ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្នើ​សុំ​ប្រាក់​កម្ចី​លក្ខណៈ​បុគ្គល​កើនឡើង ខណៈ​កម្ចី​មិន​ដំណើរការ​កាន់តែ​ល្អ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ស្តី​ពី​ស​ន្ទ​ស្សន៍​ឥណទាន​លក្ខណៈ​បុគ្គល​របស់​ការិយាល័យ​ឥណទាន​កម្ពុជា ហៅ​ថា ស៊ី​ប៊ី​ស៊ី បាន​បង្ហាញ​ថា ចំនួន​អ្នក​ស្នើ​សុំ​ប្រាក់​កម្ចី​បាន​បន្ត​កើនឡើង​នៅ​ក្នុង​ត្រីមាស​ទី​៤​នេះ បន្ទាប់​ពី​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី​២ និង​កើនឡើង​បន្តិច​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ស្តី​ពី​ស​ន្ទ​ស្សន៍​ឥណទាន​លក្ខណៈ​បុគ្គល​របស់​ការិយាល័យ​ឥណទាន​កម្ពុជា ហៅ​ថា ស៊ី​ប៊ី​ស៊ី បាន​បង្ហាញ​ថា ចំនួន​អ្នក​ស្នើ​សុំ​ប្រាក់​កម្ចី​បាន​បន្ត​កើនឡើង​នៅ​ក្នុង​ត្រីមាស​ទី​៤​នេះ បន្ទាប់​ពី​ធ្លាក់​ចុះ​ក្នុង​ត្រីមាស​ទី​២ និង​កើនឡើង​បន្តិច​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៧ ។ ក្នុង​ត្រីមាស​នេះ ផលិតផល​ទាំង​បី​បាន​កើនឡើង ដោយឡែក យើង​សង្កេត​ឃើញ​ថា ការ​ស្នើ​សុំ​ប័ណ្ណឥណទាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​រហូត​ដល់​៩៤% ធៀប​នឹង​ត្រីមាស​មុន ។

ទន្ទឹម​នឹង​នេះ កម្ចី​មិន​ដំណើរការ​លើស​ពី​៣០​ថ្ងៃ​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ អនុ​បាត​បាន​បន្ត​ធ្លាក់​ចុះ​នៅ​ត្រឹម​១,៥១% គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៧ ទាប​ជាង​អនុ​បាត​កាលពី​ខែធ្នូ ឆ្នាំ​២០១៦ ខណៈ​សមតុល្យ​កម្ចី​លក្ខណៈ​បុគ្គល​សរុប​បាន​កើនឡើង​៤៤% ក្នុងអំឡុងពេល​១២​ខែ​នេះ ។

តាម​​របាយការណ៍​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា ការ​ស្នើ​សុំ​ឥណទាន​លក្ខណៈ​បុគ្គល​បាន​កើនឡើង​ក្នុង​កម្រិត​+១៩% ធៀប​នឹង​ត្រីមាស​ទី​៣ ដែល​មាន​កម្រិត​+១០%​។ កំណើន​​នេះ ដោយសារ​តែ​មានការ​កើនឡើង​នៃ​ការ​ស្នើ​សុំ​ប្រាក់​កម្ចី​នៃ​ផលិតផល​ទាំង​៣​ប្រភេទ​គឺ ការ​ស្នើ​សុំ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន (+១៥%) ការ​ស្នើ​សុំ​ប័ណ្ណឥណទាន (+៩៤%) និង​ការ​ស្នើ​សុំ​កម្ចី​អចលនទ្រព្យ (+៦២%) ។ ការ​ស្នើ​សុំ​ប័ណ្ណឥណទាន​មាន​កំណើន​គួរ​ឲ្យ​ចាប់អារម្មណ៍ ដោយសារ​តែ​មានការ​ស្នើ​សុំ​កើនឡើង​ខ្ពស់​នៅ​តំបន់​ទំនាប (+១០៩%) ពិសេស​មាន​កំណើន​ឡើង​ខ្ពស់​ក្នុង​រាជធានី និង​តំបន់​ទន្លេសាប (+៣៥%) ដោយ​មាន​កំណើន​មធ្យម​ក្នុង​ខេត្តសៀមរាប ។

ដោយឡែក តំបន់ឆ្នេរ និង​តំបន់​ខ្ពង់រាប​ធ្លាក់​ចុះ​ក្នុង​កម្រិត​-៣១% និង​-៤% រៀង​គ្នា លើ​ការ​ស្នើ​សុំ​ប័ណ្ណឥណទាន​ក្នុង​ត្រីមាស​ទី​៤ ផង​ដែរ ។ ចំណែក​កម្ចី​អចលនទ្រព្យ ការ​កើនឡើង​នៃ​ការ​ស្នើ​សុំ​ក្នុង​ត្រីមាស​ទី​៤​នេះ ជា​ចម្បង​ក្នុង​តំបន់​ទំនាប រួម​មាន ខេត្តកំពង់ស្ពឺ ព្រៃវែង និង​តាកែវ ។
ក្នុង​ចំណោម​ត្រីមាស​ទាំង​៤​ឆ្នាំ​២០១៧ ចំនួន​គណនី​ឥណទាន​ត្រីមាស​ទី​៤ បាន​កើនឡើង​លំដាប់​ទី​២ បន្ទាប់​ពី​ត្រីមាស​ទី​១ ។

វា​បាន​កើនឡើង​ក្នុង​កម្រិត​+៦,៤០% ក្រោយ​ពី​ថមថយ​បន្តិច​ក្នុង​ត្រីមាស​ទី​៣ ដោយ​មាន​កំណើន​+២,១១% ធ្លាក់​ពី​+៤,១៩% ជា​កំណើន​ក្នុង​ត្រីមាស​ទី​២ ។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៧ ចំនួន​គណនី​ឥណទាន​សរុប​កើនឡើង​ដល់​២,៦៩​លាន​គណនី ក្នុង​នោះ​គណនី​ឥណទាន​លក្ខណៈ​បុគ្គល​មាន​ចំនួន​៨៤៣​ពាន់​គណនី (​ប្រៀបធៀប​៨០១​ពាន់​គណនី​ក្នុង​ត្រីមាស​ទី​៣) ស្មើនឹង​៣១% នៃ​ចំនួន​គណនី​ឥណទាន​សរុប ។ គិត​ជា​ចំនួន​គណនី ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន នៅ​តែ​មាន​ចំណែក​ច្រើន​ជាងគេ​ក្នុង​ចំណោម​ប្រាក់​កម្ចី​លក្ខណៈ​បុគ្គល​សរុប ដែល​ស្មើនឹង​៨១,០៨% បន្ទាប់​មក គឺ​កម្ចី​អចលនទ្រព្យ​ដែល​មាន​១១,២៤% និង​ជា​ប័ណ្ណឥណទាន​ស្មើនឹង​៧,៦៨% ។

អាស្រ័យ​ដោយ​ចំនួន​គណនី​ឥណទាន​សរុប​កើនឡើង សមតុល្យ​ឥណទាន​បាន​កើនឡើង​ស្របគ្នា​ក្នុង​កម្រិត​+៨,៧០% ធៀប​នឹង​ត្រីមាស​ទី​៣ ដែល​មាន​ចំនួន​+៧,៨៥% ។ កំណើន​នេះ​ធ្វើ​ឲ្យ​សមតុល្យ​ឥណទាន​កើនឡើង​មក​ដល់​៤,៥៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​បំណាច់​ត្រីមាស ស្មើនឹង​២៨% នៃ​សមតុល្យ​ឥណទាន​សរុប​ក្នុង​ទីផ្សារ ។

ស្រ​ដៀង​នឹង​ចំនួន​គណនី​ផង​ដែរ ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​នៅ​តែ​មាន​ចំណែក​ច្រើន​ជាងគេ ៥០,០៣% នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប កម្ចី​អចលនទ្រព្យ​នៅ​តែ​មាន​លំដាប់​លេខ​២ ចំណែក​ធំ​ជាង​មុន​៤៩,១១% (​ប្រៀបធៀប​៤៧,៩៣% ខែធ្នូ ឆ្នាំ​២០១៦) នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប សម្រាប់​ប័ណ្ណឥណ​ទាន​នៅ​តែ​មាន​ចំណែក​មួួ​យ​ដ៏​តូច​ត្រឹមតែ​០,៨៦%​នៃ​សមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គល​សរុប (​កើនឡើង​បន្តិច​ពី​០,៨៣% គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៦) ។ បើ​ប្រៀបធៀប​នឹង​ពេល​ដូច​គ្នា​នា​ចុងឆ្នាំ​២០១៦ វា​នៅ​តែ​មាន​ភាព​ដូច​គ្នា​សម្រាប់​ទីតាំង​ដែល​ប្រើប្រាស់​ឥណទាន​លក្ខណៈ​បុគ្គល​ច្រើន​ជាងគេ រួម​មាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល សៀមរាប និង​កំពង់ស្ពឺ រៀង​គ្នា ជា​តំបន់​ដែល​មាន​សមតុល្យ​ឥណទាន​ឈានមុខ​គេ ។

ចំណែក​ប្រាក់​កម្ចី​មិន​ដំណើរការ​លើស​ពី​៣០​ថ្ងៃ (NPL 30) មាន​ភាពល្អ​ជាង​មុន​នៅ​គ្រប់​តំបន់ ប្រៀបធៀប​នឹង​ត្រីមាស​ទី​៣ ។ វា​បាន​បន្ត​ធ្លាក់​ចុះ​ពី​១,៦១%​ក្នុង​ត្រីមាស​ទី​៣ មក​ត្រឹម​១,៥១%​គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៧ ។ ម្យ៉ាងវិញទៀត វា​បាន​ធ្លាក់​ចុះ​ជាង​មុន​បន្តិចទៀត បើ​ប្រៀបធៀប​នឹង​ត្រីមាស​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ខណៈ​សមតុល្យ​ឥណទាន​សរុប​បាន​កើនឡើង​រហូត​ដល់​ទៅ​៤៤% បើ​ប្រៀបធៀប​ពី​ត្រីមាស​ទី​៤ ឆ្នាំ​២០១៦ និង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ