ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនជ្រូក​វៀតណាម​កំពុង​វាយប្រហារ​ទីផ្សារ​កូនជ្រូក​ខ្មែរ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្ដិភាព​ប្រចាំ​នៅ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ខណៈ​នេះ​ឈ្មួញ​កំពុង​សម្រុក​នាំ​ចូល​កូនជ្រូក​រាប់រយ​ក្បាល​ក្នុង​១​ថ្ងៃ​ៗ​មក​លក់​ឲ្យ​ថៅកែ​ធំ​ៗ​ដល់ទី​តាំង​សម្រាប់​ចែកចាយ​លក់​បន្ដ ឬ​ដឹក​មក​ភ្នំពេញ ដើម្បី​ធ្វើ​ជា​កូនជ្រូក​ខ្វៃ សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​ផ្សេង​ៗ ស្រប​ពេល​រដូវ​ចូល​ឆ្នាំ​ចិន ក៏​ជិត​មក​ដល់​ផង​នោះ…

ខេត្តព្រៃវែង ៖ តាម​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្ដិភាព​ប្រចាំ​នៅ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ខណៈ​នេះ​ឈ្មួញ​កំពុង​សម្រុក​នាំ​ចូល​កូនជ្រូក​រាប់រយ​ក្បាល​ក្នុង​១​ថ្ងៃ​ៗ​មក​លក់​ឲ្យ​ថៅកែ​ធំ​ៗ​ដល់ទី​តាំង​សម្រាប់​ចែកចាយ​លក់​បន្ដ ឬ​ដឹក​មក​ភ្នំពេញ ដើម្បី​ធ្វើ​ជា​កូនជ្រូក​ខ្វៃ សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​ផ្សេង​ៗ ស្រប​ពេល​រដូវ​ចូល​ឆ្នាំ​ចិន ក៏​ជិត​មក​ដល់​ផង​នោះ ។

បើ​តាម​ឈ្មួញកណ្ដាល​ដែល​រកស៊ី​ដើរ​ទិញ​កូនជ្រូក​ពី​តាម​ផ្ទះ​ប្រជាពលរដ្ឋ យក​មក​លក់​ឲ្យ​ថៅកែ​ធំ​នៅ​ផ្សារ​ច្រេស ក្នុង​ឃុំ​ច្រេស ស្រុក​មេ​សាង បាន​និយាយ​ថា កូនជ្រូក​ខ្មែរ​បច្ចុ​ប្បន្ន ធ្លាក់​ថ្លៃ​ហៅ​លែង​ឮ​ហើយ ព្រោះ​កូនជ្រូក​វៀតណាម​កំពុង​វាយលុក​ខ្លាំង ដោយ​ក្នុង​១​ថ្ងៃ​ៗ ឈ្មួញ​បាន​ដឹក​មក​លក់​ឲ្យ​ថៅកែ​ធំ​ៗ​ប្រចាំ​នៅ​ផ្សារ​ច្រេស​នេះ ។

ឈ្មួញ​ដដែល​បាន​ត្អូញត្អែរ​ថា ៖« រឿង​តម្លៃ​កូនជ្រូក​ធ្លាក់​ចុះថោក​ខ្លាំង រហូត​ធ្វើ​ឲ្យ​ពួក​គាត់​ប្រមាណ​ជា​៨០%​បោះបង់​មុខរបរ​នេះ​ចោល ដោយសារ​តែ​មានការ​នាំ​ចូល​កូនជ្រូក​មក​ពី​ប្រទេស​វៀតណាម​ច្រើន​ពេក ក្នុង​១​ថ្ងៃ​ៗ​ប្រមាណ​ជា​៤​ទៅ​៥​រយ​ក្បាល​ចូល​តាម​ច្រក​របៀង​ចេកមាស ស្ថិត​នៅ​ក្នុង​ឃុំ​ដូង ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដោយ​គេ​បាន​ដឹក​ជញ្ជូន​តាម​រ៉ឺ​ម៉ក​ម៉ូតូ យក​មក​លក់​ឲ្យ​ដល់​ផ្ទះ​ថៅកែ​ធំ​ៗ​នៅ​ផ្សារ​ច្រេស​តែ​ម្តង ។ ចំណែកឯ​ថៅកែ​ធំ​ៗ៥​ទៅ​៦​នាក់​ដែល​ប្រមូល​ទិញ​កូនជ្រូក​នៅ​ផ្សារ​ច្រេស​នេះ ដោយសារ​តែ​មាន​កូន​ជ្រូក​វៀតណាម​ចូល​មក​ច្រើន ក៏​ទិញ​ទម្លាក់​តម្លៃ​កូនជ្រូក​ក្នុងស្រុក​យ៉ាង​គំហុក​តែ​ម្ដង ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពួក​គាត់​ផង និង​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ផ្ទាល់​ផង »​។

លោក យ៉​ន ឃឿ​ន ជា​ឈ្មួញកណ្តាល​ម្នាក់​ក្នុង​ចំណោម​ឈ្មួញ​ផ្សេង​ៗ​ទៀត​បាន​ប្រាប់​កោះសន្តិភាព​ថា ពួក​គាត់​ភាគច្រើន​មិន​ត្រឹមតែ​ជា​ឈ្មួញកណ្តាល​ដើរ​ប្រមូល​ទិញ​កូន​ជ្រូក​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​ក៏​ជា​អ្នក​ចិញ្ចឹម​មេ​ជ្រូក​យក​កូន​លក់​ដែរ អ្នកខ្លះ​មេ​៤​ក្បាល អ្នកខ្លះ​៥​ក្បាល ប៉ុន្តែ​ពេល​នេះ ម្នាក់​ៗ​នៅ​តែ​សល់​តែ​មេ​១​ឬ​២​ក្បាល​ទេ ហើយ​អ្នកខ្លះ​ទៀត​គឺ​ឈប់​ចិញ្ចឹម​តែ​ម្តង ព្រោះ​កូនជ្រូក​ថោក​ពេក ។

លោក​បាន​បញ្ជាក់​ថា ៖« កាលពី​ឆ្នាំ​មុន កូនជ្រូក​ខ្មែរ​ដែល​ធំ​ល្អ អាយុ​ពី​១​ខែ​៥​ថ្ងៃ ទៅ​១​ខែ​១០​ថ្ងៃ លក់​បាន​ពី​១៣​ម៉ឺន​ទៅ​១៥​ម៉ឺន​រៀល​ក្នុង​១​ក្បាល ចំណែក​កូនជ្រូក​ធម្មតា​មិនសូវ​ល្អ​លក់​បាន​យ៉ាង​ទាប ក៏​៦​ម៉ឺន​ទៅ​៧​ម៉ឺន​រៀល​ដែរ តែ​បន្ទាប់​ពី​កូនជ្រូក​វៀតណាម​វាយ​ប្រហារ​ទីផ្សារ​មក កូនជ្រូក​ខ្មែរ​ដែល​ល្អ​នោះ តម្លៃ​យ៉ាងច្រើន​ជាង​៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​បើ​អន់​វិញ បាន​តែ​២​ទៅ​៣​ម៉ឺន​រៀល​ទេ » ។

លោក​បន្ដ​ថា ចំណែក​ថៅកែ​ធំ​ៗ​ដែល​ប្រមូល​ទិញ​ទាំងនោះ​វិញ បាន​លក់​បន្ដ​ឲ្យ​អ្នក​ចិញ្ចឹម​​នៅ​តាម​ផ្ទះ ក្នុង​តម្លៃ​ពី​១៥​ម៉ឺន​ឬ​១៦​ម៉ឺន​រៀល​ក្នុង​១​ក្បាល ឬ​ដឹក​បន្ដ​មក​ផ្គត់ផ្គង់​នៅ​ភ្នំពេញ ដើម្បី​ខ្វៃ​សម្រាប់​ពិធី​មង្គលការ និង​កម្មវិធី​ផ្សេង​ៗ ។

ដោយសារ​តែ​ទីផ្សារ​មួយ​នេះ​កំពុង​ប៉ះពាល់​ខ្លាំង​ដល់​អ្នក​ចិញ្ចឹម​មេ​ជ្រូក​យក​កូន រួម​ទាំង​ឈ្មួញកណ្តាល​ផង​នោះ ពួក​គាត់​បាន​សំណូមពរ​សុំ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ មន្ទីរ​កសិ​កម្ម​ខេត្តព្រៃវែង ពិសេស​លោក ជា សុ​មេធី អភិបាលខេត្ត មេត្តា​ជួយ​គិតគូរ​ដោះស្រាយ​ផង ហើយ​អ្វី​ដែល​ពួក​គាត់​ចង់បាន​បំផុត​នា​ពេល​នេះ គឺ​សូម​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​កូនជ្រូក​វៀតណាម​ហូរ​ចូល​មក​ដោយ​ស្រួល​ពេក ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពួក​គាត់​ខ្លាំង​ណាស់។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​ឲ្យ​ដឹង​ថា រឿង​នេះ​លោក​មិន​បានដឹង​ទេ ។ ទោះបី​យ៉ាងណា​ក៏​ដោយ លោក​សន្យា​ថា នឹង​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​មើល ហើយ​បើ​មានរឿង​បែប​នេះ​មែន លោក​និង​ចាត់វិធានការ​ទប់ស្កាត់​ភ្លាម។

បញ្ហា​លំហូរ​ទំនិញ​ពី​ប្រទេស​ជិតខាង​នេះ មិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​កម្ពុជា ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​ផ្គត់ផ្គង់​ដែរ​នោះ បាត់​ភាព​ប្រកួតប្រជែង និង​បាក់ទឹកចិត្ត​លែង​ចង់​ផលិត ពិសេស​នៅ​ពេល​ផលិត​បាន​ហើយ គ្មាន​ទីផ្សារ និង​តម្លៃ​ថោក​ជាដើម ខណៈ​ថ្លៃ​ដើម​ផលិត​ខ្ពស់​។ ទោះបី​យ៉ាងណា មួយ​រយៈ​ចុង​ក្រោយ​នេះ រាជរដ្ឋាភិបាល​បាន​ផ្ដោត​ការ​ចាប់អារម្មណ៍​ខ្ពស់​ទៅ​លើ​ផលិតផល​ក្នុងស្រុក និង​លើកទឹកចិត្ត​ដល់​ផលិតករ​ខ្មែរ​បង្កើន​ការ​វិនិយោគ និង​ផលិត​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ក្នុងស្រុក ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ