ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ទន្លេ​ឆ្នាំ​នេះ​នឹងធ្វើ​នៅ​ក្រុង​តា​ខ្មៅ​ដោយ​រំពឹង​ថា ​អ្នកទេសចរ​មាន​ជាង​1​លាន​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៤ នៅ​ក្រុង​តា​ខ្មៅ ទីរួមខេត្ត​កណ្ដាល ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៩-១១ ខែមីនា ខាង​មុខ ជាមួយ​ការ​រំពឹង​ទុក​ថា នឹង​មាន​អ្នកចូលរួម​ជាង​១​លាន​នាក់…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៤ នៅ​ក្រុង​តា​ខ្មៅ ទីរួមខេត្ត​កណ្ដាល ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៩-១១ ខែមីនា ខាង​មុខ ជាមួយ​ការ​រំពឹង​ទុក​ថា នឹង​មាន​អ្នកចូលរួម​ជាង​១​លាន​នាក់ ។

ការ​សម្រេច​ជ្រើសរើស​យក​ខេត្តកណ្តាល​ដើម្បី​រៀបចំ​បុណ្យ​លើក​ទី​៤​នេះ ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​នៅ​សាលាខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​២២ មក​រា ក្រោម​អធិបតីភាព​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ។ ការ​ជ្រើសរើស​ទីតាំង​នេះ​ដែរ បន្ទាប់​ពី​គណៈអធិបតី​ទាំង​ពីរ​បាន​ដឹកនាំ​ប្រតិភូ និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្ដែង​តាម​មាត់​ទន្លេបាសាក់ ក្នុង​ដែន​រដ្ឋបាល​ក្រុង​តា​ខ្មៅ ។

ថ្លែង​ទៅ​កាន់​អង្គប្រជុំ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ថា ទីតាំង​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​ភូមិសាស្ត្រ​នៅ​ជិត​រាជធានី​ភ្នំពេញ ដូច្នេះ​នឹង​មាន​ភ្ញៀវ​ទេសចរ​ចូលរួម​កម្សាន្ត​ប្រមាណ​១​លាន​៥​សែន​នាក់ ។

នេះ​ជា​លើក​ទី​៤​ហើយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​បុណ្យ​ទន្លេ ដែល​កាលពី​លើក​ទី​១ បាន​រៀបចំ​នៅ​ខេត្តក្រចេះ​ក្នុង​ឆ្នាំ​២០១៥, លើក​ទី​២​នៅ​ខេត្តកំពង់ចាម និង​លើក​ទី​៣​កាលពី​ឆ្នាំ​២០១៧ រៀបចំ​នៅ​ខេត្តស្ទឹងត្រែង​។ បុណ្យ​ទន្លេ​ត្រូវ​បាន​សម្រេច​រៀបចំ​ឡើង​ដោយ​យកស​ប្តា​ហ៍​ទី​១ ឬ​ទី​២ ក្នុង​ខែមីនា ។ បុណ្យ​ទន្លេ​បាន​ក្លាយជា​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​អាស៊ាន​ផង​ដែរ ហើយ​បុណ្យ​នេះ​ដែរ ក៏​ជា​ផលិតផល​ទេសចរណ៍​ឆ្លើយ​តប​នឹង​ក្របខ័ណ្ឌ​នយោបាយ​យុទ្ធសាស្ត្រ នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង មហា​អនុ​តំបន់​មេគង្គ អាស៊ាន​មេគង្គ​-​គង្គា ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន បាន​សង្កត់ធ្ងន់​ថា ដើម្បី​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤​នេះ ឲ្យ​មាន​ភាព​ឱ​ឡា​រឹក និង​ទទួល​បាន​ជោគជ័យ​ផង​នោះ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​គ្នា​បំពេញការងារ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដោយ​ក្នុង​នោះ លោក​បាន​ណែនាំ​ឱ្យ​អនុវត្ត​ការងារ​ចាំបាច់​មួយ​ចំនួន ដូច​ជា ៖

១-​ត្រូវ​យក​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​នេះ ធ្វើ​ជា​យុទ្ធនាការ​ទីក្រុង​ស្អាត រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​បន្ថែម និង​សម្អាត​បង្គន់​អនាម័យ​សាធារណៈ ដោះស្រាយ​បញ្ហា​សំរាម និង​ត្រូវ​ដាក់​ធុងសំរាម​បន្ថែម​នៅ​តាម​ទី​សាធារណៈ ត្រូវ​មានការ​តុបតែង​រចនា​លម្អ​គេហដ្ឋានរបស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ក្នុង​ក្រុង​តា​ខ្មៅ ក៏​ដូច​ជា​នៅ​ត្រើយម្ខាង និង​ទូ​ទាំង​ខេត្ត​ផង ដែរ ។

២-​ពង្រឹង​ការ​គ្រប់គ្រង​អភិវឌ្ឍន៍​រមណីយដ្ឋាន គុណភាព​សេវា​ទេសចរណ៍​នៅ​តាម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​នានា​ឲ្យ​បាន​សមរម្យ និង​មានការ​ពេញចិត្ត ពិសេស​ត្រូវ​យកចិត្តទុកដាក់​ដល់​គុណភាព សេវា​នាវា​ទេសចរណ៍ ទន្លេ (Mekong river cruise) ជា​ទុន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​កម្សាន្ត ពិសេស​ត្រូវ​បញ្ឈប់​ការ​បោះ​សំរាម ឬ​ក្រដាស​ចោល​ក្រោម​តុ ដោយ​ជំនួស​មក​វិញ​នូវ​កន្សែង​ត្រជាក់ ឬ​ក្រណាត់​អនាម័យ ទើប​ជា​ការ​ប្រសើរ ។

៣-​រៀបចំ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ការ​បញ្ចៀស និង​កាត់​បន្ថយ​បញ្ហា​ចរាចរណ៍ ត្រូវ​រៀបចំ​ឲ្យ​មានការ​ដឹក​ជញ្ជូន​ភ្ញៀវ​តាម​ផ្លូវទឹក និង​ផ្លូវ​វាង​នៅ​ត្រើយម្ខាង (​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ​) ។

៤-​ត្រូវ​កៀងគរ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ចូលរួម​តាំងពិព័រណ៍ និង​ដាក់​លក់​ផលិតផល​ក្នុងស្រុក​ដែល​ពួក​គាត់​សម្រេច​បាន​ដូច​ជា ដំណាំ​កសិកម្ម ឧស្សាហកម្ម និង​ផលិតផល​កែ​ច្នៃ​ក្នុងស្រុក​ជាដើម ដើម្បី​បង្ហាញ​ពី​សក្តានុពល​ផលិតផល​ក្នុងស្រុក​ទាំងនោះ សំដៅ​ទាក់​ទាញ​ការ​បញ្ជា​ទិញ​ពី​ក្រៅប្រទេស ។

៥-​ត្រូវ​ជំរុញ​ការ​សម្ដែង​សិល្បៈ​ចម្រុះ សិល្បៈ​វប្បធម៌ ផ្ទាំងទស្សនីយភាព​ដែល​បង្ហាញ ពី​អត្តសញ្ញាណ​នៃ​ទឹកដី ភូមិសាស្ត្រ និង​សកម្ម ភាព​កីឡា​នានា​ទាំង​នៅ​លើគោក និង​នៅ​លើ​ទឹក ហើយ​ត្រូវ​មាន​ទូក​កាណូត​ដឹក​ទេសចរ​ចូលរួម​ផង​ដែរ​។

៦-​ត្រូវ​ពង្រីក​ការ​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នេះ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ អាជីវករ ក្រុមហ៊ុន និង​ដៃគូ​នានា ដើម្បី​ជំរុញ​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍​នេះ​ឲ្យ​បាន​ច្រើន​កុះករ ពោល​គឺ​សម្រេច​ឲ្យ​បាន​តាម​ការ​រំពឹង​ទុក​១​លាន​៥​សែន​នាក់ ។

លោក ថោ​ង ខុន បាន​គូសបញ្ជាក់​បន្ថែម​ថា ទន្លេមេគង្គ​ជា​ទន្លេ​ដែល​វែង​ជាងគេ​លំដាប់​ទី​១៧​ក្នុង​ពិភពលោក និង​ទី​១២​ក្នុង​អាស៊ី ។ ទន្លេមេគង្គ​មាន​ប្រវែង​៤.២០០​គីឡូម៉ែត្រ ហើយ​​ហូរ​ឆ្លងកាត់​ប្រទេស​ចិន មី​យ៉ា​ន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម ។ ដោយឡែក នៅ​កម្ពុជា ទន្លេមេគង្គ​ហូរ​ឆ្លងកាត់​មាន​ប្រវែង​ជាង​៥០០​គីឡូម៉ែត្រ និង​បាន​បែកចេញ​ជា​ទន្លេសាប និង​ទន្លេតូច​ជា​ច្រើន​ទៀត ទាំង​នៅ​ប៉ែក​ខាងលើ ប៉ែក​ខាងក្រោម ដែល​មាន​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​រស់នៅ​តាម​ដង​ទន្លេ និង​ទទួល​បាន​ផលប្រយោជន៍​ពី​ទន្លេ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ