ប្រទេសម៉ាឡេស៊ី ៖ អ្នកបង្កើតមាតិកាជនជាតិម៉ាឡេស៊ី១រូប លោក Muhamad Zakhir Muhamad Zaidi បានបន្តទាក់ទាញអ្នកគាំទ្របាល់ទាត់នៅក្នុងទីក្រុង Kota Bharu នៃរដ្ឋ Kelantan រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីល្បីខ្លាំង ដោយសារលោកមានមុខមាត់ស្រដៀងខ្លាំងទៅនឹងកីឡាករបាល់ទាត់ឆ្នើម Lamine Yamal របស់ក្រុមជម្រើសជាតិអេស្ប៉ាញ និងក្លិប Barcelona។
សកម្មភាពដែលបានថតទុកកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានបង្ហាញថា លោក Zakhir បានថតរូបជាមួយអ្នកគាំទ្រ និងពានរង្វាន់ World Cup ចម្លង មុនពេលចូលទាត់បាល់លេងជាមួយអ្នកគាំទ្រវ័យក្មេងរបស់លោក។ ជាមួយគ្នានោះដែរ លោកក៏បានបង្ហាញការចាប់អារម្មណ៍ដែលលោកទទួលបាន ពីការមានមុខមាត់ស្រដៀងនឹង Lamine Yamal ដែលទើបតែជួយក្រុមគោជល់អេស្ប៉ាញឈ្នះជើងឯក World Cup កាលពីពេលថ្មីៗនេះផងដែរ។
លោក Zakhir បានថ្លែងដូច្នេះថា «ខ្ញុំរីករាយណាស់នៅពេលមានគេមកសុំថតជាមួយ ជាពិសេសអ្នកគាំទ្របាល់ទាត់ និងក្មេងៗដែលស្រឡាញ់កីឡានេះ។ ខ្ញុំចូលចិត្តពេលពួកគេដើរចូលមកសុំថតរូប ព្រោះធ្វើឱ្យខ្ញុំមានអារម្មណ៍ថាទទួលបានការកោតសរសើរ។ ខ្ញុំចាត់ទុកវាជាពរជ័យ និងចំណុចពិសេសមួយដែលខ្ញុំមាន ហើយប្រសិនបើខ្ញុំមានឱកាសបានជួប ឬគ្រាន់តែត្រូវបានបង្ហាញឱ្យ Lamine Yamal បានឃើញ បានដឹង នោះខ្ញុំពិតជាមានសេចក្តីសុខខ្លាំងណាស់។ វាពិតជាមានន័យធំធេងណាស់សម្រាប់ខ្ញុំ»។
លោក Zakhir ដែលជាអ្នកបង្កើតមាតិកាមកពីស្រុក Bachok រដ្ឋ Kelantan បានល្បីខ្ទរខ្ទារលើបណ្តាញសង្គមកាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីអ្នកនិយមបណ្តាញសង្គមបានចាប់អារម្មណ៍លើទម្រង់មុខរបស់លោកស្រដៀងនឹងខ្សែប្រយុទ្ធស្លាបវ័យក្មេងឆ្នើមលំដាប់ពិភពលោក Lamine Yamal ។ ប្រជាប្រិយភាពលោក Zakhir បានសុះសាយឡើងពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ពីបានចូលរួមការប្រកួតកីឡាអេឡិចត្រូនិក (Esports) អំឡុងពេលនៃការចាក់ផ្សាយជាសាធារណៈនូវការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ World Cup និងបានឈ្នះចំណាត់ថ្នាក់លេខ ១ ដោយនឹកស្មានមិនដល់ថែមទៀតផង ហើយនៅពេលលោកឡើងទទួលរង្វាន់ ទស្សនិកជនបាននាំគ្នាស្រែកឈ្មោះ «Yamal» គ្រប់ៗគ្នា។
យ៉ាងណាមិញ ទោះបីជាមានមុខមាត់ស្រដៀងនឹង Lamine Yamal ក៏ដោយ ក៏លោក Zakhir ធ្លាប់បាននិយាយថា តាមពិតទៅលោកគឺជាអ្នកគាំទ្រក្រុមជម្រើសជាតិព័រទុយហ្គាល់ និងខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នោះទេ៕ ប្រភព ៖ VnExpress





ចែករំលែកព័តមាននេះ