ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កប​ន្ដ​ការ​វិនិយោគ និង​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា ខណៈ​ទំនាក់ទំនងមិនសូវ​រលូន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​សហរដ្ឋអាមេរិក ត្រូវ​បាន​គេ​មើលឃើញ​ថា ហាក់​មិនសូវ​ល្អ​នឹង​គ្នា​ប៉ុន្មាន​ទេ ដោយ​ក្នុង​នោះ​មន្ត្រីជាន់ខ្ពស់​កម្ពុជា និង​អា​មេ​រិ​កបាន​ផ្លែផ្កា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​គួរ​ឲ្យ​កត់សម្គាល់ ។…

រាជធានី​ភ្នំពេញ ៖ នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​សហរដ្ឋអាមេរិក ត្រូវ​បាន​គេ​មើលឃើញ​ថា ហាក់​មិនសូវ​ល្អ​នឹង​គ្នា​ប៉ុន្មាន​ទេ ដោយ​ក្នុង​នោះ​មន្ត្រីជាន់ខ្ពស់​កម្ពុជា និង​អា​មេ​រិ​កបាន​ផ្លែផ្កា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​គួរ​ឲ្យ​កត់សម្គាល់ ។ យ៉ាងណា​ក៏​ដោយ បើ​ងាក​មក​មើល​ស្ថានភាព​វិនិយោគ និង​ការ​ធ្វើ​អាជីវកម្ម​របស់​អា​មេ​រិ​ក​នៅ​កម្ពុជា​វិញ នៅ​តែ​បន្តដំណើរ​ដោយ​រលូន និង​មិន​ខ្វល់​ពី​ទំនាក់ទំនង​ឡើយ ។ ជាក់ស្ដែង ក្រុមហ៊ុន​ធំ​ៗ​របស់​អា​មេ​រិ​កបាន​ចូល​មក​ស្វែងរក​ការ​វិនិយោគ​ជា​បន្ដបន្ទាប់ ហើយ​ក៏​មាន​អាជីវកម្ម​ម៉ាក​ល្បី​ៗ​របស់​អា​មេ​រិ​ក​ជា​ច្រើន​ទៀត​បាន​បន្ត​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​ផង​ដែរ ។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា លោក កឹ​ម ស៊ី​ថន បាន​ឲ្យ​ដឹង​ថា ដោយសារ​មាន​ការ​ជឿជាក់​លើ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា វិនិយោគិន​បរទេស​ជា​ច្រើន​បាន​បន្ត​ចូល​មក​បណ្ដាក់ទុន​ធ្វើ​អាជីវកម្ម​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​ម៉ាក​ល្បី​ៗ​ជា​ច្រើន​របស់​សហរដ្ឋអាមេរិក​ផង​ដែរ ។

លោក​បន្ត​ថា វិស័យ​ពាណិជ្ជកម្ម សេវាកម្ម និង​ការ​នាំ​ចេញ​-​នាំ​ចូល បាន​និង​កំពុង​តែ​មានការ​អភិវឌ្ឍ និង​រីក​លូតលាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​បាន​រួមចំណែក​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​រីក​ចម្រើន​ក្នុង​អត្រា​មធ្យម​៧%​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មកនេះ ហើយ​ក៏​មាន​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ។ លោក​ថា ៖« ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ មាន​ម៉ាក​ល្បី​ៗ​ចំនួន​៩៩ ត្រូវ​បាន​ម្ចាស់​ម៉ាក​ទាំងនោះ​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​គ្រប់គ្រង និង​បែងចែក​លក់​បន្ត​ក្នុង​នាម​ជា​ម្ចាស់​ម៉ាក » ។

លោក William A.Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងផង​ដែរ​ថា លោក​ពិតជា​រីករាយ​នៅ​ពេល​បានឃើញ​ម៉ាក​ល្បី​ៗ​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ទឹកដី​ព្រះ​រាជាណាចក្រ​កម្ពុជា ។ តាម​រយៈ​ស្ថានភាព និង​ភាព​ជា​ដៃគូ​រវាង​វិនិយោគិន​ខ្មែរ និង​បរទេស លោក​សង្ឃឹមថា ម៉ាក​ល្បី​ៗ​អា​មេ​រិ​ក​ជា​ច្រើន​ទៀត​នឹង​ចូល​មក​កាន់​ទី​នេះ ដើម្បី​ធ្វើ​អាជីវកម្ម​រួម​គ្នា​ជាមួយ​វិនិយោគិន​ខ្មែរ ។

លោក​បន្ត​ថា ៖« វិនិយោគិន​ទាំង​ពីរ​ប្រទេស​ពិតជា​មាន​ភាព​ឆ្លាត​វៃ ព្រោះ​គេ​បាន​យល់​ច្បាស់​ពី​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន និង​តម្រូវការ​នៅ​ពេល​អនាគត ។ យើង​សង្ឃឹមថា​ពួក​គេ​នឹង​ធ្វើការ​ជាមួយ​គ្នា​កាន់តែ​ល្អ​ដើម្បី​ឲ្យ​អាជីវកម្ម​ពួក​គេ​នៅ​ទី​នេះ​កាន់តែ​រីក​ចម្រើន និង​ល្បីល្បាញ » ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន វត្តមាន​ផលិតផល​និង​អាជីវកម្ម​អា​មេ​រិ​កមួយ​ចំនួន​នៅ​កម្ពុជា ត្រូវ​បាន​ទទួលស្គាល់ និង​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នៅ​កម្ពុជា ក្នុង​នោះ​ដែរ គេ​សង្កេត​មាន​ម៉ាក​ភោជនីយដ្ឋាន ហាង​កាហ្វេ រថយន្ត​ល្បី​ៗ និង​សេវាកម្ម​មួយ​ចំនួន​ទៀត​របស់​អា​មេ រិ​ក​កំពុង​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ