ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រយង​ចង្កំ​កស​4​សំបុក​រក​ឃើញ​ក្នុងដែនជម្រកសត្វព្រៃ​

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រះវិហារ​៖ ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៨​ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួងបរិស្ថាន សហ​គមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ និង​អង្គការ​WCS បាន​រក​ឃើញ​ត្រយង​ចង្កំ​កស ចំនួន​៦​សំបុក​ក្បែរ​ភូមិ​ត្មាត​ប៉ើយ ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ។…

ខេត្តព្រះវិហារ​៖ ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៨​ក្រុម​អ្នក​អភិរក្ស​របស់​ក្រសួងបរិស្ថាន សហ​គមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ និង​អង្គការ​WCS បាន​រក​ឃើញ​ត្រយង​ចង្កំ​កស ចំនួន​៦​សំបុក​ក្បែរ​ភូមិ​ត្មាត​ប៉ើយ ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ។ ការ​ការពារ​សំបុក​ពង​កូន​ត្រយង​ចង្កំ​កស​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ថែរក្សា​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​កុំ​ឲ្យ​បាត់បង់ ។

នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព សមាជិក​សហគមន៍​ចូលរួម​ត្រួតពិនិត្យ និង​ការពារ​សំបុក​ពង​កូន​របស់​សត្វ​ត្រយង​យក្ស និង​ត្រយង​ចង្កំ​កស និង​ទទួល​បាន​ប្រាក់​​លើកទឹកចិត្ត​តាម​រយៈ​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​ត្មាត​ប៉ើយ សហការ​ជាមួយ​អង្គការ​WCS និង​មជ្ឈមណ្ឌល សំ វាសនា ។ ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​កាន់​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ ហើយ​បានឃើញ​នូវ​សត្វ​ត្រយង​ទាំង​ពីរ​ប្រភេទ​នេះ ត្រូវ​បង់​ថវិកា​បន្ថែម​ទៅ​ក្នុង​មូលនិធិ​អភិវឌ្ឍន៍​សហគមន៍​ត្មាត​ប៉ើយ ហើយ​ថវិកា​នេះ​ដែរ​គ្រប់គ្រង​ដោយ​គណៈកម្មការ​ទេសចរណ៍ធម្មជាតិ​ភូមិ​ត្មាត​ប៉ើយ ។ ថវិកា​នេះ​ជួយ​ធានា​ដល់​និរន្តរភាព​នៃ​ការងារ​អភិរក្ស​ប្រភេទ​សត្វ​ស្លាប​រង​គ្រោះ និង សំខាន់​ៗ​នៅ​កម្ពុជា ។

លោក​ឌឹ​ប គឹ​ម​អោន ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ​ស្ថិត​នៅ​ក្នុង​ដែន​ជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព និយាយ​ថា​៖ «​យើង​រីករាយ​ខ្លាំង​ណាស់​ចំពោះ​ការ​រក​ឃើញ​សំបុក​ត្រយង​ចង្កំ​កស​នេះ ពីព្រោះ​ពួក​វា​គឺជា​ប្រភេទ​សត្វ​ស្លាប​ដ៏​សំខាន់​ដែល​ភ្ញៀវ​ទេសចរ​ចង់​ទស្សនា ។ សមាជិក​នៅ​ក្នុង​សហគមន៍​ភាគច្រើន​សុទ្ធតែ​បាន​យល់​ច្បាស់​អំពី​សារសំខាន់ និង​តម្លៃ​នៃ​ការ​ការពារ​សត្វព្រៃ​ទាំងអស់​ដោយសារ​តែ​ភាព​ជោគជ័យ​នៃ​គម្រោង​ទេសចរណ៍ធម្មជាតិ​» ។

លោក​គឹ​ម អោន បាន​បន្ត​ថា «​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ភ្ញៀវ​ទេសចរ​ជា​មធ្យម​២៤០​នាក់ បាន​ធ្វើ​ដំណើរ​មក​កាន់​ភូមិ​ត្មាត​ប៉ើយ​ដើម្បី​ទស្សនា​សត្វ​ត្រយង​យក្ស និង​ត្រយង​ចង្កំ​កស​ជា​រៀង​រាល់​ឆ្នាំ ។ វត្តមាន​របស់​ភ្ញៀវ​ទេសចរ​ទាំង​អស់នោះ មាន​សារសំខាន់​ខ្លាំង​ណាស់ និង​បាន​ជួយ​ឲ្យ​ពួក​យើង​រក​ប្រាក់​ចំណូល​បន្ថែម​ដើម្បី​ចិញ្ចឹមជីវិត និង​ថវិកា​សម្រាប់​អភិ​វឌ្ឍ​ភូមិ​ត្មាត​ប៉ើយ​ផង​ដែរ ។ ពួក​យើង​ប្តេជ្ញា​ការពារ​សត្វ​ត្រយង​ឲ្យ​ខាន​តែ​បាន​ពីព្រោះ​ពួក​វា​គឺជា​ក្តី​សង្ឃឹម​នៃ​គម្រោង​ទេសចរណ៍ធម្មជាតិ​ដែល​អាច​ឲ្យ​យើង​រក​ប្រាក់​ចំណូល​បាន​រយៈ​យូរអង្វែង​ទៅ​មុខ​សម្រាប់​ការងារ​អភិរក្ស​សត្វព្រៃ ។

សត្វ​ត្រយង​ចង្កំ​កស ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកលលោក ។ ពួក​វា​មាន​រស់នៅ​តែ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​ឥណ្ឌូ​ណេ​ស៊ី​ប៉ុណ្ណោះ ហើយ​ចំនួន​នៅ​សេសសល់​របស់​វា​ភាគច្រើន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ចំនួន​របស់​វា​នៅ​ពិភពលោក​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​សម្រាប់​រយៈពេល​១០០​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​តិច​ជាង​១​ពាន់​ក្បាល​នៅ​លើ​ពិភពលោក​។ ព្រៃឈើ​នៅ​ក្នុង​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ គាំទ្រ​ដល់​ការ​រស់នៅ​របស់​សត្វ​ត្រយង​ចង្កំ​កស​ប្រមាណ​៥០​ក្បាល​ស្មើនឹង​៥​ភាគរយ​នៃ​ចំនួន​របស់​វា​ទាំងអស់​នៅ​លើ​ពិភពលោក ។ ទោះ​យ៉ាងនេះ​ក្តី ការ​បាត់បង់​ទីជម្រក ការ​បរបាញ់ និង​ការ​រំខាន កំពុង​តែ​គំរាមកំហែង​ខ្លាំង​ដល់​ការ​រស់នៅ​របស់​ត្រយង​ចង្កំ​កស​នេះ ។

លោក​រ៉ស់ វ៉ា​ន់ ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ប្រចាំ​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព​នៃ​ក្រសួងបរិស្ថាន និង​អង្គការ​WCS បាន​និយាយ​ថា​៖ «​ព្រៃឈើ​ជុំវិញ​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ គឺជា​ទីជម្រក​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ការ​ពង​កូន​នៃ​ត្រយង​យក្ស និង​ត្រយង​ចង្កំ​កស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​យល់​ដឹង និង​ការ​ចូលរួម​របស់​ប្រជា​សហគមន៍ គឺជា​គន្លឹះ​ដ៏​សំខាន់​ឈាន​ទៅ​រក​ភាព​ជោគជ័យ​សម្រាប់​ការងារ​អភិរក្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ