ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​ផ្ទះ​មនុស្សធម៌​ទី​៤៥ និង​អណ្តូងទឹក​ស្អាត ជូន​ពលរដ្ឋ​ក្រីក្រ​នៅ​ស្រុក​ស្វាយ​លើ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖​លោកស្រី គួ​យ ណា​លី​ន ឃឹម​ប៊ុ​ន​សុង អនុប្រធាន​គណៈ ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង​សហការី បាន​ផ្តល់​ផ្ទះ​មនុស្សធម៌​ទី​៤៥ និង​អណ្តូងទឹក​ស្អាត…

ខេត្តសៀមរាប​៖​លោកស្រី គួ​យ ណា​លី​ន ឃឹម​ប៊ុ​ន​សុង អនុប្រធាន​គណៈ ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង​សហការី បាន​ផ្តល់​ផ្ទះ​មនុស្សធម៌​ទី​៤៥ និង​អណ្តូងទឹក​ស្អាត ជូន​ដល់​ប្អូនប្រុស ប៊ុ​ន បៀ​ន អាយុ​២៤​ឆ្នាំ មាន​ភរិយា​ឈ្មោះ ហែម ប៉ុក អាយុ​២៣​ឆ្នាំ មាន​កូ​ច​តូច​២​នាក់ ជា​គ្រួសារ​ទីទ័ល​ក្រ និង​ខ្វះ​ជម្រក រស់នៅ​ភូមិ ដំបូក​ខ្ពស់ ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នា​ថ្ងៃ​ទី ០៤ ខែ​កម្ភៈ ឆ្នាំ​២០១៨ ផ្ដួចផ្ដើម​ដោយ​លោក ឃឹម ប៊ុ​ន​សុង ប្រធាន​គណៈកម្មាធិការ​សាខា ដែល​មានផ្ទះ​មាន​ទំហំ​៥​ម៉ែត្រ x ៦​ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​ស័ង្កសី ក្រាល​ក្ដារ ជញ្ជាំង​ក្ដារ តម្កល់​លើ​ជើង​តាង​កម្ពស់​១.៨០​ម៉ែត្រ បច្ចុប្បន្ន​ដើរ​ស៊ីឈ្នួល​ដក​ដំឡូង ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។

បន្ទាប់​ពី​ប្រគល់​ផ្ទះ​មនុស្សធម៌​ទី​៤៥​រួច លោកស្រី និង​ប្រតិភូ​បាន​អញ្ជើញ​ប្រគល់​អណ្ដូងទឹក​ស្អាត​ចំនួន​២ ជូន​ដល់​សហគមន៍ គឺ​អណ្ដូង​ទី​២៥ (​អណ្ដូង​អា​ហ្វ្រី​ដេ​វ ទី​១) ប្រគល់​ជូន​សហគមន៍​ភូមិ​ដំបូក​ខ្ពស់ ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ និង​អណ្ដូង​ទី​២៦ (​អណ្ដូង​អា​ហ្វ្រី​ដេ​វ ទី​២) ប្រគល់​ជូន​សហគមន៍​ភូមិ​រហាល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ដែល​ជា​តំបន់​ខ្វះខាត​ទឹក​ប្រើប្រាស់ ។

មាន​ប្រសាសន៍​សំណេះសំណាល​ក្នុង​ឱកាស​នោះ លោកស្រី គួ​យ ណា​លី​ន ឃឹម​ប៊ុ​ន​សុង អនុប្រធាន​គណៈ ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​ដូច​ជា​លោក ឃឹម ប៊ុ​ន សុង ប្រធាន​គណៈកម្មាធិការ​សាខា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​រូប​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។ លោកស្រី​ក៏​បាន​ធ្វើការ​លើកទឹកចិត្ត​ដល់​បងប្អូន​ត្រូវ​ចេះ​ដាំ​ដំណាំ​រួម​ផ្សំ​នៅ​ជិត​ៗ​ផ្ទះ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព និង​ការ​រស់នៅ​របស់​បងប្អូន ។ លោកស្រី ក៏​បាន​បន្ត​ថា នេះ​ជា​រដូវប្រាំង​សូម​បងប្អូន​ទាំងអស់​ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លើង​ផ្សែង និង​សុខភាព ពិសេស​កូនចៅ​តូច​ៗ បើ​ឃើញ​ថា​មិន​ស្រួល​ត្រូវ​ប្រញាប់​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ។

លោកស្រី​ក៏​បាន​ផ្តាំផ្ញើ​ដល់​សមាជិកគ្រួសារ​ទាំងអស់​ត្រូវ​ចេះ​សម្អាត​ថែរក្សា​ផ្ទះ​ថ្មី​នេះ​ដើម្បី​បានជា​ជម្រក​ដ៏​កក់ក្តៅ​តរៀង​ទៅ ពិសេស​សហគមន៍​ត្រូវ​ចេះ​ជួយ​ថែរក្សា​អណ្ដូងទឹក​ស្អាត​ទាំងនេះ​ឱ្យ​បាន​ល្អ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ និង​អាច​ប្រើប្រាស់​បានរ​យូ​អង្វែង ។

អំណោយ​មនុស្សធម៌​បន្ថែម​ទៀត​ក្នុង​ការ​ប្រគល់​ផ្ទះ​នោះ​រួម​មាន ៖ មុង​១ ភួយ​១ សារុង​១ ក្រមា​១ កន្ទេល​១ អង្ករ​៥០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹកបរិសុទ្ធ​៥​យួរ សម្ភារ​ផ្ទះបាយ​មួយ​ចំនួន និង​ថវិកា​២០​ម៉ឺន​រៀល សម្រាប់​លោកតា លោកយាយ ដែល​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​ផ្ទះ​ម្នាក់​ៗ​ទទួល​បាន​ថវិកា​១​ម៉ឺន​រៀល ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ពិធី​ប្រគល់​អណ្ដូង ម្នាក់​ៗ​ទទួល​បាន សារុង​១ និង​ថវិកា​១​ម៉ឺន​រៀល​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ជួប​ធ្វើ​ការងារ​មនុស្សធម៌​ក្នុង​សហគមន៍​រួច​មក លោកស្រី និង​ប្រតិភូ​បាន​អញ្ជើញ​ត្រួតពិនិត្យ​អគារ​ទីស្នាក់ការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្វាយ​លើ ដែល​បាន​សាងសង់​កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជប់​ក្រោម​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប សម្រេច​រួចរាល់​ជា​ស្ថាពរ ហើយ​អគារ​នេះ​គ្រោង​នឹង​បើក​សម្ពាធ​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់​ៗ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ