​បែកធ្លាយ​មេខ្លោង​នៅ​គុក​ព្រៃ​ស​នៅ​ពីក្រោយក្រុម​ជន​ថ្លើមធំ​ជួញដូរ​មិន​ញញើត​ដៃ


ខេត្តស្វាយរៀង ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​ក្រុម​ឧក្រិដ្ឋ​ជន​​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​បែកធ្លាយ​មេ​ខ្លោង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​គុក​ព្រៃ​ស​​ជា​​អ្នកបញ្ជា​ក្នុង​ការ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ និង​បន្ត​ចែកចាយ​មក​​តាម​បណ្តា​ខេត្ត​រហូត​ដល់​ខេត្តស្វាយរៀង​តែ​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​​រយៈពេល​៣​ថ្ងៃ​ចាប់​ជនសង្ស័យ​ចំនួន​១០​នាក់​ស្រី​៤​នាក់​ជា​បន្តបន្ទាប់​ក្នុង​នោះ​ជនជាតិ​វៀត​ណាម​៤​នាក់ ។

ដកហូត​ថ្នាំ​ញៀន​សរុប​បាន​ចំនួន​៧​គីឡូ​៣៥៦​ក្រាម​ចុច​៥៤, រថយន្ត​ម៉ាក TOYOTA ប្រ៊ូ​ស​១​គ្រឿង​, ម៉ូតូ​ចំនួន​២​គ្រឿង​, អាវុធ​ខ្លី​ចំនួន​២​ដើម​, គ្រាប់​២​បង់​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​២, សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។ ប្រាក់​ដុល្លារ​ចំនួន​៥០០​ដុល្លារ​, ប្រាក់​វៀតណាម​២.៥០០.០០០​ដុ​ង​, ប្រាក់​រៀល​៤៥០០០០​រៀល ។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី សែ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​រក្សា​ទុក​ឬ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ដើមឆ្នាំ​២០១៨ នេះ​រយៈពេល​៣​ថ្ងៃ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​៥​នាក់​ស្រី​ម្នាក់​រឹបអូស​ថ្នាំ​ញៀន​បាន​រហូត​ជាង​៧​គីឡូក្រាម ។

លោក​ឧត្តមសេនីយ៍​បន្ត​ទៀត​ថា ដោយ​មាន​ចម្លើយ​សារភាព​ថា មាន​មេខ្លោង​នៅ​រាជធានី​ភ្នំពេញ​លោក​ក៏​បាន​រាយការណ៍​ជូន​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោ​ធ​ពលខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ស្វាយរៀង​បាន​បញ្ជា​ផ្ទាល់​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដឹកនាំ​ដោយ​​លោក​ឧត្តមសេណីយ៍ឯក ស៊ិ​ន សូ​ផា​ន្នី មេបញ្ជាការ​រង​ទទួល​ផែន​នគ​បាល​យុ​ត្ត​ធម៌ និង​មាន​ការ​សម្របសម្រួល​ពី​លោក គង់ ច​ន្ទ័​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង និង​​លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​៣​ករណី​ជា​បន្តបន្ទាប់ ។

បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ឲ្យ​ជនសង្ស័យ​ឈ្មោះ ពៅ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កម្ម​ង់​ទិញ​ថ្នាំ​ពី​អ្នក​នៅ​ក្នុង​គុក​ព្រៃ​សរ​ហូត​ដល់​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ មេខ្លោង​ជួញដូរ​គ្រឿងញៀន​បាន​ណាត់ជួប​ចំណុច​ហាង​សាច់​អាំង​ព្រហ្ម​បាយ័ន​ខាងក្រោយ​រោង​កុន​លុ​ច ស្ថិត​នៅ​ចំណុច​សង្កាត់​ផ្សារ​កណ្តាល ផ្លូវ​លេខ​១៥៤​កែង​ផ្លូវ​លេខ​១៩ ខណ្ឌដូនពេញ ដោយ​​មេខ្លោង​ដែល​នៅ​ក្នុង​គុក​ព្រៃ​សបាន​បញ្ជា​ឲ្យ​ឈ្មោះ ង៉ូ​វ សុភា​រម្យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ យក​ថ្នាំ​មក​ជំនួស ក៏​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​ជាប់ ។ ហើយ​ជនសង្ស័យ​ឈ្មោះ ង៉ូ​វ សុភា​រម្យ សារភាព​ថា ខ្លួន​ជា​កូនចៅ​មេខ្លោង​គ្រឿងញៀន​នៅ​គុក​ព្រៃ​ស ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ