ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សំណាង​! ចុងសន្លឹក​ឆ្នោត​ឈ្នះ​ជាង​១​លាន​ដុល្លារ ត្រឡប់​ដល់​ដៃ​ម្ចាស់​វិញ ក្រោយ​ចាយ​ពេល​ជិត​១​ថ្ងៃ​កាយ​រក​ក្នុង​គំនរ​សំរាម

2 ថ្ងៃ មុន

ប្រទេស​អ៊ី​តា​លី ៖ ស្ត្រី​ជនជាតិ​អ៊ី​តា​លី​មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់ បាន​ធ្វេសប្រហែស​ចោល​ចុងសន្លឹក​ឆ្នោត​ឈ្នះ​រង្វាន់​ទឹកប្រាក់ ១​លាន​អឺ​រ៉ូ ឬ​ប្រហែល ១,១៥ លាន​ដុល្លារ​អា​មេ​រិ​ក ចូល​ទៅ​ក្នុង​ធុងសំរាម ប៉ុន្តែ​ជាម​ហា​សំណាង​បំផុត ចុង​ឆ្នោត​១​សន្លឹក​នោះ ត្រូវ​បាន​ក្រុម​កម្មករ​ប្រមូល​សំរាម​ជួយ​រក​ឃើញ​ត្រឡប់​មក​វិញ បន្ទាប់​ពី​ចាយ​ពេល​កាយ​រុករក​ក្នុង​គំនរ​សំរាម​ស្ទើរ​ពេញ​១​ថ្ងៃ​។ នេះ​បើ​តាម​ប្រភព​ពី South China Morning Post និង BBC បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

យោង​តាម​លោក Roberto Nicola Toscano នាយក​ក្រុមហ៊ុន​គ្រប់គ្រង​កាក​សំណល់​សាធារណៈ SANB នៅ​ក្នុង​តំបន់ Apuglia ភាគ​ខាងត្បូង​ប្រទេស​អ៊ី​តា​លី បានឱ្យ​ដឹង​ថា សន្លឹក​ឆ្នោត​ផ្សងសំណាង​ឈ្នះ​ភ្លាម​ៗ​នោះ​ពិតជា​អស្ចារ្យ​ណាស់ ដែល​វា​នៅ​តែ​រក្សា​បាន​ទាំងស្រុង​មិន​ខូច​ទ្រង់ទ្រាយ បន្ទាប់​ពី​ក្រុម​កម្មករ​ប្រមូល​សំរាម​បានកា​យក​ចេញពី​គំនរ​សំរាម​ដ៏​ច្រើន​នៅ​ក្នុង​ឡាន​ដឹក​សំរាម​ពួក​គេ​។

លោក Toscano បាន​ពន្យល់​ដើមទង​ដូច្នេះ​ថា នៅ​ពេល​អ្នក​ឈ្នះ​រង្វាន់​បាន​ទៅ​ពិនិត្យ​សន្លឹក​ឆ្នោត​នៅ​ហាង​មួយ​ស្ថិត​នៅ​ទីប្រជុំជន Bitonto នៃ​តំបន់ Apuglia បន្ទាប់​ពី​ការ​ចាប់ឆ្នោត​រួច ម៉ាស៊ីន​បង្ហាញ​ថា​មិន​អាច​បើកប្រាក់​រង្វាន់​បាន​ទេ នោះ​គឺ​ដោយសារ​អ្នក​លក់រាយ​តូច​ៗ​អាច​បើក​ជូន​បាន​តែ​ប្រាក់​រង្វាន់​តូច​ៗ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ស្ត្រី​រូប​នោះ មិន​បានដឹង​ថា ខ្លួន​បាន​ឈ្នះ​រង្វាន់​ធំ (Jackpot) នោះ​ឡើយ ដ្បិត​អ្នក​ឈ្នះ​រូប​នេះ​តែងតែ​ទិញ​លេខ​ដដែល​ៗ ព្រោះ​ជា​លេខ​ដែល​ទាក់ទង​នឹង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​។

លុះ​នៅ​ពេល​គាត់​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ សមាជិកគ្រួសារ​ម្នាក់​បាន​ប្រាប់​ថា លេខ​ដែល​គាត់​តែងតែ​ទិញ​ជា​ប្រចាំ​នោះ​គឺ ២, ៤, ៨, ១០ និង ៥១ បាន​ឈ្នះ​រង្វាន់​។ ពួក​គេ​ក៏​បាន​រត់​ត្រឡប់​ទៅ​ហាង​វិញ​ភ្លាម​ៗ ប៉ុន្តែ​បាន​ត្រឹម​ខកចិត្ត ព្រោះ​សន្លឹក​ឆ្នោត​នោះ​ត្រូវ​បាន​អ្នកលក់​បោះចោល ហើយ​ឡាន​ដឹក​សំរាម​បាន​មក​ប្រមូល​យក​ទៅ​បាត់​ថែម​ទៀត​។

ម្ចាស់​សន្លឹក​ឆ្នោត​បាន​ទាក់ទង​ទៅ​លោក Toscano ហើយ​លោក​បាន​និយាយ​ថា ភ្លាម​ៗ​ក្រុមការងារ​បាន​តាមដាន​ដំណើរ​ឡើង​វិញ​នៃ​សន្លឹក​ឆ្នោត​នោះ ដោយ​គ្មាន​សង្ឃឹម​ច្រើន​ថា​នឹង​រក​ឃើញ​វិញ​នោះ​ទេ ព្រោះ​ត្រូវ​ឡាន​ដឹក​សំរាម​ប្រមូល​យក​ទៅ​បាត់​ហើយ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ជាម​ហា​សំណាង​បំផុត ក្រុមការងារ​រក​ឃើញ​ឡាន​ដឹក​សំរាម​នោះ ហើយ​បាន​ឃាត់​ទុក​។ លោក Toscano បាន​បន្ត​ថា ដោយសារ​ហានិភ័យ​នៃ​ការ​ខូចខាត​បង្ក​ឡើង​ដោយសារ​ធាតុ​ជា​ច្រើន​ក្នុង​កាក​សំណល់​សំរាម ក្រុមហ៊ុន​បាន​យក​ឡាន​នោះ​ទៅ​កាន់​ក្រុមហ៊ុន​មាន​ឧបករណ៍​គ្រប់គ្រាន់​ដើម្បី​ស្វែងរក ដោយ​ក្រុម​កម្មករ​ប្រមូល​សំរាម​បាន​ចំណាយពេល​ស្ទើរ​ពេញ​១​ថ្ងៃ ហើយ​នៅ​ទីបំផុត​បាន​រក​ឃើញ​សន្លឹក​ឆ្នោត​នោះ ព្រមទាំង​ចុងសន្លឹក​ឆ្នោត​ជា​ច្រើន​ផ្សេ​ទៀត​។

អ្វី​ដែល​កាន់តែ​ភ្ញាក់​បំផុត​នោះ លោក Toscano បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ចុងសន្លឹក​ឆ្នោត​ទាំងនោះ ចុងសន្លឹក​ឆ្នោត​ដែល​កំពុង​តែ​ស្វែងរក​នៅ​តែ​មាន​សណ្ឋាន​ល្អ​ពេញលេញ​ទាំងស្រុង​យ៉ាង​អស្ចារ្យ​។ លោក​បាន​បន្ថែម​ចុង​ក្រោយ​ថា នៅ​ពេល​លោក​ទាក់ទង​ទៅ​អ្នក​ឈ្នះ គាត់​បាន​យំ​ដោយ​ក្តី​រំភើប និង​នឹក​ស្មាន​មិន​ដល់​បំផុត​៕