ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ខ្យង​នៅ​ម្ដុំ​ស្ពាន​7​មក​រា បាត់បង់​អតិថិជន​បណ្ដើរ​ៗ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកលក់​ខ្យង​រស់នៅ​ចំណុច​ស្ពាន​៧​មក​រា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ បាន​រអ៊ូរទាំ​ថា ពួក​គាត់​លក់​មិនសូវ​ដាច់​ដូច​ជា​ពេល​មុន​ៗ​សោះ និង​ចេះ​តែ​ស្ងាត់​ទៅ​ៗ…

រាជធានី​ភ្នំពេញ ៖ អ្នកលក់​ខ្យង​រស់នៅ​ចំណុច​ស្ពាន​៧​មក​រា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ បាន​រអ៊ូរទាំ​ថា ពួក​គាត់​លក់​មិនសូវ​ដាច់​ដូច​ជា​ពេល​មុន​ៗ​សោះ និង​ចេះ​តែ​ស្ងាត់​ទៅ​ៗ ដោយ​ពុំ​ដឹង​ពី​មូលហេតុ ធ្វើ​ឲ្យ​អ្នកលក់​ខ្យង​មួយ​ចំនួន​បាន​បោះបង់​របរ​នេះ​ចោល ។

អ្នកស្រី​ស្រស់ ហៅ​ម៉ាក់​ស្រី​ឌី បាន​រៀបរាប់​ថា រយៈពេល​២០​ឆ្នាំ​ហើយ​ដែល​អ្នកស្រី​លក់​តែ​ខ្យង​ធម្មជាតិ ហើយ​នៅ​ទី​នេះ​ពុំ​មាន​អ្នក​ចំណូល​ថ្មី​ចូល​ទៅ​លក់​ប្រណាំងប្រជែង​ជា​មួយ​ពួក​គាត់​ទេ ប៉ុន្តែ​មិនដឹង​មូលហេតុ​អ្វី​បានជា​លក់​មិនសូវ​ដាច់ ហើយ​នេះ​មិនមែន​មាន​ន័យ​ថា ពួក​គាត់​លក់​ថ្លៃ កាប់ឆៅ មាន​អ្នកលក់​ច្រើន ឬ​ក៏​លក់​ខ្យង​មិនល្អ​នោះ​ទេ ។

អ្នកស្រី​បន្ដ​ថា ការ​ប្រកបរ​មុខរបរ​នេះ ថ្វី​ដ្បិតតែ​មិនធំ​ដុំ តែ​ជា​មុខរបរ​សុចរិត​មួយ​ដែល​អាច​រក​ប្រាក់​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​ស្រួល ប៉ុន្ដែ​បច្ចុប្បន្ន ការ​លក់​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។ អ្នកស្រី​ថា ៖«​ជា​ធម្មតា ក្នុង​១​ថ្ងៃ ខ្ញុំ​អាច​លក់​ខ្យង​បាន​១០០​គីឡូក្រាម ហើយ​បើ​ចំ​ថ្ងៃ​បុណ្យ ឬ​ថ្ងៃ​ឈប់​សម្រាក​វិញ អាច​លក់​អស់​១៥០​គីឡូក្រាម ឬ​អាច​លើស​ពី​នេះ ។ ប៉ុន្តែ​មក​សព្វ​ថ្ងៃនេះ បើ​ថ្ងៃ​ធម្មតា អាច​លក់​អស់​ត្រឹមតែ​៣០​ទៅ​៥០​គីឡូក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ថ្ងៃ​បុណ្យ ឬ​ថ្ងៃ​ឈប់​សម្រាក អាច​ដល់​ជិត​១០០​គីឡូក្រាម​ដែរ» ។

អ្នកស្រី​បន្ដ​ថា ខ្យង​ដែល​យក​មក​លក់​នេះ គឺ​ទទួល​ទិញ​ពី​ឈ្មួញកណ្ដាល​ដែល​បាន​ដើរ​ប្រមូល​ទិញ​ពី​អ្នកនេសាទ​តាម​បណ្ដា​ភូមិ​នានា ដោយ​ទិញ​ចូល​ក្នុង​១​គីឡូក្រាម ថ្លៃ​៤.០០០​ទៅ​៥.០០០​រៀល តាម​តូច ឬ​ធំ និង​ប្រភេទ​លេខ​១ លេខ​២ និង​លេខ​៣ ហើយ​លក់​ចេញ​វិញ​តម្លៃ​ចាប់ពី​៦.០០០​ទៅ​៨.០០០​រៀល​ក្នុង​១​គីឡូក្រាម ។

អ្នកស្រី​បញ្ជាក់​ថា ខ្យង​ស្រែ និង​ខ្យង​បឹង​មាន​លក្ខណៈ​ខុស​គ្នា ហើយ​ការ​ទិញ​ចូល និង​លក់​ចេញ ក៏​មាន​តម្លៃ​ខុស​គ្នា​ដែរ ។

បើ​ទោះបីជា​ពេល​នេះ​មាន​អ្នកលក់​មួយ​ចំនួន​បាន​បោះបង់​ចោល តែ​សម្រាប់​អ្នកស្រី​នៅ​តែ​បន្ដ​លក់ ព្រោះថា ក្រោយ​ពី​កាត់​ចំណាយ​រួច វា​នៅ​តែ​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារ​បាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ