោះហើរ​ត្រង់នេះ ហើយ​បើ​អាច​ធ្វើ​បាន​កាន់តែ​លឿន គឺ​កាន់តែ​ល្អ ព្រោះ​វា​អាច​លើក​ស្ទួយ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ផង និង​ដើម្បី​ផ្សារ​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​ផង » ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ឥណ្ឌូ​ណេ​ស៊ី​ផង​ដែរ​ដោយ​បច្ចុប្បន្ន​នេះ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ គឺ​មាន​ភាពល្អ​ប្រសើរ​ទាំង​វិស័យ​យោធា និង​វិស័យ​ផ្សេង​ៗ​ទៀត ក៏​ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​មាន​សក្តានុពល​ត្រូវ​ពង្រីក​បន្ថែម​ទៀត ។
សម្តេច​តេ​ជោ​ក៏​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ពិនិត្យ​មើល​បន្ថែម​ទៀត​លើ​សក្តានុពល​ដែល​ប្រទេស​ទាំង​ពីរ​មាន ជា​ពិសេស​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ​ទេសចរណ៍ និង​កសិកម្ម ជាដើម ។
ទាក់ទង​នឹង​កសិកម្ម សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​ភាគី​ខាង​ឥណ្ឌូ​ណេ​ស៊ី​មក​ពិនិត្យ​មើល​ពី​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា បើ​ឥណ្ឌូ​ណេ​ស៊ី​មក​បណ្តាក់ទុន​លើ​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​លើ​វិស័យ​ស្រូវ​អង្ករ គឺ​អាច​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​នាំ​ចេញ​ទៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នឹង​ចុះថោក ។
ជញ្ជីងពាណិជ្ជកម្ម​ឥណ្ឌូ​ណេ​ស៊ី និង​កម្ពុជា​កាលពី​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់​សរុប​៤៥០​លាន​ដុល្លារ ក្នុង​នោះ​ឥណ្ឌូ​ណេ​ស៊ី​នាំ​ចូល​មក​កម្ពុជា ស្មើ​ទឹកប្រាក់​ជាង​៤០០​លាន​ដុល្លារ ហើយ​នៅ​៤​ខែ​ដើមឆ្នាំ​២០១៧ មាន​កំណើន​១៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។

បើ​តាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​កន្លង​មក​ថា ការ​នាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ឥណ្ឌូ​ណេ​ស៊ី កន្លង​មក​ភាគច្រើន គឺ​សម្លៀក​បំពាក់​, ស្បែកជើង​, កំប៉ុង​អាលុយមីញ៉ូម (Aluminum can), ថ្នាំជក់​, ម៉ាស៊ីនដេរ​, អង្ករ និង​ផលិតផល​ប្លា​ស្ទិ​ក​ជាដើម ។ សម្រាប់​ការ​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មក​កាន់​កម្ពុជា​វិញ រួម​មាន ថ្នាំជក់​, ធ្យូងថ្ម​, គ្រឿងបន្លាស់​កង់ ម៉ូតូ និង​រថយន្ត​, ឱសថ​វេច​ខ្ចប់​, ក្រណាត់​, ក្រដាស​ធម្មតា​, ទូទឹកកក​, កញ្ចក់​, សម្បក​កង់​កៅស៊ូ និង​គ្រឿង​ស្បែក ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ