ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​កំប្លែង​ជា​ច្រើន​ខកខាន​សម្តែងពី​កម្មវិធី​កម្សាន្ត​តាម​ទូរទស្សន៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្មំ​ពេញ ៖​តារា​កំប្លែង​លោក​ជួង ជី ហៅ​នាយ​កុយ បាន​ទទួលស្គាល់​ពី​ការ​ធ្លាក់​ចុះ​នូវ​សិល្បៈ​កំប្លែង​តាម​បណ្តា​ស្ថានីយទូរទស្សន៍​ក្នុង​រយៈកាល​ចុង​ក្រោយ​នេះ ខណៈ​ពេល​ដែល​កម្មវិធី​ចម្រៀង​បែប​យុវវ័យ​កើនឡើង​ខ្លាំង ។ ការ​ស្តែង​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ក្នុង​វិស័យ​កំប្លែង​តាម​បណ្តា​ស្ថានីយទូរទស្សន៍​របស់​នាយ​កុយ គឺ​ដោយសារ​បច្ចុប្បន្ន​មាន​ស្ថានីយទូរទស្សន៍​ជា​ច្រើន​បាន​សម្រេច​បិទ​កម្មវិធី​របស់​ខ្លួន​ដែល​នៅ​ក្នុង​នោះ​ក៏​មានកា​ភ្ជាប់​នូវ​ទស្សនីយភាព​កំប្លែង​ផង​ដែរ ។…

រាជធានី​ភ្មំ​ពេញ ៖​តារា​កំប្លែង​លោក​ជួង ជី ហៅ​នាយ​កុយ បាន​ទទួលស្គាល់​ពី​ការ​ធ្លាក់​ចុះ​នូវ​សិល្បៈ​កំប្លែង​តាម​បណ្តា​ស្ថានីយទូរទស្សន៍​ក្នុង​រយៈកាល​ចុង​ក្រោយ​នេះ ខណៈ​ពេល​ដែល​កម្មវិធី​ចម្រៀង​បែប​យុវវ័យ​កើនឡើង​ខ្លាំង ។ ការ​ស្តែង​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ក្នុង​វិស័យ​កំប្លែង​តាម​បណ្តា​ស្ថានីយទូរទស្សន៍​របស់​នាយ​កុយ គឺ​ដោយសារ​បច្ចុប្បន្ន​មាន​ស្ថានីយទូរទស្សន៍​ជា​ច្រើន​បាន​សម្រេច​បិទ​កម្មវិធី​របស់​ខ្លួន​ដែល​នៅ​ក្នុង​នោះ​ក៏​មានកា​ភ្ជាប់​នូវ​ទស្សនីយភាព​កំប្លែង​ផង​ដែរ ។

លោក​ជួង ជី ហៅ​កុយ បាន​ហៅ​ការ​បិទ​នូវ​សិល្បៈ​កំប្លែង​នា​ពេល​នេះ គឺជា​សញ្ញា​អវិជ្ជ​មាន​មួយ​ដែល​អាច​នាំ​ឲ្យ​សិល្បៈ​មួយ​នេះ​ប្រឈម​នូវ​ការ​បាត់បង់​ប្រជាប្រិយភាព ក្នុង​ពេល​ដែល​កំប្លែង​នៅ​តែ​មានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​នា​ពេល​បច្ចុប្បន្ន ។ នាយ​កុយ បាន​អះអាង​ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា បច្ចុប្បន្ន​ស្ទើរតែ​គ្រប់​ស្ថានីយ​ទូរទស្សន៍​នៅ​ក្នុងស្រុក​ទាំងអស់​បាន​លុប​ចោល​នូវ​កម្មវិធី​កំប្លែង​ចោល​ទាំង​ស្រុង ដោយ​ជំនួស​មក​វិញ​នូវ​កម្មវិធី​ចម្រៀង​តាម​បែប​យុវវ័យ ។

មិន​មាន​តែ​សិល្បៈ​កំប្លែង​មួយ​ទេ​ដែល​ស្ទើរតែ​គ្មាន​កម្មវិធី​សម្តែង ប៉ុន្តែ​សិល្បៈ​បុរាណ​ជា​ច្រើន​ទៀត ក៏​មិនសូវ​មានការ​សម្តែង​ដូច​គ្នា ។ លោក​មិន​យល់​ច្បាស់​ទេ​ថា​បណ្តា​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់នោះ​មិន​ចាប់អារម្មណ៍ និង​បិទ​កម្មវិធី​សម្តែង​កំប្លែង​នេះ​ចោល ក្នុង​ពេល​ដែល​សិល្បៈ​មួយ​នេះ​នៅ​តែ​ទទួល​ការ​ពេញ​និយម​ពី​ទស្សនិកជន​នៅឡើយ​។ បើ​តាម​នាយ​កុយ សម្រាប់​ខ្លួន​លោក​ម្នាក់ បើ​ទោះបីជា​មិន​មានការ​សម្តែង​កំប្លែង​តាម​បណ្តា​ស្ថានីយទូរទស្សន៍​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​អាច​រស់​ចិញ្ចឹមជីវិត​បាន​ដដែល ដោយសារ​លោក​មាន​មុខរបរ​មួយ​ចំនួន​ទៀត​ក្រៅពី​អាជីព​មួយ​នេះ​។ ប៉ុន្តែ​អ្វី​ដែល​លោក​ចង់​និយាយ​​នេះ​មិន​មាន​ន័យ​ថា គ្រប់​ស្ថានីយទូរទស្សន៍​ទាំងអស់ ត្រូវ​តែ​មាន​កំប្លែង​នោះ​ទេ តែ​លោក​គ្រាន់តែ​ចង់​ស្នើ​សុំ​ឲ្យ​កម្មវិធី​កម្សាន្ត​ណាមួយ​គួរ​ដាក់​បញ្ចូល​នូវ​សិល្បៈ​កំប្លែង និង​សិល្បៈ​បុរាណ ខ្លះ​ៗ​នោះ​ជា​ការ​ល្អ ។

លោក​ជួង ជី និយាយ​ថា បើ​ក្រឡេក​មើល​ប្រទេស​គេ គឺ​គេ​តែងតែ​ដាក់​បញ្ចូល​នូវ​កម្មវិធី​កំប្លែង​មិន​ចោល​ឡើយ ហើយ​ទាំង​សម័យ និង​បុរាណ​គឺ​ដើរ​ទន្ទឹម​គ្នា មិនមែន​លើក​ស្ទួយ​តែ​សម័យ​តែ​មួយ​មុខ ហើយគ្នា​អ្នក​សម្តែង​បុរាណ​គ្មាន​ការងារ​ធ្វើ​នោះ​ឡើយ ។ ការ​ធ្លាក់​ចុះ​នូវ​ការ​លេង​កំប្លែង​នោះ គឺ​មិនមែន​មាន​តែ​ក្រុម​លោក​មួយ​ឡើយ ពោល​សូ​ម្បី​ក្រុម​កំប្លែង​មួយ​ចំនួន​ទៀត ក៏​ស្ទើរតែ​គ្មាន​ឱកាស​សម្តែង​ដូច​គ្នា ។

យ៉ាងណា​ក៏​ដោយ​ក្នុង​នាម​លោក​​ដែល​ជា​អ្នក​សម្តែង​កំប្លែង​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ លោក​មិន​ចង់​ឲ្យ​អាជីព និង​សិល្បៈ​មួយ​នេះ​ត្រូវ​គេ​បិទ​ចោល​នោះ​ឡើយ ពោល​លោក​នៅ​តែ​ទទូច​ស្នើ​ឲ្យ​មានការ​ដាក់​កំប្លែង​នេះ​រហូត​ទៅ បើ​ទោះបីជា​ផ្នែក​ចម្រៀង​សម័យ​មានការ​និយម​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ហើយ​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​ក្រុមហ៊ុន ផ្សេង​ៗ​ក៏​ដោយ ។

លោក​យល់​ថា ការ​សម្តែង​កំប្លែង​ក្រុម​របស់​លោក​គឺ​ម្តង​ត្រូវ​ចំណាយ​តែ​៣០០​ដុល្លារ ហើយ​យក​មក​ចែក​គ្នា​បាន​ម្នាក់​២០​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​លោក​ចង់​បន្ត​វត្តមាន​សម្តែង​កំប្លែង​នេះ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ទស្សនា​បន្ត​ទៀត ជា​ពិសេស​ក៏​ដូច​ជា​ការ​ជួយ​ដល់​តារា​កំប្លែង ចា​ស់​ៗ​មួយ​ចំនួន​ដែល​ក្រលំបាក​ផង​ដែរ ។

ដោយឡែក​តារា​កំប្លែង​ថ្មី ជា​កូនប្រុស​របស់​តារា​កំប្លែង​ស្ងួត​នាយ​ខ្ជឹប គឺ​នាយ​ខ្ចៅ បាន​បង្ហោះ​សារ​ស្តែង​ពី​ការ​ធ្លាក់​ចុះ​ការ​សម្តែង​របស់​ខ្លួន​ដែរ​ថា «​អា​ធ្រា​ត្រ​យប់​ស្ងាត់ ខ្យល់​ផាត់​រំភើយ ឱ​ខ្លួន​ខ្ញុំ​អើយ ខំ​ចេញពី​ស្រុក ប្រឡូក​សិល្បៈ​គិត​ថា​ស្រណុក បងប្អូន​ចាំ​ទុក បាន​តែ​ម៉ា​រស់ ។ ខំប្រឹង​សាបព្រោះ ចង់បាន​គេ​ឈ្មោះ ជូន​ភូមិ​អ្នកស្រុក តែ​បច្ចុប្បន្ន​នេះ សិល្បៈ​ធ្លាក់​ស្រុត ចូល​ចិត្ត​មូ​យ​គត់ នៃ​ការ​រាំច្រៀង ។ មិន​អន់ចិត្ត​ខ្លួនឯង​នឹង​វាសនា តែ​ចេញពីរ​អារម្មណ៍​ពិត »​។

ក្នុង​រយៈកាល​ចុង​ក្រោយ​នេះ​កម្មវិធី​កំប្លែង​តាម​ឆាក​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ក្រោយ​ពី​កម្មវិធី​តន្ត្រី​នានា ដែល​មានការ​សម្តែង​កំប្លែង​នៅ​ម៉ោង​ចុង​ក្រោយ​នោះ​បាន​បិទ​កម្មវិធី​ចោល​ទាំងស្រុង ។ ការ​សម្តែង​កំប្លែង​ដែល​ត្រូវ​បាន​បិទ នោះ​មាន​ដូច​ជា ប្រជុំ​តារា​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​ដែល​មាន​ក្រុម​នាយ​កុយ​ជា​អ្នក​សម្តែង ។

កម្មវិធី​«​មន្ត​ស្នេហ៍​សំនៀង​»​របស់​ទូរទស្សន៍ CTN ។ កម្មវិធី​តន្ត្រី​លើ​ទឹក​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ដែល​មាន​ក្រុម​នាយ​ខ្ជឹប​ជា​អ្នក​សម្តែង ។ កម្មវិធី តន្ត្រី​ថ្ងៃអាទិត្យ​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស ដែល​មាន​ក្រុម​កំប្លែង​នាយ​ក្រិន នាយ​ហុងដា និង​អ្នក​នាង​ប្រិមប្រិយ ជា​អ្នក​សម្តែង ។ កម្មវិធី​កម្មវិធី​តន្ត្រី​ថ្ងៃ​សៅរ៍​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ដែល​មាន​ក្រុម​នាយ​ស្វិត និង​នាយ តឹង ជា​អ្នក​សម្តែង ។ នៅ​មានកម្ម​វិធី​មួយ​ចំនួន​ទៀត ។

បើ​តាម​ប្រភព​ក្រៅ​ផ្លួ​វ​ការ​ពី​បណ្តា​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​នាំ​ឲ្យ​បិទ​នូវ​កម្មវិធី​ទាំងនោះ​ចោល គឺ​ដោយសារ​មិន​មាន​អ្នក​ឧបត្ថម្ភ មិន​បន្ត​កុងត្រា​ថ្មី ហើយ​ខ្លះ​គឺ​តម្រូវ​តាម​ការ​ចង់បាន​ពី​ម្ចាស់​ឧបត្ថម្ភ​ប៉ុណ្ណោះ ។ យ៉ាងណា​ក៏​ដោយ មាន​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​នៅ​តែ​អះអាង​ថា កម្មវិធី​កំប្លែង​គឺ​នៅ​តែ​មាន​ដដែល ដោយនៅ​ក្នុង​នោះ​អ្នកដឹកនាំ​អាច​នឹង​យក​ទៅ​ដាក់​នៅ​ក្នុង​កម្មវិធី​ណាមួយ​ផ្សេង ឬ​ក៏​អាច​ផ្លាស់​ប្តូរ​ការ​សម្តែង​ទៅ​ជា​ទម្រង់​បែប​ផ្សេង​អាស្រ័យ​ទៅ​លើ​ការ​រៀបចំ និង​ការ​ចង់បាន​ពី​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ