ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​និង​អឺរ៉ុប សន្យា​ព​ន្លឿ​ន​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឡើង​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ចរចា​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​-​អាស៊ាន បាន​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ពាណិជ្ជកម្ម​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​អឺរ៉ុប លើក​ទី​១៦ (16th AEM-EU) ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២ មីនា កន្លង​មកនេះ…

រាជធានី​ភ្នំពេញ ៖ ការ​ចរចា​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប​-​អាស៊ាន បាន​ក្លាយជា​ប្រធានបទ​ដ៏​សំខាន់​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ពាណិជ្ជកម្ម​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​អឺរ៉ុប លើក​ទី​១៦ (16th AEM-EU) ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​២ មីនា កន្លង​មកនេះ ។

យោង​តាម​សារព័ត៌មាន Straits Times របស់​សាធារណរដ្ឋ​សិង្ហ​បុរី ដែល​ដកស្រង់​ដោយ​​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម សហភាព​អឺរ៉ុប​និង​អាស៊ាន បាន​សន្យា​នឹង​ព​ន្លឿ​ន​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ឡើង​វិញ ដើម្បី​គាំទ្រ​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ ទប់ទល់​នឹង​ការ​កើនឡើង​នៃ​របប​គាំពារ​និយម​របស់​សហ​រដ្ឋអាមេ​រិក ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Donald Trump ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​របស់​កម្ពុជា បាន​បង្ហាញ​ទស្សនៈ​វិជ្ជមាន​ចំពោះ​កិច្ចព្រមព្រៀង​នេះ​ថា នឹង​អាច​នាំ​មក​នូវ​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ប្រទេស​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« ខ្ញុំ​ជឿ​ថា ការ​ចរចា (​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​) នេះ នឹង​ចាប់ផ្តើម​សា​ជា​ថ្មី នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​»​។

ទន្ទឹម​គ្នា​នេះ ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប លោកស្រី Anna Cecilia Malmstrom ក៏​បាន​យល់​ស្រប​ថា កិច្ចព្រមព្រៀង​នេះ​មាន​សារសំខាន់ និង​ជា​ផ្នែក​មួយ​នៃ​រូបភាព​សហប្រតិបត្តិការ​ដ៏​ធំ ។

លោកស្រី​ថា ៖« កិច្ចព្រមព្រៀង​ក្នុង​តំបន់​របស់​យើង គឺជា​សញ្ញា​ដ៏​រឹង​មាំ​មួយ​ទៅ​កាន់​ពិភព​លោក​ថា សហភាព​អឺរ៉ុប និង​អាស៊ាន​នឹង​ឈរ​កៀក​ស្មា​គ្នា ដើម្បី​គាំទ្រ​ការ​បើកចំហ​ពាណិជ្ជកម្ម » ។

លោកស្រី​បញ្ជាក់​ថា សហភាព​អឺរ៉ុប​សម្លឹង​ឃើញ​ថា ជា​ដំណើរការ​បង្កើត​ប្លុក​មួយ​ឆ្ពោះទៅ​រក​ការ​ធ្វើ​សមាហរណកម្ម​ទូលំទូលាយ ។

គួរ​រំឭក​ថា សហភាព​អឺរ៉ុប​តំណាង​ឲ្យ​ប្រទេស​ចំនួន​២៨ និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ តំណាង​ឲ្យ​ប្រទេស​ចំនួន​១០ បាន​ធ្វើការ​ពិភាក្សា​គ្នា អំពី​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរី​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ការ​ចរចា​លើក​ដំបូង បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៧ ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​លុប​ចោល​កិច្ចព្រមព្រៀង​នេះ ក្នុង​រយៈពេល​២​ឆ្នាំ​ក្រោយមក ។ បន្ទាប់​មក កាលពី​ឆ្នាំ​២០១៧ អាស៊ាន​និង​អឺរ៉ុប បាន​ឯកភាព​គ្នា​ក្នុង​ការ​ដាក់​កិច្ចព្រមព្រៀង​នេះ​ចូល​ទៅ​ក្នុង​របៀបវារៈ​ប្រជុំ ប៉ុន្តែ​ត្រូវ​បាន​ដក​ចេញ មុន​កិច្ចប្រជុំ​ជា​ផ្លូវការ​ចាប់ផ្តើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ