ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​សំខាន់​ៗ​ជា​ច្រើន​នឹង​ត្រូវ​ចុះហត្ថលេខា​ក្នុង​កិច្ចប្រជុំ​កំពូល​«​មេគង្គ​-​ឡាន​ឆាង​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ មក​រា ឆ្នាំ​២០១៨ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ មក​រា ឆ្នាំ​២០១៨ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ ។ កិច្ចប្រជុំ​កំពូល​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​លោក លី ខឺ​ឈាង (Li Keqiang) នាយក​រដ្ឋមន្ត្រី​ចិន នឹង​ធ្វើ​ជា​សហ​ប្រធាន​ដែល​មាន​មូលបទ «​ទន្លេ​របស់​យើង​ដើម្បី​សន្ដិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»​។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ។

សេចក្ដី​ជូន​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​៦ នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង នឹង​ពិភាក្សា​លើ​បញ្ហា​សំខាន់​ៗ ដើម្បី​អភិវឌ្ឍន៍​អនុ​តំបន់​ទន្លេមេគង្គ ដោយ​​ផ្ដោត​សំខាន់​ទៅ​លើ​ការ​តាំងចិត្ត​ក្នុង​ការ​រក្សា​សន្ដិភាព ស្ថិរភាព ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​វិបុលភាព​នៃ​អនុ​តំបន់​ទន្លេមេគង្គ ។

កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​២​នេះ ក៏​នឹង​ផ្ដោត​សំខាន់​​ដល់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​របស់​ប្រទេស​អនុ​តំបន់ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​ប្រជាជន ការ​បំ​ព្រួញ​គម្លាត​អភិវឌ្ឍន៍​នៅ​ក្នុង​ចំណោម​​ប្រទេស ដើម្បី​គាំទ្រ​ដល់​ការ​កសាង​សហគមន៍​អាស៊ាន និង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ត្បូង​-​ត្បូង ដើម្បី​រួមចំណែក​បន្ថែម​ទៀត​ដល់​ការ​អនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​អនុម័ត​ឯកសារ​ចំនួន​៤ ដូច​ខាងក្រោម ៖
១-​សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​នៃ​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២

២-​ផែនការ​សកម្មភាព​៥​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ២០១៨-២០២២
៣-​បញ្ជី​រួម​នៃ​គម្រោង​កិច្ច​សហប្រតិបត្តិការ​ដំណាក់កាល​ទី​២
៤-​របាយការណ៍​នៃ​ក្រុមការងារ​រួម​តាម​វិស័យ​អាទិភាព​ទាំង​៦ ។

នៅ​មុន​ពេល​បញ្ចប់​កិច្ចប្រជុំ​នេះ នឹង​មាន​ពិធី​ផ្ទេរ​តួនាទី​ប្រធាន​ទៅ​ប្រទេស​ឡាវ ហើយ​នឹង​បន្ដ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ដោយ​សហ​ប្រធាន​ផង​ដែរ ។

ដោយឡែក នៅ​ថ្ងៃ​ទី​៨ ខែមករា ម្សិលមិញ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយទៀត​ដោយ​ក្នុង​នោះ បាន​បញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង នឹង​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១១ មក​រា បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកនាយក​រដ្ឋមន្ត្រី​នឹង​ចូល​គាល់​ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បន្ទាប់​មក​នឹង​មាន​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សេចក្ដីជូនដំណឹង​បញ្ជាក់​ថា បន្ទាប់​ពី​កិច្ចប្រជុំ​ទ្វេភាគី​រួច ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន ហើយ​និង​ពិធី​ប្រកាស​​ជា​ផ្លូវការ​អំពី​គម្រោង «​ដំណើរ​នៃ​ក្ដី​ស្រឡាញ់​ពី​បេះដូង​» នៅ​កម្ពុជា​, ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ និង​មន្ទីរ​ពេទ្យ​ខេត្ត​ត្បូងឃ្មុំ និង​គម្រោង​ប្លង់​ស្ថាបត្យកម្ម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ។

កិច្ចប្រជុំ​កំពូល​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​យ៉ាង​ច្រើន ពិសេស​គឺ​ទាក់ទាញ​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា។

លោក​បណ្ឌិត សុក ស៊ី​ផា​ណា ទីប្រឹក្សា​រាជ រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា កិច្ចសហការ​មេគង្គ​-​ឡាន​ឆាង គឺ​មាន​ប្រយោជន៍​ធំ​ណាស់ សម្រាប់​កម្ពុជា ហើយ​ប្រយោជន៍​ដែល​ធំ និង​សំខាន់​នោះ គឺ​ការ​បង្កើត​ការងារ​ឲ្យ​កូន​ខ្មែរ តែ​អ្វី​ដែល​កូន​ខ្មែរ​ខំប្រឹង​ដោយ​ខ្លួនឯង​នោះ គឺ​ត្រូវ​មាន​ជំនាញ​ផ្ទាល់ខ្លួន​សម្រាប់​ធ្វើ​ការងារ ដែល​មាន​តម្លៃ​ខ្ពស់​ជាង​ការងារ​នា​ពេល​បច្ចុប្បន្ន ។

លោក​បន្ដ​ថា ៖« អត្ថប្រយោជន៍​ស្នូល​សម្រាប់​កម្ពុជា​ពី​កិច្ច​សហប្រតិបត្តិការ​នេះ​គឺ​ការ កៀងគរ​វិនិយោគទន់ ពី​ប្រទេស​ចិន និង​ប្រទេស​ជិតខាង​ឲ្យ​ដាក់​ទុន​មក​ប្រទេស​កម្ពុជា ព្រោះថា​អ្វី​ដែល​កម្ពុជា​ទទួល​បាន​គឺ​បង្កើត​ការងារ​ជូន​កូន​ខ្មែរ​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់។

លោក​បញ្ជាក់​ថា ៖« បើ​កម្ពុជា​យើង​ផ្សារ​ភ្ជាប់​នៃ​តំបន់​មហា​អនុ​តំបន់​មេគង្គ​នេះ យើង​នឹង​អាច​នាំ​ចេញ​នូវ​ផលិតផល​ទៅ​កាន់​បណ្តា​ប្រទេស​នៃ​មហា​អនុ​តំបន់​បាន​ទូលាយ ។ ដូច្នេះ​វា​ជា​សារសំខាន់​មួយ​ដ៏​ធំ​សម្រាប់​កម្ពុជា »​។

លោក ឈាង វ​ណ្ណា​រិ​ទ្ធ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា បាន​ឲ្យ​ដឹង​ថា កិច្ច​សហប្រតិបត្តិការ​នេះ បាន​ផ្ដល់​លទ្ធភាព​ដល់​ប្រទេស​ដែល​ជាប់​តំបន់​ទន្លេមេគង្គ ជា​ពិសេស​នោះ គឺ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ត​ភ្ជាប់​នៃ​តំបន់​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទំនិញ​រវាង​គ្នា​និង​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ