ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​កម្សាន្ដ​នៅ​តំបន់ឆ្នេរ​នា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចេញដំណើរ​កម្សាន្ដ ទាំង​ទឹកមុខ​សប្បាយ​រីករាយ ទៅ​កាន់​គោលដៅ​នានា​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ​នៅ​តំបន់ឆ្នេរ…

រាជធានី​ភ្នំពេញ ៖ ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចេញដំណើរ​កម្សាន្ដ ទាំង​ទឹកមុខ​សប្បាយ​រីករាយ ទៅ​កាន់​គោលដៅ​នានា​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ​នៅ​តំបន់ឆ្នេរ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក​សយ ស៊ី​ណុ​ល បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៨ ថា ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ប្រមាណ​៨​ម៉ឺន​នាក់ បាន​ទៅ​ទស្សនា និង​លេង​កម្សាន្ដ​ក្នុង​ខេត្តកំពត កើនឡើង​ប្រមាណ​៤% បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​១.៤០០​នាក់ ។

លោក​បន្ត​ថា ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ប្រមាណ​១,៦​លាន​នាក់ កាលពី​ឆ្នាំ​២០១៧​កន្លង​មក​ថ្មី​ៗ​នេះ ។

លោក​បន្ត​ថា ៖« ភ្ញៀវ​ទេសចរ​បាន​មក​ទស្សនា​ក្នុង​ខេត្ត​យ៉ាង​កកកុញ និង​បន្ត​ដល់​ថ្ងៃនេះ (​ថ្ងៃ​ទី​១ មក​រា​) ខណៈ​រមណីយដ្ឋាន​ក្នុង​ខេត្ត​បាន​កើនឡើង​ដល់​១៤​កន្លែង និង​មាន​សណ្ឋា​គារ ព្រមទាំង​ផ្ទះសំណាក់​ជា​ច្រើន​ពាន់​បន្ទប់ »​។

រីឯ​ខេត្ត​ព្រះ​សីហ​នុ​វិញ លោក​តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ខេត្ត​ព្រះ​សីហ​នុ​ឆ្នាំ​នេះ ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រហាក់ប្រហែល​ឆ្នាំ​មុន​ៗ​ដែរ ប៉ុន្តែ​បញ្ហា​ប្រឈម​គឺ​កង្វះ​បន្ទប់​គេង ដែល​ភ្ញៀវ​មួយ​ចំនួន​បាន​សម្រាក​នៅ​មាត់​សមុទ្រ និង​ត្រលប់​ទៅ​លំនៅ​ឋាន​វិញ ទោះបីជា​ចំនួន​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​បាន​កើនឡើង​ប្រមាណ​១​ម៉ឺន​បន្ទប់​ក្តី ក៏​មិន​ទាន់​គ្រប់​តម្រូវការ​ដែរ ។

លោក​បន្ត​ថា ៖« យើង​រំពឹង​ថា​នៅ​ឆ្នាំ​ថ្មី​នេះ មាន​សណ្ឋាគារ​ជា​ច្រើន​ទៀត​បញ្ចប់​ការ​សាង​សង់ និង​ដាក់​ឲ្យ​ដំណើរការ​បន្ថែម​ទៀត ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​កំណើន​ទេសចរ​ក្នុង​ខេត្ត​នេះ »​។

ចំណែក​ទឹកដី​ខេត្តកោះកុង​ឯណោះ​វិញ ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ខេត្ត​នេះ​មាន​ប្រមាណ​១​ម៉ឺន​នាក់ ជា​ចំនួន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​មុន ដែរ​។ នេះ​បើ​តាម​លោក ប៊ុ​ន ទៀន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​នេះ ។

លោក​បន្ត​ថា ខេត្តកោះកុង​បច្ចុប្បន្ន​មាន​សណ្ឋាគារ​ចំនួន​៨ និង​មានផ្ទះ​សំណាក់​ជាង​៦០ ដែល​មាន​បន្ទប់​សរុប​ជាង​១.៤០០​បន្ទប់ សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ។
ខេត្ត​នេះ​មាន​សហគមន៍​ទេសចរណ៍​ចំនួន​៥ ដែល​បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ដ ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ថ្លែង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​តាម​រមណីយដ្ឋាន​នានា បាន​និង​កំពុង​កើនឡើង ហើយ​អ្វី​លោក​កត់សម្គាល់​នោះ គឺ​ឃើញ​ថា ចំនួន​ភ្ញៀវ​បាន​ចាប់ផ្តើម​ងាក​ទៅ​កាន់​តំបន់​ធម្មជាតិ​ច្រើន ដោយ​ពួក​គេ​ដើរ​កម្សាន្ដ​ជា​លក្ខណៈ​គ្រួសារ និង​បោះ​តង់​នៅ​តាម​ព្រៃ​នានា ។

លោក​បន្ត​ថា ៖« ទោះជា​ភ្ញៀវ​កើនឡើង​ក្តី ប៉ុន្តែ​បាតុភាព​ការ​ដំឡើង​ថ្លៃ​ពី​សេវាកម្ម​ទេស​ចរណ៍​នានា មិន​មាន​អ្វី​គួរ​ឲ្យ​កត់​គ​ម្លា​ល់​ទេ ដោយសារ​មានការ​យល់​ដឹង និង​មានការ​ចូលរួម​ពី​ប្រតិបត្តិ​ករ​នានា​កាន់តែ​ច្រើន »​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោ​ង ខុន បាន​ថ្លែង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​បាន​ទៅ​ទស្សនា​នៅ​តាម​រមណីយដ្ឋាន​នានា​នៅ​ទូ​ទាំង​ប្រទេស កើនឡើង​ខ្លាំង​ណាស់ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង​នូវ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ ។

លោក​បន្ត​ថា ប្រជាជន​ចេញ​ទៅ​ទស្សនា​នៅ​ក្រៅប្រទេស​ក៏​បាន​កើនឡើង​ដែរ ដោយ​សារ​ពួក​គេ​មាន​ជីវភាព​ល្អ​ប្រសើរ និង​តម្លៃ​សុខ​សន្តិភាព​ដែល​កម្ពុជា​ទទួល​បាន ។

លោក​បន្ត​ថា ៖« នេះ​ជា​តម្លៃ​នៃ​ស្ថិរភាព​នយោបាយ និង​សុខ​សន្តិភាព ដែល​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​អាច​ដើរ​កម្សាន្ដ​សប្បាយ ព្រោះ​បើ​គ្មាន​សុខ​សន្តិភាព​ទេ ពួក​គេ​ក៏​មិន​អាច​រក​ចំណូល​បាន​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ