ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ដែនដី​គ្រោង​បញ្ចូល​ទិន្នន័យ​សំណង់អគារ​ក្នុង​ប្រព័ន្ធ Google Map

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​កំណត់​អត្តសញ្ញាណ​សំណង់​អគារ​ឱ្យ​កាន់តែ​ច្បាស់លាស់ រដ្ឋ​មន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​និង​កំពុង​ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​រៀបចំ​ប្រមូល​ទិន្នន័យ​សំណង់​អគារ​គ្រប់​ប្រភេទ​ចងក្រង​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ Google Map ងាយស្រួល​ទាំង​ការ​គ្រប់គ្រង…

រាជធានី​ភ្នំពេញ ៖ ដើម្បី​កំណត់​អត្តសញ្ញាណ​សំណង់​អគារ​ឱ្យ​កាន់តែ​ច្បាស់លាស់ រដ្ឋ​មន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​និង​កំពុង​ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​រៀបចំ​ប្រមូល​ទិន្នន័យ​សំណង់​អគារ​គ្រប់​ប្រភេទ​ចងក្រង​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ Google Map ងាយស្រួល​ទាំង​ការ​គ្រប់គ្រង និង​អាច​ឆ្លើយ​តប​ទៅ​រាជ​រដ្ឋា​ភិបាល​​ទាន់​ពេលវេលា ហើយ​ក៏​ជា​គោលនយោបាយ​ថ្មី​មួយទៀត​ដែរ​ដើម្បី​ប្រមូល​ថវិកា​ជាតិ ខណៈ​គម្រោង​នេះ លោក​មាន​បំណង​ធ្វើ​អស់​រយៈពេល​២​ឆ្នាំ​ហើយ ។

លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​នា​ពេល​ថ្មី​ៗ​នេះ​ថា ៖« ខ្ញុំ​គុំ​២​ឆ្នាំ​ហើយ គុំ​យ៉ាងម៉េច គឺថា សំណង់​នេះ​ងាក​ទៅ​ឃើញ​វា​ខ្ពស់ ហើយ​អត់​ដឹង​ថា សំណង់​ជា​របស់​អ្នក​ណា ? ខ្ញុំ​ខ្លាច​អង្គុយ​វេទិកា​ខាងក្រោយ​សម្តេច បើ​សម្តេច​សួរ ឱ្យ​ខ្ញុំ​ឆ្លើយ​យ៉ាងម៉េច បើ​ខ្ញុំ​អត់​មាន​ទិន្នន័យ​ក្នុង​ដៃ​ផង»។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖« ឥឡូវនេះ យើង​សម្រេច​យក​ប្រព័ន្ធ​ទិន្នន័យ​តាម Google Map ដែល​មិន​ដាក់​តែ​សំណង់​អគារ និង​សណ្ឋាគារ​ទេ គឺ​ដាក់​សំណង់​ភោជនីយដ្ឋាន រមណីយដ្ឋាន វត្ត​អារាម និង​សំណង់​ផ្សេង​ៗ​ដូច​ជា សំណង់​បេតិកភណ្ឌ​ដាក់​ចម្រុះ​គ្នា ។ ការ​ដាក់​នេះ គឺ​បញ្ចូល​ទិន្នន័យ​របស់​ប្រទេស​ឱ្យ​តែ​មាន​សំណង់ ទោះបី​សំណង់​នោះ​ចេញ​​ដោយ​ក្រសួង​រៀបចំ​ដែនដី​, ចេញ​ច្បាប់​អនុញ្ញាត​ដោយ​ខេត្ត​-​ក្រុង ឬ​អភិបាលស្រុក​-​ខណ្ឌ​ក្តី » ។

បើ​តាម​លោក​រដ្ឋមន្ត្រី ការ​ដាក់​បញ្ចូល​ទិន្នន័យ​សំណង់​អគារ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ គឺ​ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​មាន​សារ​ប្រយោជន៍​សម្រាប់​ក្រសួង​នា​ពេល​ខាង​មុខ ។

លោក​បន្ត​ថា ៖« ចំពោះ​ការ​ដាក់​បញ្ចូល​សំណង់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​តាម​ថ្នាក់ រមណីយ​ដ្ឋាន សណ្ឋាគារ និង​ភោជនីយដ្ឋាន នេះ គឺ​ក្នុង​គោលដៅ​គ្រប់គ្រង បើ​យើង​ចង់​ដឹង​គ្រាន់តែ​ចុច អាច​ដឹង​បាន​ភ្លាម​ៗ​។ ការ​ដាក់​នេះ វា​មិន​អត់​ប្រយោជន៍​ទេ ពេល​ខ្ញុំ​ប្រមូល​​បាន​ទិន្នន័យ​ទាំង​អស់ហើយ យើង​នឹង​ចាប់ផ្តើម​បញ្ចូល​ទៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង ។ នៅ​ពេល​គេ​ឃើញ​ទំនង​ល្អ គេ​នឹង​ផ្សាយពាណិជ្ជកម្ម ដែល​អាច​បាន​ចំណូល​ចូល​ថវិកាជាតិ​ថែម​ទៀត » ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បង្ហាញ​ថា គិត​ចាប់ពី​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​សំណង់​អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង​ទៅ មាន​ចំនួន​៩៨៥​អគារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ