ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​នឹង​កើនឡើង​ក្នុងឆ្នាំនេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៨​នេះ គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​ត្រូវ​បាន​រំពឹង​​ថា នឹង​លេច​រូបរាង​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ដោយសារ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​និង​កំពុង​ចាប់អារម្មណ៍ ហើយ​គ្រោង​បង្ហាញ​ពី​គម្រោង​របស់​គេ ។ នេះ​បើ​យោង​តាម​អគ្គ​នាយក​រង​លំនៅ​ឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម…

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៨​នេះ គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​ត្រូវ​បាន​រំពឹង​​ថា នឹង​លេច​រូបរាង​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ដោយសារ​មាន​ក្រុមហ៊ុន​ជា​ច្រើន​បាន​និង​កំពុង​ចាប់អារម្មណ៍ ហើយ​គ្រោង​បង្ហាញ​ពី​គម្រោង​របស់​គេ ។ នេះ​បើ​យោង​តាម​អគ្គ​នាយក​រង​លំនៅ​ឋាន​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។

លោក ហ៊ី ចិន្តា អគ្គនាយករង​រូប​នេះ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ ថា ៖« សព្វ​ថ្ងៃនេះ មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​កំពុង​ពិចារណា និង​ទាក់ទង​មក​ក្រសួង ដោយ​ពួក​គេ​មាន​បំណង​ចង់​ចូលរួម​សាងសង់​អគារ​តម្លៃ​សមរម្យ អីចឹង យើង​រំពឹង​ថា អាច​នឹង​មាន​ច្រើន​ជាង​ឆ្នាំ​២០១៧ » ។

ជាមួយ​គ្នា​នេះ ក្រសួង​កំពុង​ផ្សព្វផ្សាយ​ដល់​អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យ​លំនៅ​ឋាន​នេះ ពិសេស​​ក្រុមហ៊ុន​តូច​ៗ​ដែល​ធ្លាប់​សាងសង់​ផ្ទះ​លក់​ក្នុង​តម្លៃ​សមរម្យ មក​ពិភាក្សា​ជាមួយ​ក្រសួង ដើម្បី​ស្នើ​សុំ​គម្រោង​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល ។

លោ ហ៊ី ចិន្តា បញ្ជាក់​ថា ៖« បើសិនជា​ក្រុមហ៊ុន​ចាប់អារម្មណ៍​ចូលរួម​ជាមួយ​រាជ​រដ្ឋា​ភិបាល ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ឋាន​តម្លៃ​សមរម្យ​នេះ គឺ​ក្រុមហ៊ុន​នោះ​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន ព្រោះ​រាជរដ្ឋាភិបាល​បាន​ផ្តល់​ការ​លើកទឹកចិត្ត​ច្រើន​ទៅ​លើ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​នេះ » ។

ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ មាន​ក្រុមហ៊ុន​ចំនួន​៣ បាន​បោះទុន​វិនិយោគ ក្នុង​នោះ​គម្រោង​ទី​១ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​វើ​ល​ប្រី​ដ៍​ឡិន សាងសង់​អគារ​ចំនួន​២.២៩៧​ខ្នង លើ​ផ្ទៃដី​២៤​ហិ​កតា ។ គម្រោង​ទី​២ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល សាង​សង់​ដោយ​ក្រុមហ៊ុន B& BM Development លើ​ផ្ទៃដី​ទំហំ​៨០​ហិ​កតា ដែល​មាន​អគារ​ចំនួន​៥.៣៤០​ខ្នង និង​គម្រោង​ទី​៣ ស្ថិត​នៅ​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ជប៉ុន ARAKAWA ក្នុង​ជំហាន​ទី​១ មាន​២.០០០​បន្ទប់ (​អា​ផាត​មិន រស់នៅ​បែប​សហកម្មសិទ្ធិ​) ចែក​ចេញ​ជា​៥​អគារ ដែល​សាងសង់​លើ​ផ្ទៃដី​ទំហំ​១៣.៦៨០​ម៉ែត្រក្រឡា ។

សម្រាប់​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ​ទាំង​៣​ខាងលើ​នេះ លោក ហ៊ី ចិន្តា លើក​ឡើង​ថា ៖« មក​ដល់​សព្វ​ថ្ងៃនេះ គម្រោង​អភិវឌ្ឍន៍​ទី​១​របស់​ក្រុមហ៊ុន​វើ​ល
ប្រី​ដ៍​ឡិន បាន​ដំណើរការ​សាងសង់​ប្រហែល​២០% និង​ដាក់​លក់​បាន​ប្រហែល​៤០% ។ គម្រោង​ទី​២ កំពុង​ចាក់​ដី និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជិត​រួច​១០០%​ហើយ ដោយឡែក សម្រាប់​គម្រោង​ទី​៣ មក​ដល់​សព្វ​ថ្ងៃនេះ គាត់​កំពុង​តែ​បុក​គ្រឹះ​សាងសង់​អគារ​ទាំង មូល» ។

លោក បេង​ហុង សុ​ជាតិ​ខេ​ម​រ៉ូ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លំនៅ​ឋាន នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់​មាន​ប្រសាសន៍​ថា ឆ្នាំ​២០១៧ គឺជា​ឆ្នាំ​ប្រវត្តិ​សាស្ត្រ​​ដែល​គម្រោង​លំនៅ​ឋាន​សាធារណៈ​តម្លៃ​សមរម្យ​ដំបូង​បំផុត​ចំនួន​៣ បាន​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ក្រោម​អធិបតីភាព​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។

អភិបាលរង​រាជធានី​ភ្នំពេញ លោក អៀង អូ​នី ធ្លាប់​បាន​មាន​ប្រសាសន៍​ថា លោក​ចង់ ឲ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​ទៅ​លើ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ ដើម្បី​លក់​ជូន​ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​ទិញ​លំនៅ​ឋាន​តម្លៃ​ខ្ពស់​ស្នាក់​នៅ​បាន ។ ការ​វិនិយោគ​លើ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ គឺជា​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​តំបន់​ជិត​ៗ ។

លោក​បន្ត​ថា តម្រូវការ​លំនៅ​ឋាន​ក្នុង​រាជធានី​ភ្នំពេញ នឹង​កើន​ឡើងជា​បន្តបន្ទាប់​យោង​ទៅ​តាម​កំណើន​ប្រជាពលរដ្ឋ ។ ជាក់ស្ដែង​មាន​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​នានា​ផ្លាស់​មក​ស្នាក់​នៅ និង​ប្រកប​អាជីវកម្ម​នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​កំណើន​សិស្ស​-​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ