ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ម៉ុង​សាយ​កំពុង​មមាញឹក​ត្រៀម​លោត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​ជា​រៀង​រាល់​ឆ្នាំ ប្រជា​ពល រដ្ឋ​ខ្មែរ​ដែល​ជាប់សែស្រឡាយ​ចិន ឬ​វៀតណាម និង​ជនជាតិ​ចិន​កំពុង​រកស៊ី​នៅ​កម្ពុជា តែង​ប្រារព្ធ​ពិធី​តាម​ប្រពៃណី​របស់​ខ្លួន ដោយ​បាន​រៀបចំ​តុបតែង​លំនៅ​ឋាន ឬ​ក្រុមហ៊ុន​ទៅ​តាម​លទ្ធភាព…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​ជា​រៀង​រាល់​ឆ្នាំ ប្រជា​ពល រដ្ឋ​ខ្មែរ​ដែល​ជាប់សែស្រឡាយ​ចិន ឬ​វៀតណាម និង​ជនជាតិ​ចិន​កំពុង​រកស៊ី​នៅ​កម្ពុជា តែង​ប្រារព្ធ​ពិធី​តាម​ប្រពៃណី​របស់​ខ្លួន ដោយ​បាន​រៀបចំ​តុបតែង​លំនៅ​ឋាន ឬ​ក្រុមហ៊ុន​ទៅ​តាម​លទ្ធភាព និង​ធនធាន ។ ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ថ្ងៃ​សែន​ចូល​ឆ្នាំ​រួច បណ្ដា​អាជីវករ ពាណិជ្ជករ និង​ធុរជន​ដែល​ជាប់សែស្រឡាយ​ចិន តែង​ជួល​ម៉ុង​សាយ​មក​លោត និង​សម្ដែង​នៅ​តាម​ផ្ទះ ឬ​ក្រុមហ៊ុន ដើម្បី​ដេញ​ឧបទ្រពចង្រៃ​នៅ​ឆ្នាំ​ចាស់ និង​សុំ​សេចក្តីសុខ​សប្បាយ​នៅ​ឆ្នាំ​ថ្មី ។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​លោត​ម៉ុង​សាយ​ក៏​ចាប់ផ្ដើម​មមាញឹក ដោយ​ត្រូវ​ត្រៀមខ្លួន​បំពេញការងារ​ក្នុង​រយៈពេល​នេះ ដើម្បី​លោត​ម៉ុង​សាយ​តាម​ផ្ទះ ក្រុមហ៊ុន ឬ​ទី​សក្ការ​នានា ដែល​មានការ​កក់​រួច​ជា​ស្រេច ។

បើ​តាម លោក ប៊ុ​ន ឃាង សមាជិក​ក្រុម​ម៉ុង​សាយ​នៅ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ថា ពេល​នេះ ក្រុម​របស់​លោក​មាន​គេ​កក់​រួចរាល់​ហើយ ដើម្បី​ត្រៀម​លោត​​បន្ទាប់​ពី​សែន​ចូល​ឆ្នាំ​មួយ​ថ្ងៃ ។ លោក​ថា ៖« ការងារ​នេះ​តែងតែ​មមាញឹក​នៅ​រដូវ​កាល​បុណ្យចូលឆ្នាំ​ចិន ព្រោះ​វា​ជា​រដូវ​ដែល​ប្រជាជន​ខ្មែរ​កាត់​ចិន និង​មាន​អបិយ​ជំនឿ​លើ​ម៉ុង​សាយ​នេះ ហៅ​ពួក​យើង​ឲ្យ​លោត​នៅ​មុខ​ផ្ទះ ឬ​មុខ​ក្រុមហ៊ុន​របស់​ពួក​គេ ដើម្បី​សុំ​សិរី​សួស្ដី »​។

លោក​បន្ត​ថា ការ​សម្ដែង និង​លោត​ម៉ុង​សាយ​ក្នុង​ក្រុម​របស់​លោក មិន​មាន​កំណត់​តម្លៃ ឬ​ទីផ្សារ​ណាមួយ​នោះ​ទេ ពោល​គឺ​អាស្រ័យ​ទៅ​តាម​សទ្ធា​របស់​អ្នក​ដែល​អញ្ជើញ​ឲ្យ​ទៅ​លោត​នោះ ។

លោក​ថា ៖« បច្ចុប្បន្ន​នេះ ក្រុម​ម៉ុង​សាយ​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រមាណ​១០​ក្រុម ។ ចំពោះ​ក្រុម​ម៉ុង​សាយ​យើង​មិន​កំណត់​តម្លៃ​ទេ យើង​លោត​សម្ដែង​នៅ​តាម​ផ្ទះ​អ្នក​ដែល​បាន​មក​អញ្ជើញ ហើយ​ចំពោះ​ទឹកប្រាក់​វិញ គឺជា​ទឹកចិត្ត​របស់​ពួក​គាត់​ទេ » ។

លោក គួ​ច ណា​វ ពាណិជ្ជករ​ខ្មែរ​កាត់​ចិន ដែល​តែងតែ​អញ្ជើញ​ក្រុម​ម៉ុង​សាយ​របស់​សមា​គម​ចិន​-​ខ្មែរ មក​លោត​នៅ​មុខ​ផ្ទះ ដើម្បី​សុំ​សេចក្តី​សុខសួស្តី​ដល់​ក្រុម​គ្រួសារ និង​អាជីវ​កម្ម​របស់​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ បាន​លើក​ឡើង​ថា ប្រពៃណី​ចិន គេ​យក​ម៉ុង​សាយ​មក​លោត​នៅផ្ទះ និង​តុបតែង​ពណ៌​ក្រហម ព្រោះ​បើ​តាម​ជំនឿ​របស់​ជនជាតិ​ចិន ក្រហម​ជា​ពណ៌​ដែល​ពពួក​ខ្មោច និង​ភាពអាក្រក់​ៗ​ទាំងឡាយ​ខ្លាចរអា ដូចនេះ​ហើយ​ទើប​គេ​យក​ម៉ុង​សាយ​ពណ៌​ក្រហម​មក​លោត​នៅ​តាម​ផ្ទះ និង​តាម​ក្រុមហ៊ុន ឬ​អាជីវកម្ម​នានា ។

លោក​បន្ត​ថា ៖« រាល់​ឆ្នាំ ខ្ញុំ​តែងតែ​ហៅ​ក្រុម​លោត​ម៉ុង​សាយ​មក​លោត បើ​មិន​អីចឹង ក៏​ក្រុម​ម៉ុង​សាយ​ទាំងនោះ​មក​សួរ​ខ្ញុំ​ថា យក​ក្រុម​ម៉ុង​សាយ​មក​លោត​ឬ​អត់ ហើយ​ការ​ចំណាយ​ក៏​គេ​មិន​ទាមទារ​ពី​ម្ចាស់ផ្ទះ ឬ​ម្ចាស់​ក្រុមហ៊ុន​ដែរ ពោល​គឺ​ដាក់​ទៅ​តាម​សទ្ធា​ជ្រះថ្លា » ។

បើ​ទោះបីជា​មានការ​លើក​ឡើង​បែប​នេះ​ក្ដី តែ​កន្លង​មក បើ​តាម​ប្រធាន​សមាគម​ម៉ុង​សាយ​ខ្មែ​ទាជីវ បាន​លើក​ឡើង​ថា ចំពោះ​តម្លៃ​ក្នុង​ការ​សម្តែង​ម្តង​ៗ វា​អាស្រ័យ​ទៅ​លើ​ការ​ចង់បាន​របស់​អតិថិជន​ថា​តើ​គេ​ចង់បាន​វង់​ធំ ឬ​វង់​តូច ក្នុង​នោះ​មាន​តម្លៃ​ចាប់ពី​៣៨៨​ដុល្លារ រហូត​ដល់​ជិត​២.០០០​ដុល្លារ ។ តម្លៃ​នោះ​ទៀត​សោត​គឺ​មាន​កន្ទុយ​៨៨​ដោយសារ​គេ​គិត​ថា នេះ​ជា​លេខ​ហុងស៊ុយ​ដូច​ជា​៣៨៨​ដុល្លារ ឬ​១.៦៨៨​ដុល្លារ​ជាដើម ។

លោក​គួ​ច ណា​វ ក៏​បាន​បន្ថែម​ដែរ​ថា ៖« ការ​លោត​ម៉ុង​សាយ​នេះ វា​មិន​ខុស​អី​ពី​ការ​សម្ដែង​របាំ​ត្រុដ​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នោះ​ទេ ។ ពេល​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ គេ​ក៏​ហៅ​ក្រុម​របាំ​ត្រុដ​មក​សម្ដែង និង​រាំ​នៅ​តាម​ផ្ទះ ឬ​តាម​ស្ថាប័ន​នានា ដើម្បី​ដេញ​ភាព​ចង្រៃ​ចេញ និង​ប្រោះព្រំ​សុំ​សេចក្តីសុខ​នៅ​ឆ្នាំ​ថ្មី ដូច្នេះ​ម៉ុង​សាយ​ក៏​វា​មាន​បែបផែន​ដូចនេះ​ដែរ»។

លោក​បញ្ជាក់​ថា ឆ្នាំ​នេះ លោក​នឹង​រៀបចំ​ឲ្យ​ក្រុម​ម៉ុង​សាយ​មក​លោត​នៅ​មុខ​ផ្ទះ និង​មុខ​ហាង​របស់​លោក​នៅ​ក្រោយ​ចូល​ឆ្នាំ​ចិន ពោល​គឺ​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ខាង​មុខ ហើយ​លោក​ក៏​ត្រៀម​រួចរាល់​សម្រាប់​ឲ្យ​ក្រុម​ម៉ុង​សា​យមក​សម្ដែង និង​ឡក​ជូន​ទស្សនា​ដល់​ពលរដ្ឋ​ជិតខាង ក៏​ដូច​ជា​ជូនពរ​ជ័យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ