ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វឌ្ឍនភាព​នៃ​វិស័យ​ការងារ​បាន​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​យ៉ាង​ខ្លាំងក្លា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សម្របសម្រួល​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា លោកស្រី ក្លែ វ៉ា​ន់​ដឺ វែ​រ៉ែ​ន (Claire Vander Vaeren)…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សម្របសម្រួល​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា លោកស្រី ក្លែ វ៉ា​ន់​ដឺ វែ​រ៉ែ​ន (Claire Vander Vaeren) បាន​កោតសរសើរ​ពី​វឌ្ឍនភាព​នៃ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ដែល​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច​ឲ្យ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ។

លោកស្រី​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​សណ្ឋាគារ​រ៉ា​ហ្វ៊​ល ឡឺ​រ៉ូ​យ៉ា​ល់​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា តាម​រយៈ​បេសកកម្ម​រយៈពេល​៥​ឆ្នាំ​របស់​លោកស្រី​តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា កិច្ច​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​អង្គការសហប្រជាជាតិ ពិតជា​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​មាន​វឌ្ឍនភាព​ខ្ពស់​។ វឌ្ឍនភាព​ជោគជ័យ​ទាំងឡាយ​ដែល​កម្ពុជា​ទទួល​បាន​នេះ គឺ​មិន​អាច​កាត់​ផ្ដាច់​ពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ឡើយ ហើយ​ក៏​រឹតតែ​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​តួនាទី​របស់​លោកស្រី ដែល​ជា​អ្នកសម្របសម្រួល​តំណាង​អង្គការសហប្រជាជាតិ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« រាជរដ្ឋាភិបាល​កម្ពុជា​មាន​ក្ដី​សោមនស្ស​រីករាយ​ខ្លាំង​ណាស់ ដែល​​ទទួល​បាន​នូវ​គម្រោង​ល្អ​ៗ​ជា​ច្រើន ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការសហប្រជាជាតិ និង​គោលនយោបាយ​ការងារ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ជា​ពិសេស​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​អប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ និង​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ ILO ដែល​បាន​រួម​គ្នា​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ »​។

លោកស្រី ក្លែ វ៉ា​ន់​ដឺ វែ​រ៉ែ​ន បាន​លើក​ឡើង​ថា ក្នុង​អាណត្តិ​ការងារ​រយៈពេល​៥​ឆ្នាំ​របស់​លោកស្រី លោកស្រី​បាន​មើលឃើញ​ថា វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ពិតជា​មាន​វឌ្ឍនភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​កត់សម្គាល់ ។

លោកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖« ៥​ឆ្នាំ​ចុង​ក្រោយ​នេះ វិស័យ​ការងារ​កម្ពុជា​មាន​វឌ្ឍន​ភាព​យ៉ាង​ខ្លាំង ។ អង្គការសហប្រជាជាតិ​មាន​មោទនភាព​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​កម្ពុជា ជាមួយនឹង​សមិទ្ធផល​ដែល​សម្រេច​បានជា​មួយ​លោក​រដ្ឋមន្ត្រី ។ យើង​បាន​ធ្វើ​ការងារ​ច្រើន​ជាមួយ​គ្នា​លើ​វិស័យ​ការងារ ពិសេស​វិស័យ​គាំពារ​សង្គម​, ការ​លើកកម្ពស់​ប្រាក់​ឈ្នួល​អប្បបរមា ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​, ការ​ទប់ស្កាត់​បញ្ហា​ដែល​កើត​មាន​ពី​ការ​ធ្វើ​ចំណាកស្រុក ការ​ផ្ដល់​អំណាច​ដល់​ស្ដ្រី​ក្នុង​វិស័យ​ការងារ ហើយ​ចុង​ក្រោយ​នេះ យើង​នឹង​ពិភាក្សា​លើ​គម្រោង​ថ្មី​ទៀត​ផង​ដែរ ស្ដី​ពីមុខ​របរ និង​ការងារ​យុវជន ដែល​មានការ​ជួយ​សម្របសម្រួល​ពី​អង្គការ ILO ដែល​ជា​អង្គការ​មួយ​ដ៏​សកម្ម​ក្នុង​ការងារ​សហការ​ជាមួយ​រាជរដ្ឋាភិបាល លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ » ។

លោកស្រី​បាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មន្ត្រី​សម្របសម្រួល​ថ្មី​របស់​អង្គការ​សហប្រជាជាតិ ដែល​នឹង​មក​ដល់​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ ដើម្បី​បន្ត​វឌ្ឍនភាព​ការងារ​ទៅ​មុខ​ទៀត​។ ជាមួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ ក៏​បាន​ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​សហ​ប្រជា​ជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ