ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​រៀបចំអ្វីខ្លះ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​អ្នក​លក់ដូរ​ក្នុង​រមណីយដ្ឋាន​អង្គរ​ឲ្យ​ស័ក្តិសម​នឹង​តម្លៃ​របស់​អង្គរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​អ្នក​រកស៊ី​វិស័យ​ទេសចរណ៍ ដែល​តែងតែ​ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម រៀបចំ​អនាម័យ និង​សណ្ដាប់ធ្នាប់​នៅ​តំបន់​ទេសចរណ៍​សំខាន់​ៗ ដូច​ជា​រមណីយដ្ឋាន​អង្គរ​ជាដើម អាជ្ញាធរ​ជាតិ​អប្សរា​បាន​សម្រេច​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​អ្នក​លក់ដូរ​ក្នុង​រមណីយដ្ឋាន​អង្គរ​ឲ្យ​ស័ក្តិសម​នឹង​តម្លៃ​របស់​អង្គរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​អ្នក​រកស៊ី​វិស័យ​ទេសចរណ៍ ដែល​តែងតែ​ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម រៀបចំ​អនាម័យ និង​សណ្ដាប់ធ្នាប់​នៅ​តំបន់​ទេសចរណ៍​សំខាន់​ៗ ដូច​ជា​រមណីយដ្ឋាន​អង្គរ​ជាដើម អាជ្ញាធរ​ជាតិ​អប្សរា​បាន​សម្រេច​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដែល​មាន​សមាសភាព​ពី​អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ខេត្តសៀមរាប កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​ស្ថិត​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ។

លោក សុខ សង្វារ អគ្គនាយករង​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទេសចរណ៍​អង្គរ បាន​ឲ្យ​ដឹង​ថា បេសកកម្ម​ដ៏​សំខាន់​បំផុត​នៃ​គណៈកម្មការ​នេះ គឺ​ធ្វើ​យ៉ាងណា រក្សា​សណ្តាប់ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ ក្នុង​ន័យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កាន់​អង្គរ​កាន់តែ​ច្រើន ជា​ពិសេស​នោះ​គឺ​រក្សា​នូវ​ភាព​ថ្លៃថ្នូរ​របស់​រមណីយដ្ឋាន​អង្គរ ។
លោក​បន្ត​ថា អាជ្ញាធរ​ជាតិ​អប្សរា​មិន​ហាមឃាត់​ទេ​ការ​លក់ដូរ​ក្នុង​រមណីយដ្ឋាន​អង្គរ មាន​តែ​ជំរុញ​ឲ្យ​អ្នកស្រុក​អង្គរ​មានឱកាស​បាន​លក់ដូរ ដើម្បី​បង្កើន​កម្រិតជីវភាព​របស់​ពួក​គាត់​ឲ្យ​កាន់តែ​ច្រើន តែ​ពួក​គាត់​ក៏​ត្រូវ​គិតគូរ​ពី​ភាព​ថ្លៃថ្នូរ​របស់​អង្គរ​ដែរ តាម​រយៈ​ការ​រៀបចំ​ពួក​គាត់​ឲ្យ​លក់ដូរ​តាម​ទីតាំង​សមរម្យ មាន​សណ្តាប់ធ្នាប់ មាន​សុចរិត​ភាព​ក្នុង​អាជីវកម្ម​របស់​គាត់​ជាមួយ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដែល​មក​ទស្សនា​អង្គរ ។

លោក សុខ ថុ​ល នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​លើក​ឡើង​ថា សាលាខេត្ត​សៀមរាប រួម​ទាំង​អាជ្ញាធរ​ដែនដី គាំទ្រ​ទាំងស្រុង​នូវ​ការ​បង្កើត​គណៈកម្មការ​នេះ​ឡើង​។ លោក​ថា ៖« រដ្ឋបាល​ខេត្តសៀមរាប ក៏​ដូច​ជា​អាជ្ញាធរ​ជាតិ​អប្សរា​ដែរ គឺ​ផ្តោត​លើ​សណ្តាប់ធ្នាប់​របៀបរៀបរយ ធ្វើ​យ៉ាងណា ឲ្យ​ខេត្តសៀមរាប ក៏​ដូច​ជា​តំបន់​អង្គរ​ស័ក្តិ​សមជា​តំបន់​បេតិកភណ្ឌ ដែល​កំពុង​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ទេសចរ​អន្តរជាតិ » ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​ថា បញ្ហា​សណ្ដាប់ធ្នាប់ និង​សំរាម គឺជា​សត្រូវ​របស់​ភ្ញៀវ​ទេសចរ ហើយ​បើ​សណ្ដាប់ធ្នាប់​យើង​មិនល្អ សម្បូរ​សំរាម​ទេសចរ​មក​តែ​ម្ដង គេ​នឹង​លែង​មក​ទៀត​ហើយ​។ ដូចនេះ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន អាជ្ញាធរ​ថ្នាក់​ក្រោម គួរតែ​ពង្រឹង​សណ្ដាប់ធ្នាប់​ទាំង​ចរាចរណ៍ ការ​លក់ដូរ និង​ការ​ថែទាំ​អនាម័យ ជាដើម ។
លោក​បន្ត​ថា វិស័យ​ទេសចរណ៍​បាន​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា​យ៉ាង​សំខាន់​។ ជាក់ស្ដែង វា​ផ្ដល់​ការងារ​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​ទាំង​ផ្ទាល់ និង​ប្រយោល ។ មិនតែប៉ុណ្ណោះ វិស័យ​ទេសចរណ៍​នេះ​ដែរ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង​ផង​ដែរ តួយ៉ាង​នៅ​ពេល​ភ្ញៀវ​ទេសចរ​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា ពួក​គេ​អាច​នឹង​ទិញ​ផលិតផល​ក្នុងស្រុក ដូច​ជា វត្ថុ​អនុស្សាវរីយ៍ និង​ផលិត​ផ្សេង​ៗ​ទៀត​ត្រឡប់​ទៅ​ស្រុក​គេ​វិញ ។

តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ក្នុង​រយៈពេល​១​ឆ្នាំ​ពេញ​ឆ្នាំ​២០១៧​កន្លង​ទៅ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​មាន​ចំនួន​ជាង​២,៤​លាន​នាក់ រក​ចំណូល​បាន​ចំនួន​ជាង​១០៧​លាន​ដុល្លារ​អា​មេ​រិ​ក ។ ដោយឡែក ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៨​នេះ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ មាន​៥៩០.២០២​នាក់ កើនឡើង​៩,៥៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ និង​រក​ចំណូល​បាន​ប្រមាណ​ជាង​២៧,៤​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​៣៥,៤៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ ។

ទេសចរណ៍​ត្រូវ​បាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ក្នុង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​វិស័យ​នេះ​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ផ្ដល់​ការងារ​យ៉ាងច្រើន​ដល់​ពលរដ្ឋ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។ វិស័យ​នេះ​បាន​រួមចំណែក​ប្រមាណ​១២,៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា និង​តំណាង​ឲ្យ​ប្រមាណ​៣០% នៃ​វិស័យ​សេវាកម្ម​នៅ
កម្ពុជា ។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍ កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​៥,៦​លាន​នាក់ កើនឡើង​១១,៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ និង​ទទួល​បាន​ចំណូល​ប្រមាណ​៣,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​១៣,៣% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ