ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែជីវិត​អ្នកស្រី​វី​រៈ តារា តួឯក​រឿង «​អន​អើយ​ស្រី​អន​»

6 ឆ្នាំ មុន
  • ភ្នំពេញ

ប្រភព​ដើម អ្នកស្រី​វី​រៈ តារា ចាប់កំណើត​នា​ឆ្នាំ​១៩៤៧ នៅ​ខេត្តកំពត ។ «​វី​រៈ តារា​» ជា​ឈ្មោះ​ប្រើ​សម្រាប់​អាជីព​ជា​តារាភាពយន្ត តែ​ឈ្មោះ​ពី​កំណើត​របស់​អ្នកស្រី​គឺ…

ប្រភព​ដើម

អ្នកស្រី​វី​រៈ តារា ចាប់កំណើត​នា​ឆ្នាំ​១៩៤៧ នៅ​ខេត្តកំពត ។ «​វី​រៈ តារា​» ជា​ឈ្មោះ​ប្រើ​សម្រាប់​អាជីព​ជា​តារាភាពយន្ត តែ​ឈ្មោះ​ពី​កំណើត​របស់​អ្នកស្រី​គឺ «​គឹ​ម ហៀ​ក​» ។

លោក​កុក យិ​ន ជា​អ្នកបើកបរ​រថយន្ត​ពេទ្យ និង​អ្នកស្រី​សេង ញ៉ុ​ង ជា​មេផ្ទះ គឺជា​ឪពុក​ម្តាយ​របស់​អ្នកស្រី​វី​រៈ តារា ។

លោក​កុក យិ​ន មាន​ឈាមជ័រ​ជា​ចិន​ទាជីវ ចំណែក​អ្នកស្រី​សេង ញ៉ុ​ង ជា​កូនកាត់​ចិន​ទាជីវ និង​ចិន​ហៃណាំ ។

ប្រវត្តិ​ក្លាយជា​តារាភាពយន្ត
អ្នកស្រី​វី​រៈ តារា មាន​និស្ស័យ​ស្រលាញ់​ចូល​ចិត្ត​សិល្បៈ​តាំងពី​នៅ​រៀន ហើយ​ឧស្សាហ៍​សម្តែង​ល្ខោន​នៅ​សាលា ។ នៅ​ពេល​អ្នកស្រី​វី​រៈ តារា​ធំ​ពេញវ័យ ឪពុក​ម្តាយ​មិន​ពេញចិត្ត​ឱ្យ​អ្នកស្រី​សម្តែង​សិល្បៈ ឬ​ចាប់​អាជីព​សិល្បៈ​ទេ ។ មូលហេតុ​ដោយសារ​ជំនាន់​នោះ​អ្នក​សម្តែង​សិល្បៈ​ច្រើន​រង​ពាក្យ​និន្ទា​មិនល្អ ។

អាពាហ៍ពិពាហ៍​គឺជា​មាគ៌ា​ដែល​តម្រង់​ជីវិត​អ្នកស្រី​វី​រៈ តារា ទៅ​ជា​តារាភាពយន្ត​ដ៏​ភ្លឺ​ចិញ្ចាចចិញ្ចែង និង​ត្រូវ​ទៅ​តាម​និស្ស័យ​ពី​កំណើត​របស់​អ្នកស្រី​ដែល​ស្រលាញ់​ចូល​ចិត្ត​សិល្បៈ ។ នា​ឆ្នាំ​១៩៦៥​ក្នុង​វ័យ​១៨​ឆ្នាំ​ស្រស់​សោភា អ្នកស្រី​វី​រៈ តារា បាន​ចូលរួម​សម្តែង​ភាពយន្ត​ជា​លើក​ដំបូង​ក្នុង​តំណែង​តួឯក​សម្រាប់​រឿង «​សព្វ​សិទ្ធិ​»​។ វណ្ណ​កម្ម​ភាពយន្ត​នេះ​ជា​របស់​ផលិតកម្ម «​រន្ទះ​ពេជ្រ​ភាពយន្ត​» ដែល​លោក​លី ប៊ុ​ន​យី​ម ជា​ចាងហ្វាង ។ លោក​លី ប៊ុ​ន​យី​ម នេះ​ហើយ ក្នុង​នាម​ជា​ស្វាមី បាន​ផ្តល់​ឱកាស​ឱ្យ​អ្នកស្រី​វី​រៈ តារា ជា​ភរិយា​ចូលរួម​សម្តែង​ភាពយន្ត ។

មិន​មានការ​បង្ខិតបង្ខំ​ពី​លោក​លី ប៊ុ​ន​យី​ម ទេ តែ​ចូលរួម​សម្តែង​ភាពយន្ត គឺ​អ្នកស្រី​វី​រៈ តារា ស្ម័គ្រចិត្ត ព្រោះ​ស្រលាញ់​ចូល​ចិត្ត ។

ពី​ដំបូង​លោក​លី ប៊ុ​ន​យី​ម មិនដឹង​ថា ភរិយា​របស់​ខ្លួន​សម្តែង​កើត ឬ​មិនកើត​ទេ ប៉ុន្តែ​ឱ្យ​សាកល្បង​មើល ។ បន្ទាប់​ពី​អ្នកស្រី​វី​រៈ តារា សម្តែង​រឿង «​សព្វ​សិទ្ធិ​» ចប់ លោក​លី ប៊ុ​ន​យី​ម មើលឃើញ​ថា ភរិយា​របស់​ខ្លួន​មាន​ទេព​កោសល្យ​សម្តែង​ភាពយន្ត​ល្អ​គ្រាន់បើ ។ មិនតែប៉ុណ្ណោះ​នៅ​ពេល​ខ្សែភាពយន្ត​រឿង «​សព្វ​សិទ្ធិ​» ចាក់​បញ្ចាំង មាន​ទស្សនិកជន​ច្រើន​ចូល​ទស្សនា ហើយ​គ្រប់​គ្នា​កោតសរសើរ​ទេព​កោសល្យ​សម្តែង​របស់​អ្នកស្រី​វី​រៈ តារា ធ្វើ​ឱ្យ​លោក​លី ប៊ុ​ន​យី​ម សប្បាយចិត្ត​ណាស់ ។

ចំពោះ​អ្នកស្រី​វី​រៈ តារា ផ្ទាល់​រំភើប​រីករាយ​ណាស់​ដែរ នៅ​ពេល​ឃើញ​នៅ​មុខ​រោង​ភាព​យន្ត​មាន​ទស្សនិកជន​ច្រើន​កកកុញ​ប្រជ្រៀត​គ្នា​ដណ្តើម​ទិញ​សំបុត្រ​ចូល​ទស្សនា​ខ្សែភាពយន្ត​រឿង «​សព្វ​សិទ្ធិ​» ។

ទោះជា​មាន​ចំណូលចិត្ត តែ​អ្នកស្រី​វី​រៈ តារា ហាក់ដូចជា​ខ្វះ​ទំនុកចិត្ត​ខ្លួនឯង និង​អៀន​ខ្មាស​ច្រើន​ក្នុង​ការ​សម្តែង​ភាពយន្ត​ជា​លើក​ដំបូង ទោះបី​បានការ​ណែនាំ​ពី​ស្វាមី​ក្តី។ ខ្វះ​ទំនុកចិត្ត និង​អៀន​ព្រោះ​អ្នកស្រី​វី​រៈ តារា មិន​ធ្លាប់​បាន​ចូល​រៀន​ផ្នែក​សម្តែង​ភាពយន្ត ឬ​ទទួល​ការ​បណ្តុះបណ្តាល​ពី​មុន​មក​ទេ គឺ​មានឱកាស​តាម​រយៈ​ស្វាមី​ក៏​ចូលរួម​សម្តែង​តែ​ម្តង ។ អ្នកស្រី វី​រៈ តារា គ្រា​ដំបូង​នោះ​គ្រាន់តែ​ឃើញ​កា​មេ​រា​៉ និង​គេ​បើកភ្លើង​បញ្ចាំង​ភ័យ​បាត់​ទៅ​ហើយ ។

ថ្វីបើ​មិន​បាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​នៅ​សាលាក្តី តែ​ទស្សនិកជន​សរសើរ​ចំពោះ​ទេព​កោសល្យ​សម្តែង​របស់​អ្នកស្រី​វី​រៈ តារា ដូច​ជា​តួអង្គ​នាង «​អន​» ក្នុង​រឿង «​អន​អើយ​ស្រី​អន​» ជាដើម ។

(សូម​តាម​ដាន​ភាគ​បន្ត​​​លេខក្រោយ​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ