ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដឹកនាំ​ «ល្ខោននិយាយ​» ម្នាក់​ប្រឹងប្រែងទាំង​លំបាក​ប្រាថ្នា​ឱ្យ​សិល្បៈ​នេះ​លេចធ្លោ​ឡើង

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្មំ​ពេញ ៖ មាន​មិន​ច្រើន​ឡើយ ដែល​យុវវ័យ​សម័យ​បច្ចុប្បន្ន​ស្គាល់​ទម្រង់​ល្ខោន​ខ្មែរ​មួយ​ប្រភេទ​ឈ្មោះ​ថា «​ល្ខោននិយាយ​» ខណៈ​ទម្រង់​ល្ខោន​ប្រភេទ​នេះ​ប្រឈម​មុខ​នឹង​ការ​បាត់បង់ បន្តិច​ម្តង​ៗ ព្រោះ​មិនសូវ​មាន​ក្រុម​សម្តែង និង​មិនសូវ​មាន​សិស្ស​រៀន​ទេ ។…

​រាជធានី​ភ្មំ​ពេញ ៖ មាន​មិន​ច្រើន​ឡើយ ដែល​យុវវ័យ​សម័យ​បច្ចុប្បន្ន​ស្គាល់​ទម្រង់​ល្ខោន​ខ្មែរ​មួយ​ប្រភេទ​ឈ្មោះ​ថា «​ល្ខោននិយាយ​» ខណៈ​ទម្រង់​ល្ខោន​ប្រភេទ​នេះ​ប្រឈម​មុខ​នឹង​ការ​បាត់បង់ បន្តិច​ម្តង​ៗ ព្រោះ​មិនសូវ​មាន​ក្រុម​សម្តែង និង​មិនសូវ​មាន​សិស្ស​រៀន​ទេ ។ ដោយ​មូលហេតុ​នេះ​ហើយ​ទើប​អ្នកដឹកនាំ​ក្រុម​ល្ខោននិយាយ​មួយ​រូប​ចង់​លើកយក​ទម្រង់​ល្ខោន​នេះ​សម្តែង​ឱ្យ​បាន​ទូលំទូលាយ​ក្នុង​មួយ​ខែ​ម្តង ដើម្បី​ជា​ការ​អភិរក្ស និង​លើក​ស្ទួយ​ឱ្យ​មហាជន​ស្គាល់​កាន់តែ​ច្រើន ។

ក្រុម​ភា​រិ​ទ្ធ​ល្ខោននិយាយ ដែល​មាន​លោក​នេន ភា​រិ​ទ្ធ ជា​អ្នកដឹកនាំ គឺជា​ក្រុម​មួយ​ដែល​ព្យាយាម​ជម្នះ​ឧបសគ្គ ដើម្បី​លើកយក​រឿង​ប្រលោមលោក ចាស់​ៗ និង​រឿង​និពន្ធ​ថ្មី មក​សម្តែង​នៅ​តាម​ឆាក ជា​ពិសេស​នៅ​សារមន្ទីរ​ជាតិ បើ​ទោះបីជា​មិនសូវ​មាន​អ្នកគាំទ្រ​ក្តី ។ ប៉ុន្តែ​ការ​ដំឡើង​ឆាក​សម្តែង​មិន​ញឹកញាប់​នោះ​ទេ ក្នុង​មួយ​ឆ្នាំ​គេ​ឃើញ​សម្តែង​ត្រឹមតែ​១​ដង ឬ​២​ដង​ប៉ុណ្ណោះ ។

បំណង​សម្តែង​មួយ​ខែ​ម្តង​របស់​ក្រុម​ភា​រិ​ទ្ធ​ល្ខោននិយាយ នឹង​មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ប្រសិនបើ​គ្មាន​ការ​ជួយ​ឧបត្ថម្ភ និង​ការ​គាំទ្រ​ពី​ទស្សនិកជន ។

លោក​នេន ភា​រិ​ទ្ធ ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​នេះ​ថា នៅ​រយៈពេល​ចុង​ក្រោយ​នេះ សន្ទុះ​គាំទ្រ​ក្រុម​ល្ខោននិយាយ​របស់​លោក ហាក់​កើនឡើង​ជាង​មុន បើ​ទោះបីជា​វា​មិន​ច្រើន​ផុសផុល​ក៏​ដោយ តែ​យ៉ាងនេះ​ក្តី​វា​ជា​កម្លាំងចិត្ត​ជំរុញ​ឱ្យ​សិល្បករ​ក្នុង​ការ​ឡើង​សម្តែង ។  លោក​នេន ភា​រិ​ទ្ធ «​តែបើ​មានការ​ចូលរួម​ច្រើន គឺជា​កម្លាំងចិត្ត​របស់​សិល្ប​ករ»។

លោក​សប្បាយចិត្ត​ចំពោះ​ការ​គាំទ្រ​របស់​យុវជន ប៉ុន្តែ​ការ​គាំទ្រ​នេះ​មិន​អាច​ជួយ​ដល់​ការ​សម្តែង​របស់​សិល្បករ​បាន​ទេ ព្រោះ​វា​មាន​ចំនួន​តិច​ពេក ខុស​ការ​បញ្ចាំង​កុន​តាម​រោង មាន​យុវវ័យ​ជា​ច្រើន​ទៅ​គាំទ្រ ។

បុរស​សម្បុរ​ស្រអែម​ដែល​ជា​អ្នកដឹកនាំ​ក្រុម​រូប​នេះ​បាន​និយាយ​ថា នៅ​ឆ្នាំ​២០១៨​នេះ ក្រុម​លោក​ចង់​ដំឡើង​ឆាក​សម្តែង​ឱ្យ​បាន​ច្រើន​ដង ជាង​ឆ្នាំ​មុន ដោយ​លោក​បាន​ត្រៀម​រឿង ល្បី​ៗ​មួយ​ចំនួន​ដើម្បី​សម្តែង ប៉ុន្តែ​ការ​ដំឡើង​ឆាក​សម្តែង ម្តង​ៗ ត្រូវការ​ប្រាក់​ច្រើន​ដើម្បី​ទ្រទ្រង់​។ លោក​អំពាវនាវ​ឱ្យ​សប្បុរសជន និង​ក្រុមហ៊ុន​នានា​ជួយ​ឧបត្ថម្ភ​ដល់​ការ​សម្តែង​នេះ ដើម្បី​ឱ្យ​កិត្តិសព្ទ​ល្ខោននិយាយ​ជ្រាប​ដល់​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់ ។

លោក​ភា​រិ​ទ្ធ ឱ្យ​ដឹងផង​ដែរ​ថា នៅ​ចុង​ខែមករា ក្រុម​លោក​នឹង​មានកម្ម​វិធី​ធ្វើ​បទ​បង្ហាញ និង​សម្តែង​ល្ខោននិយាយ​នេះ​ម្តងទៀត ខណៈ​ក្រុម​របស់​លោក ទើបតែ​រៀបចំ​កម្មវិធី​ដូច​គ្នា​នេះ​កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៨ ។ ដោយនៅ​ឡែក​ចុងខែ​មិ​នា ឬ​ដើម​ខែមេសា ក្រុម​ភា​រិ​ទ្ធ​ល្ខោននិយាយ​របស់​លោក នឹង​រៀប​ចំការ​សម្តែង​ខ្នាត​ធំ​តែ​ម្តង ។

សម្រាប់​រឿង​ដែល​លោក​ត្រៀម​នឹង​លើកយក​មក​សម្តែង​នេះ មាន​៥​ស្នាដៃ ដូច​ជា​ស្នាដៃ​រឿង​មរណភាព​ចម្លែក ដែល​ជា​ស្នាដៃ​និង​កម្មសិទ្ធិ​របស់​លោក​សាស្ត្រាចារ្យ​គឹ​ម ពេជ្រ​ពី​ន​ន្ទ ស្ត្រី​និង​តន្ត្រីសម័យ​បុរាណ​ដែល​ជា​ស្នាដៃ​របស់​លោក​ភា​រិ​ទ្ធ ផ្ទាល់ រឿង​វង្ស​ត្រកូល​កម្សត់ រឿង​គំនូស​វិញ្ញាណ​ស្នាម​ដៃ រឿង​ចិញ្ចៀន​បញ្ចាំចិត្ត​របស់​លោក​ហង្ស ធន់​ហាក់ និង​រឿង​កុលាប​ប៉ៃលិន ។

លោក​រៀបរាប់​បន្ត​ថា «​ប្រសិនបើ​មាន​អ្នក​ឧបត្ថម្ភ​ខ្ញុំ​នឹង​សម្តែង​មួយ​ខែ​ម្តង ប៉ុន្តែ​បើ​អត់​ទេ… ។ ឥឡូវ​ហ្នឹង​កំពុង​តែ​ថា​រក​ឱ្យ​បាន​អ្នក​ដែល​ជួយ​ឧបត្ថម្ភ​សិន ។ ខ្ញុំ​សូម​សំណូមពរ​បណ្តា​សប្បុរសជន ក៏​ដូច​ជា​ក្រុមហ៊ុន ឬ​ក៏​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​គាំទ្រ និង​ជួយ​ឧបត្ថម្ភ ។ បើសិនជា​អាច​ទេ​សូម​អំពាវ​ទៅ​ដល់​យុវជន​ឱ្យ​គាត់​ងាក​មក​ជួយ​គាំទ្រ​ទម្រង់​ល្ខោននិយាយ ក៏​ដូច​ទម្រង់​សិល្បៈ​បុរាណ »​។

កាលពី​ឆ្នាំ​២០១៧ ក្រុម​ភា​រិ​ទ្ធ​ល្ខោននិយាយ បាន​ដំឡើង​ឆាក​សម្តែង​ត្រឹមតែ​ពីរ​ដង​ប៉ុណ្ណោះ ។ ការ​ឡើង​សម្តែង​បាន​តិចតួច​នេះ ដោយសារ​កត្តា​ប្រាក់​សម្រាប់​ការ​ចំណាយ និង​កង្វះខាត​សិល្បករ ដែល​រាល់ពេល​ឡើង​សម្តែង ម្តង​ៗ លោក​ត្រូវ​ព្យាយាម​ប្រមូល​សិល្បករ និង​លោកគ្រូ អ្នកគ្រូ​ផ្នែក​សិល្បៈ ចាស់​ៗ​មក​ចូលរួម​សម្តែង​ជាមួយ​។ យ៉ាងណា​កង្វះខាត​សិល្បករ​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ អ្វី​ដែល​សំខាន់​គឺ​ឧបត្ថម្ភ ។

លោក​នេន ភា​រិ​ទ្ធ បញ្ជាក់​បន្ថែម​ថា «​ប៉ុន្តែ​កត្តា​ដែល​ធំ​នោះ គឺ​ការ​ជួយ​ឧបត្ថម្ភ​មិនសូវ​មាន​នោះ​ទេ បើ​និយាយ​មួយ​ម៉ាត់​ទៀត​គឺ​អត់​សោះតែ​ម្តង ។ ពេល​ដែល​ខ្ញុំ​ដាក់​លិខិត​ទៅ​ខាង​ក្រុម​យុវជន​ដែល​គាត់​ផ្តួចផ្តើម​ធ្វើ​កម្មវិធី​ហ្នឹង គាត់​តែងតែ​ប្រាប់​ថា គេ​អត់​ស្គាល់​ល្ខោន​និយាយ​ហ្នឹង អ៊ីចឹង​គេ​ពិបាក​នឹង​ជួយ​ឧបត្ថម្ភ ពីព្រោះ​ធម្មតា​គេ​ជួយ​ឧបត្ថម្ភ គេ​ចង់​ដឹង​ពី​ប្រវត្តិ ពី​ទម្រង់​សិល្បៈ​ហ្នឹង មាន​ប្រជាប្រិយភាព​យ៉ាងម៉េច​ខ្លះ យើង​ដឹង​ស្រាប់​ហើយ​ទម្រង់​សិល្បៈ​យើង មិន​ត្រឹមតែ​ល្ខោននិយាយ​នោះ​ទេ ទម្រង់​ផ្សេង​ក៏​ជួប​បញ្ហា​លំបាក​នៅ​ក្នុង​ការ​ចូលរួម​គាំទ្រ​ដែរ​» ។

ល្ខោននិយាយ​ជា​ទម្រង់​សិល្បៈ​មួយ ដែល​កើតមក​ពី​ល្ខោន​សម័យ​ទំនើប ដែល​យក​ពាក្យ​​សម្តី​ជា​ធំ ។ ល្ខោន​នេះ​ហូរ​ចូល​ប្រទេស​កម្ពុជា​នៅ​អំឡុង​ឆ្នាំ​១៩៤៤-១៩៤៥ ដោយ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ​ហ្គី​វ ប៉ូ​រ៉េ នៅ​ចុង​សម័យ​អាណានិគមនិយម​បារាំង ។ ទម្រង់​ល្ខោននិយាយ គឺ​មានការ​ផ្តួចផ្តើម​ឡើង​មុនគេ​បង្អស់​ដោយ​លោក​ឡា ហ្វុ​ង​តែ​ន ។ ល្ខោននិយាយ​មាន​រូបរាង​ពិតប្រាកដ​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ ១៩៤៥ ។

ទម្រង់​ល្ខោននិយាយ ជា​ទម្រង់​សិល្បៈ​មួយ ដែល​និយាយ​ប្រាប់​ពី​រឿង​មួយ​តាម​រយៈ​ពាក្យ​សម្តី និង​សកម្មភាព​ទាំងឡាយ​របស់​តួអង្គ ។ សាច់​រឿង​សម្តែង​ដោយ​សិល្បករ ដែល​ជា​តួ​តំណាង​ឲ្យ​តួអង្គ​ពិត ដែល​សិល្បករ​ស្ថិត​នៅ​ចំពោះ​មុខ​ទស្សនិកជន ។

នៅ​ទស្ស​វត្ស​ឆ្នាំ​១៩៥០ អ្នកនិពន្ធ និង​អ្នកបកប្រែ​ប្រលោមលោក​ដ៏​ល្បី​មួយ​រូប គឺ​លោក ហង្ស ធុន​ហាក់ បាន​យក​ល្ខោននិយាយ​មក​ធ្វើ​ជា​សាច់​រឿង​ថត​ផ្សាយ​នៅ​ក្នុង​វិទ្យុជាតិ ។
បន្ទាប់​មក​ដោយសារ​លោក​មាន​ជំនាញ​ផ្នែក​ល្ខោន​ទំនើប​ពី​ប្រទេស​បារាំង លោក​បាន​ធ្វើ​ល្ខោន​ទំនើប ឬ​ល្ខោននិយាយ​នេះ​ផ្សាយ​តាម​វិទ្យុ​នៅ​ក្នុង​ព្រៃ ដើម្បី​បង្ហាញ​ពី​ភាព​ស្នេហា​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​ចលនា​អ្នកតស៊ូ​នៅ​ភ្នំ​ដងរែក ។

ក្រោយ​ពី​របប​ប្រល័យពូជសាសន៍​បាន​ដួលរ​លំនៅ​ឆ្នាំ​១៩៧៩ សិល្បករ​ផ្នែក​ល្ខោន​និយាយ នៅ​សេសសល់​តិចតួច​បំផុត ដែល​ឆ្លង​រួច​ផុត​ពី​ការ​កាប់សម្លាប​របស់់​របប​ប៉ុ​ល​ពត ។ តាំងពី​ឆ្នាំ​១៩៧៩ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ការ​ចងក្រង​អត្ថបទ​ទម្រង់​ល្ខោន​និយាយ នៅ​ប្រទេស​កម្ពុជា មិន​ទាន់​មានការ​រីក​ចំរើន​ដូច​ពេល​មុន​សង្គ្រាម​ឆ្នាំ​១៩៧០​ឡើយ ។

ល្ខោននិយាយ​ស្ទើរតែ​បាត់​ពី​ក្នុង​ពិភព​សិល្បៈ​ទស្សនីយភាព​ខ្មែរ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​អ្នក​ដែល​ស្រលាញ់​សិល្បៈ​ល្ខោននិយាយ​បាន​ប្រឹងប្រែង​ធ្វើ​ឱ្យ​ល្ខោន​ប្រភេទ​នេះ​មានឈ្មោះ​នៅ​សង្គម​ឡើង​វិញ​ម្តងទៀត ។

លោក​នេន ភា​រិ​ទ្ធ រំពឹង​ថា នឹង​មាន​អ្នកគាំទ្រ​ច្រើន​ជាង​មុន ដោយ​លោក​ថា ទម្រង់​ល្ខោន​និយាយ​មិនមែន​គ្រាន់តែ​សម្តែង​ឱ្យ​ល្អមើល​នោះ​ទេ តែ​វា​ក៏​ផ្តល់​ការ​អប់រំ​តាម​រយៈ​សាច់​រឿង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ