រាជធានីភ្នំពេញ ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់យប់ស្ងាត់បើករថយន្តលឿនទៅបុកម៉ូតូឡាំប៉ាតាពេញទំហឹងបណ្តាលឲ្យក្រឡាប់ធ្លាក់ស្ត្រីជាភ្ញៀវជិះក្នុងឡាំប៉ាតាបោកក្បាលស្លាប់ និងរងរបួស២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវម៉ៅសេទុងកែងផ្លូវ១៤៣ នៅចំណុចស្តុបទន្លេបាសាក់ចាស់ ស្ថិតនៅក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
អ្នកបើករថយន្តបង្កមានឈ្មោះ នួន ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ អត់ផ្លាកលេខ ។ ចំណែកសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេបានយកទៅតម្កល់ទុកនៅវត្តសន្សំកុសលរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុនារីវ័យក្មេងស្រស់សោភាម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ បើកបរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើត ខណៈកើតហេតុនារីជាអ្នកបើករថយន្តបានប្រាប់ថា ភ្លើងស្តុបគាត់ខៀវទើបគាត់បើកចេញមកក្នុងល្បឿនយ៉ាងលឿនចៃដន្យអីក៏មានម៉ូតូឡាំប៉ាតាកង់បី ពណ៌ក្រហម ដឹកភ្ញៀវ២នាក់ជាស្ត្រីជនជាតិខ្មែរ និងប្រុសជាជនជាតិបរទេសធ្វើដំណើរតាមបណ្តោយផ្លូវ១៤៣ក្នុងទិសដៅពីជើងទៅត្បូងបើកឆ្លងស្តុបទៅត្រង់លឿនដូចគ្នាអាងតែយប់ស្ងាត់ ធ្វើឲ្យរថយន្តចាប់ហ្វ្រាំងអត់ទាន់ក៏ជ្រុលទៅបុកចំក្បាលម៉ូតូពីមុខចំហៀងខាងស្តាំពេញទំហឹងបណ្តាលក្រឡាប់ឡាំប៉ាតាធ្លាក់ស្ត្រីដែលជាភ្ញៀវបោកក្បាលទៅនឹងថ្នល់ស្លាប់ក្រោយពេលទៅដល់គ្លីនិកឯកជនបានដឹកយកមកកន្លែងកើតហេតុវិញ ចំណែកបុរសជាជនជាតិបរទេសនោះវិញរងរបួសធ្ងន់ រីឯអ្នកបើកម៉ូតូឡាំប៉ាតារងរបួសស្រាល និងខូចខាតម៉ូតូឡាំប៉ាតាទាំងស្រុង ចំណែករថយន្តបង្កវិញខ្ទេចអស់មួយកំណាត់ខាងមុខ និងផ្ទុះពោងទាំងសងខាងទៅមុខលែងរួច ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏ឃាត់នារីជាអ្នកបើករថយន្តបង្កយកទៅប៉ុស្តិ៍ទួលទំពូង១រង់ចាំប្រគល់ឲ្យសមត្ថកិច្ចយកទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករួមជាមួយរថយន្ត និងម៉ូតូឡាំប៉ាតា ៕
ចែករំលែកព័តមាននេះ