ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានហេតុការណ៍មួយបានបង្កឲ្យមានភាពភ្ញាក់ផ្អើលឆោឡោយ៉ាងខ្លាំង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ក្នុងភូមិកំពង៉ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ដែលបង្កឡើងដោយយុវជនឈាមរាវម្នាក់បានបើករថយន្តធន់ធំរ៉េចង្កូតរកបុកប្រជាពលរដ្ឋនៅតាមដងផ្លូវ ខណៈដែលខ្លួនមិនទាន់ទាំងចេះបើកឡានស្រួលផងនោះ !
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីព្រឹកពួកគាត់បានឃើញរថយន្តធន់ធំពណ៌ផ្ទៃមេឃពាក់ស្លាកលេខ ភ្នំពេញ 3A-7905 បើកបររ៉េពេញផ្លូវ ធ្វើប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះម្នាក់ៗភ័យស្លន់ស្លោរនាំគ្នាគេចចេញពីផ្លូវដោយខ្លាចគ្រោះថ្នាក់ ហើយក៏នាំគ្នាឃាត់ទាំងរថយន្ត ទាំងអ្នកបើកបរប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅកាន់អធិការក្រុង។

លោកវរសេនីយ៍ទោ ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែនបានឲ្យដឹងនៅរសៀលថ្ងៃដដែលនេះថា នៅចំពោះមុខសមត្ថកិច្ចអ្នកបើកបរនោះសារភាពថា «ខ្លួនឈ្មោះ នុត រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិដូនរាជ ឃុំដូនរាជ ស្រុកជីក្រែង ខេត្តសៀមរាប។ ហើយខ្លួនមិនមែនជាតៃកុងរថយន្តនោះទេ គ្រាន់តែជាកម្មករមកជាមួយតៃកុងរថយន្តដឹកគ្រឿងស្ពានមកធ្វើនៅខេត្តកំពង់ធំប៉ុណ្ណោះ ចំណែកឯតៃកុងរថយន្តបានឡើងទៅយកគ្រឿងចក្រមកបន្ថែមទៀត ដោយរូបគេនៅដេកយាមរថយន្ត។

ហើយពេលនោះគេបានផឹកស្រាថ្នាំអស់បន្តិចឃ្លានពេក គាប់ជួនសោឡាននៅជាប់នឹងឡានស្រាប់ផងនោះ ក៏ចង់សាកផង គេក៏ឡើងបើកឡាននេះ ស្រាប់តែរ៉េពេញផ្លូវចេញពីចុងភូមិកំពង់ក្របៅ បំណងទៅផ្សាររកទិញបាយហូប ក៏ត្រូវពលរដ្ឋនាំគ្នាឃាត់តែម្តង»។
លោកអធិការបន្តថា ករណីខាងលើនេះ លោកបានឲ្យខាងភាគីតំណាងម្ចាស់រថយន្តមកធានា និងធ្វើកិច្ចសន្យាអប់រំយុវជនខាងលើ កុំឲ្យបើកបររថយន្តដូច្នេះទៀត នៅពេលដែលខ្លួនមិនចេះ និងគ្មានប័ណ្ឌបើកបរ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃដែលគ្នាគ្មានកំហុស។

ចំណែកប្រជាពលរដ្ឋនាំគ្នារិះគន់ថា «អាមួយនេះចំជាថ្លើមធំពាសមេឃមែន ខ្លួនឯងមិនចេះបើកឡានផង ហ៊ានឡើងបើករថយន្តធន់ធំ នេះសំណាងហើយចេះនាំគ្នាឃាត់ទាន់ ប្រសិនបើហ៊ានឲ្យបើកចូលទៅក្នុងក្រុង នោះ ច្បាស់ជាបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃមិនខានឡើយ សមត្ថកិច្ចគួរតែពិន័យឲ្យបានតឹងរឹងបំផុតចំពោះបញ្ហាមនុស្សប្រភេទនេះ»។

ចែករំលែកព័តមាននេះ