ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង ​«​ឆេ​ន​»​ កំពុង​ជួយ​ដល់​កសិករ​ដាំ​ដុះ​មាន​ជីវភាព​កាន់តែ​ប្រសើរ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ គម្រោង​សា​វប្បកម្ម​កម្ពុជា​ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​អាហារូបត្ថម្ភ ជំហាន​ទី​២ ហៅ​កាត់​ថា​«​ឆេ​ន​» ដែល​ជួយ​គាំទ្រ​ផ្នែក​កសិកម្ម កំពុង​ជួយ​ដល់​កសិករ​ខេត្តស្ទឹងត្រែង ឲ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​ដាំ​បន្លែ​សរីរាង្គ​ដែល​មាន​ទីផ្សារ ងាយស្រួល​ក្នុង​ការ​នាំ​ចេញ…

ខេត្តស្ទឹងត្រែង ៖ គម្រោង​សា​វប្បកម្ម​កម្ពុជា​ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​អាហារូបត្ថម្ភ ជំហាន​ទី​២ ហៅ​កាត់​ថា​«​ឆេ​ន​» ដែល​ជួយ​គាំទ្រ​ផ្នែក​កសិកម្ម កំពុង​ជួយ​ដល់​កសិករ​ខេត្តស្ទឹងត្រែង ឲ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​តាម​រយៈ​ការ​ដាំ​បន្លែ​សរីរាង្គ​ដែល​មាន​ទីផ្សារ ងាយស្រួល​ក្នុង​ការ​នាំ​ចេញ និង​បង្កើន​ប្រាក់​ចំណូល ។

ថ្លែង​ក្នុង​ពិធី​ពង្រីក​គម្រោង​សា​វប្បកម្ម​កម្ពុជា​ដំណាក់កាល​ទី​២ កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ លោក ជា ថា​វរិ​ទ្ធ អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ការ​ដាំ​ដុះ​បន្លែ​ផ្លែ​ឈើ​របស់​ប្រជា​កសិករ​ខ្មែរ​នៅ​មាន​កម្រិត​នៅឡើយ និង​ពឹងផ្អែក​លើ​ការ​នាំ​ចូល​ពី​ប្រទេស​​ជិតខាង​មក​ផ្គត់ផ្គង់​តម្រូវការ ហើយ​ការ​នាំ​ចូល​នោះ​ទៀត​សោត គ្មាន​ប្រភព​ច្បាស់លាស់ និង​មិន​ធានា​ពី​គុណភាព​បាន​ឡើយ ។ ដូច្នេះ​ហើយ​ការ​ដាំ​ដុះ​បន្លែ​ក្នុងស្រុក គឺ​មាន​សារសំខាន់​បំផុត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ និង​កាត់​បន្ថយ​ការ​នាំ​ចូល ។

លោក​ថ្លែង​ថា ៖« ដោយសារ​យើង​មាន​បង្អែក​ពី​គម្រោង​សា​វប្បកម្ម​កម្ពុជា ហៅ​កាត់​ថា​«ឆេ​ន​»​កំពុង​ជួយ​បង្ហាត់បង្រៀន​បច្ចេកទេស ផ្តល់​គ្រាប់ពូជ និង​ជួយ​រក​ទីផ្សារ​សម្រាប់​នាំ​ចេញ​បន្ថែម​ទៀត​នោះ សូម​បងប្អូន​កសិករ​ចូលរួម​អនុវត្ត​ការ​ដាំ​ដុះ​បន្លែ​សរីរាង្គ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ និង​ដើម្បី​លើកកម្ពស់​ជីវភាព​ក្នុង​គ្រួសារ ហើយ​កត្តា​សំខាន់​ជាង​នេះ គឺ​បងប្អូន​ត្រូវ​មាន​ដី​អំណោយផល និង​ចេះ​ជ្រើសរើស​ដំណាំ​ណា​ដែល​មាន​ទីផ្សារ​កំពុង​ត្រូវការ​នាំ​ចេញ » ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក លៀង សេង បាន​ទទួលស្គាល់​ថា ក្រោយ​ពី​មាន​គម្រោង​«​ឆេ​ន​»​លើក​ទី​១​មក សង្កេត​ឃើញ​កសិករ​មានការ​យល់​ដឹង​ច្រើន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​៨៣% បាន​ធ្វើ​ការងារ​កសិកម្ម​សម្រាប់​ចិញ្ចឹមជីវិត ដែល​កាត់​បន្ថយ​បាន​ពី​ការ​ពឹងផ្អែក​លើ​ធនធានធម្មជាតិ ។

លោក​ថ្លែង​ថា ៖« មន្ត្រី​កសិកម្ម​បាន​និង​កំពុង​សហការ​ជាមួយ​គម្រោង​នេះ ដើម្បី​ជួយ​គាំទ្រ​​ដល់​បងប្អូន​ដែល​ចាប់​យកមុខ​របរ​ដាំ​ដំណាំ​ពិតប្រាកដ និង​មាន​លក្ខណៈ​អាច​កែ​ច្នៃ ធ្វើ​យ៉ាងណា ឲ្យ​ពួក​គាត់​ទទួល​បាន​ផលប្រយោជន៍​ពី​គម្រោង​នេះ តាម​រយៈ​ការ​ចែក​រំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ក្នុង​ការ​ដាំ​ដុះ » ។

អ្នកស្រី ផុ​ន សុភា កសិករ​ដាំ​ម្ទេស នៅ​ភូមិ​ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ដែល​បាន​អនុវត្ត​គម្រោង​នេះ បាន​បញ្ជាក់​ថា គម្រោង «​ឆេ​ន​» ពិតជា​បាន​ធ្វើ​ឱ្យ​កសិករ​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗ​សម្រាប់​យក​មក​អនុវត្ត ដូច​ជា ការ​រើស​ពូជ​ដំណាំ ផលិត​បន្លែ​សរីរាង្គ និង​ទទួល​បាន​ទិន្នផល​ខ្ពស់ ។ អ្នកស្រី​ថា ៖« គម្រោង​នេះ​មិន​ត្រឹមតែ​ជួយ​ផ្ដល់​បច្ចេកទេស​ដាំ​ដុះ​ទេ ថែម​ទាំង​ជួយ​រក​ទីផ្សារ និង​ងាយស្រួល​លក់​ជាង​ធ្វើ​ចម្ការ​ផ្សេង​ៗ » ។

លោកស្រី មា​រី​គី វ៉ា​ន​ហ្សី (Marieke van Schie) ប្រធាន​គម្រោង​សា​វប្បកម្ម​កម្ពុជា បាន​បញ្ជាក់​ពី​ជំហរ​ថា នៅ​តែ​បន្ត​គាំទ្រ​ជាមួយ​សកម្មភាព​អនុវត្ត​គម្រោង​នេះ ព្រោះ​កន្លង​មក លោកស្រី​បានឃើញ​កសិករ​ដាំ​ដុះ​បាន​ដាំ​ដំណាំ​ច្រើន​មុខ​ដូច​ជា ខ្ទឹម ខាត់ណា ប៉េងប៉ោះ តាសក់ សាឡា​ត និង​ស្ពៃ​ជា​ច្រើន​ទៀត ។

ការ​ដាំ​ដុះ​បន្លែ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ទទួលផល​ចំណេញ​ច្រើន​ជាង​ផល​ស្រូវ​ពី​៧​ទៅ​៨​ដង ដែល​ការ​ធ្វើ​ស្រូវ​ក្នុង​១​ហិ​កតា​បាន​ប្រមាណ​១​ពាន់​ដុល្លារ ខណៈ​ការ​ដាំ​បន្លែ​ក្នុង​១​ហិ​កតា បាន​ប្រមាណ​៧​ពាន់​ទៅ​៨​ពាន់​ដុល្លារ ។ នេះ​បើ​តាម​លោក​ទី សុគន្ធ រដ្ឋលេខា​ធិ​ការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

លោក​រដ្ឋលេខាធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ផលិត​បន្លែ​ផ្លែ​ឈើ​របស់​កសិករ ទើបតែ​បាន​ចំនួន​៥០%​ប៉ុណ្ណោះ ហើយ​នាំ​ចូល​ពី​ប្រទេស​ក្រៅ​៥០% ។ ក្នុង​ករណី​នេះ ប្រជា​កសិ​ករ​គួរ​ខិតខំ​ផលិត​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​សម្រាប់​លក់​នៅ​ទីផ្សារ​ក្នុងស្រុក ព្រោះថា ទីផ្សារ​ក្នុងស្រុក​មាន​ភាព​ងាយស្រួល​ជាង ដោយ​មិន​ចាំបាច់​ដឹក​ជញ្ជូន​ច្រើន ។

សូម​បញ្ជាក់​ថា គម្រោង​សា​វប្បកម្ម​កម្ពុជា​ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​អាហារូបត្ថម្ភ ជំហាន​ទី​២ មាន​រយៈពេល​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ ដល់​២០២១ ដែល​គ្រោង​ចំណាយ​ថវិកា​ជាង​៤​លាន​ដុល្លារ​សម្រាប់​អនុវត្ត​ទៅ​លើ​ខេត្ត​ចំនួន​៤ ក្នុង​នោះ​មាន​ខេត្តឧត្តរ​មានជ័យ​, ក្រចេះ​, ព្រះ​វិហារ និង​ខេត្តស្ទឹងត្រែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ