ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ ដូងក្រអូប​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​ទាំង​ផ្លែ និង​កូន

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឆ្នាំ​នេះ ទីផ្សារ​ដូងក្រអូប​មាន​តម្រូវការ​ខ្ពស់ ខណៈ​ឈ្មួញកណ្ដាល​ជា​ច្រើន​បាន​ដើរ​ប្រមូល​ទិញ​ដល់​ចម្ការ​ខុស​ប្លែក​ពី​ឆ្នាំ​កន្លង​ទៅ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ចម្ការ​ដូងក្រអូប​មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ឆ្នាំ​នេះ ទីផ្សារ​ដូងក្រអូប​មាន​តម្រូវការ​ខ្ពស់ ខណៈ​ឈ្មួញកណ្ដាល​ជា​ច្រើន​បាន​ដើរ​ប្រមូល​ទិញ​ដល់​ចម្ការ​ខុស​ប្លែក​ពី​ឆ្នាំ​កន្លង​ទៅ ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ចម្ការ​ដូងក្រអូប​មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ។

លោក សុខ រំដួល ម្ចាស់​ចម្ការ​ដូង​រូប​នេះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ​ថា ទីផ្សារ​ដូង​ក្រអូប​ពេល​នេះ​កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរជាតិ ដែល​មក​លេង​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ ធ្វើ​ឲ្យ​ឈ្មួញកណ្ដាល​ចុះ​មក​ទិញ​ដល់​ចម្ការ​តែ​ម្ដង ខុស​ប្លែក​ពី​ពេល​កន្លង​ទៅ ។

លោក​បន្ដ​ថា ៖« ឥឡូវនេះ ឈ្មួញកណ្តាល​មក​ប្រមូល​ទិញ​ដល់​ក្នុង​ចម្ការ​តែ​ម្ដង ដោយ​មិន​ចាំបាច់​ដើរ​រក​ទីផ្សារ​ដូច​មុន​ទេ ហើយ​បងប្អូន​កសិករ​មួយ​ចំនួន​ក៏​ចាប់អារម្មណ៍​មក​ទិញ​កូន​ដូង​យក​ទៅ​ដាំ​ដែរ ដែល​ខុស​ពី​ឆ្នាំ​មុន​ៗ ពុំ​មាន​អ្នក​ចាប់អារម្មណ៍​ដាំ​ដំណាំ​នេះ​ទេ» ។

ចំពោះ​ទីផ្សារ​វិញ លោក​ថា ៖« ឈ្មួញ​ដែល​មក​ប្រមូល​ទិញ​នេះ ក្នុង​១​ផ្លែ​តម្លៃ​២.០០០​រៀល ហើយ​កូន​ដូង​១​ដើម តម្លៃ​១,២​ម៉ឺន​រៀល ប៉ុន្ដែ​សម្រាប់​បងប្អូន​ក្រីក្រ​ខ្វះ​លទ្ធភាព ខ្ញុំ​បាន​បញ្ចុះតម្លៃ ឬ​ឧបត្ថម្ភ​ដល់​ពួក​គាត់​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ» ។

តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ចម្ការ​រូប​នេះ​ថា លោក​បាន​ដាំដូង​ក្រអូប​នៅ​ក្នុង​ឆ្នាំ​២០០១ ដែល​កាល​ណោះ ពុំ​មាន​អ្នក​ចាំ​អារម្មណ៍​ដាំ​ដុះ​ទេ ។ គិត​រហូត​មក​ដល់​ពេល​នេះ លោក​មាន​ដូងក្រអូប​ចំនួន​១,៣​ម៉ឺន​ដើម ដាំ​ដុះ​លើ​ផ្ទៃដី​ទំហំ​ជាង​១០០​ហិ​កតា ដែល​បាន​ហុច​ផល​រយៈពេល​១៥​ឆ្នាំ​ហើយ ហើយ​លោក​បាន​កែ​ច្នៃ​ផលិតផល​ជា​ច្រើន​មុខ​ចេញពី​ដូងក្រអូប​នេះ រួម​មាន ចា​ហ៊ួ​យ​ដូង កា​រ៉ែ​ម​ដូង ទឹកក្រឡុក​ដូង កាហ្វេ​ដូង និង​សល់​ពី​នោះ លោក​បាន​បណ្តុះ​កូន​លក់​នៅ​លើ​ទីផ្សារ​ថែម​ទៀត​ផង រីឯ​មួយ​ចំនួន​ទៀត​បាន​លក់​នៅ​លើ​ទីផ្សារ​ទូ​ទាំង​ប្រទេស ។

លោក​បន្ថែម​ថា នៅ​លើ​ផ្ទៃដី​ជាង​១០០​ហិ​កតា​នេះ​ទៀត​សោត ក្រៅពី​ដំណាំ​ដូងក្រអូប លោក​ក៏​បាន​ដាំ​ដំណាំ​រួម​ផ្សំ​ជា​ច្រើន​ទៀត​ដូច​ជា ព្រីង​, ស្វាយ និង​ម្នាស់ ជាដើម ហើយ​នៅ​ថ្ងៃ​ខាង​មុខ លោក​គ្រោង​ពង្រីក​ការ​ដាំ​ដុះ​បន្ថែម​ទៀត ដើម្បី​ឲ្យ​កន្លែង​នេះ​ក្លាយជា​តំបន់​ក​សិ​-​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​ខេត្ត​មាន​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត និង​មាន​កោះ​ប្រកបដោយ​សក្ដានុពល​ទេសចរណ៍​ជា​ច្រើន ដែល​កំពុង​ល្បីល្បាញ​លើ​ពិភពលោក ។

អ្នកជំនាញ​ដំណាំ​ដូង​រូប​នេះ​លើក​ឡើង​ថា ដំណាំ​ដូងក្រអូប វា​មិន​ពិបាក​ថែទាំ​ដូច​ដំណាំ​ផ្សេង​ទេ គឺ​វា​ត្រូវការ​តែ​ទឹក និង​ជី​បំប៉ន​គល់​ប៉ុណ្ណោះ និង​យូរ​ៗ​ម្ដង មាន​សត្វល្អិត​តិចតួច​មក​យាយី ហើយ​ត្រឹមតែ​រយៈពេល​៣​ឆ្នាំ​ប៉ុណ្ណោះ វា​អាច​ផ្តល់​ទិន្នផល​មក​វិញ ដោយ​ពុំ​ប្រើ​ពេលវេលា​យូរ​ទេ ។

លោក​ប្រាប់​ឲ្យ​ដឹង​ថា ៖« ក្នុង​អាជីព​ធ្វើ​ចម្ការ​ដូងក្រអូប​យូរ​ជាងគេ​នៅ​ខេត្ត​ព្រះ​សីហ​នុ ខ្ញុំ​ក៏​ធ្លាប់​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១ និង​លិខិត​សរសើរ​ពី​ក្រសួងកសិកម្ម និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ផង​ដែរ »​។

ឈ្មួញ​ដែល​បាន​ទៅ​ទិញ​ដល់​ចម្ការ​ដូងក្រអូប​នេះ​បាន​និយាយ​ថា តម្លៃ​ដូង​ដែល​លោក​ទិញ​ពី​ម្ចាស់​ចម្ការ​នេះ ក្នុង​១​ផ្លែ​២.០០០​រៀល និង​លក់​ចេញ​វិញ​ក្នុង​តម្លៃ​៣.០០០​ទៅ​៤.០០០​រៀល ហើយ​លក់ដាច់​ណាស់ មាន​ប៉ុន្មាន​ក៏​មិន​សល់​ដែរ ព្រោះ​វា​មាន​ក្លិនក្រអូប ទឹក​មាន​រសជាតិ​ផ្អែម ពិសា​ហើយ​មាន​កម្លាំង​តែ​ម្ដង​។ ដូច្នេះ​ហើយ បានជា​ពលរដ្ឋ​ទូទៅ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ចិត្ត​ពិសា ។

លោក​ថា ៖« ប្រជាពលរដ្ឋ​ដែល​មាន​ដី​ទំនេរ គួរតែ​ងាក​មក​ដាំ​ប្រភេទ​ដូងក្រអូប​នេះ​វិញ ព្រោះ​វា​មាន​រយៈពេល​ខ្លី មិន​ពិបាក​ថែទាំ និង​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ » ។

អ្នក​ស្រាវជ្រាវ​ខាង​វិស័យ​កសិកម្ម​មើលឃើញ​ថា ដូង​ជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​សំខាន់​មួយ​ក្នុង​ចំណោម​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​ទៀត​ដែល​គួរ​ពង្រីក​ការ​ដាំ​ដុះ​នៅ​កម្ពុជា ។

លោក ខាន់ ច​ន្ធី អ្នក​ស្រាវជ្រាវ​រូប​នេះ​បាន​ប្រាប់​កោះសន្ដិភាព​កាលពី​ថ្ងៃ​ទី​១ មីនា ម្សិល​មិញ​ថា ៖« នៅ​បណ្ដា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​គេ​នាំ​ចូល​ប្រេងដូង​ច្រើន​ណាស់​យក​ទៅ​ផលិត​ជា​គ្រឿងសម្អាង ជា​ឱសថ និង​ផ្នែក​វេជ្ជសាស្ត្រ ផ្សេង​ៗ ហើយ​បើ​ពិនិត្យ​មើល​នៅ​តំបន់​អាស៊ាន​យើង​ហ្នឹង ប្រទេស​ហ្វី​លី​ពី​ន​នាំ​ចេញ​ដូង​ច្រើន​ជាងគេ »​។

លោក​ថា ៖« គ្រាន់តែ​ចំណូល​ពី​ការ​នាំ​ចេញ​ដូង​របស់​ហ្វី​លី​ពី​ន លើស​យើង​នាំ​ចេញ​ស្រូវ​ទូ​ទាំង​ប្រទេស​ទៅ​ទៀត ។ ដូច្នេះ​ដំណាំ​ដូង​នេះ​វា​សំខាន់​ណាស់ ខណៈ​យើង​មាន​ប្រទេស​​បារាំង​ដែល​ជា​ដៃគូ​ល្អ ងាយស្រួល​ក្នុង​ការ​ចែកចាយ​ផលិតផល​របស់​យើង​ជ្រាច​ចូល​ទីផ្សារ​អឺរ៉ុប » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ