ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ពានរង្វាន់​អ្នកដឹកនាំ​រឿង​ឆ្នើម ជុំ វិចិត្រ ចង់ឱ្យ​កុន​ខ្មែរ​ល្អ​ដូច​ប្រទេស​ជិតខាង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយ​កិត្តិយស​ជា​ម្ចាស់​ពានរង្វាន់​អ្នកដឹកនាំ​រឿង​ឆ្នើម ពី​មហោស្រព​ភាពយន្ត​ខ្មែរ​លើក​ទី​៥ អ្នកដឹកនាំ​រឿង​លោក​ពេជ្រ វិចិត្រ រីករាយ​ពន់ពេក ហើយ​ចាត់​ទុក​ថា​ការ​ទទួល​បាន​ពានរង្វាន់​នេះ ដោយសារ​ប្រទេស​មិន​មាន​សង្គ្រាម ព្រោះ​បើ​មាន​សង្គ្រាម​មិន​អាច​ផលិតភាព​យន្ត​បាន​ឡើយ…

រាជធានី​ភ្នំពេញ ៖ ជាមួយ​កិត្តិយស​ជា​ម្ចាស់​ពានរង្វាន់​អ្នកដឹកនាំ​រឿង​ឆ្នើម ពី​មហោស្រព​ភាពយន្ត​ខ្មែរ​លើក​ទី​៥ អ្នកដឹកនាំ​រឿង​លោក​ពេជ្រ វិចិត្រ រីករាយ​ពន់ពេក ហើយ​ចាត់​ទុក​ថា​ការ​ទទួល​បាន​ពានរង្វាន់​នេះ ដោយសារ​ប្រទេស​មិន​មាន​សង្គ្រាម ព្រោះ​បើ​មាន​សង្គ្រាម​មិន​អាច​ផលិតភាព​យន្ត​បាន​ឡើយ ។

លោក​ជុំ វិចិត្រ​ជា​ម្ចាស់​ជ័យ​លា​ភី​អ្នកដឹកនាំ​រឿង​ឆ្នើម (Best Director) ឆ្នាំ​២០១៧ សម្រាប់​ស្នាដៃ​ដឹកនាំ​រឿង​របស់​ផលិតកម្ម​មហាហង្ស ។ លោក​និយាយ​ទាំង​រំភើប​អួល​ដើម​ក​ទៅ​កាន់​អ្នកគាំទ្រ ពិសេស​គោរព​ដឹងគុណ​ប្រមុខ​ដឹកនាំ​ប្រទេស ដែល​ដឹកនាំ​ប្រទេស​ប្រកបដោយ​សុខ​សន្តិភាព ។ សមិទ្ធផល​ដែល​លោក​សម្រេច​បាន​នេះ​មិនមែន​ជា​ការ​ចៃដន្យ​ទេ គឺ​កើត​ចេញពី​ការ​ប្រឹងប្រែង និង​ការ​លើកទឹកចិត្ត ។

លោក​ថ្លែង​ថា «​អ្វី​ដែល​ខ្ញុំ​ខំប្រឹង​ប្រែង និង​ព្យាយាម​តស៊ូ​ធ្វើ​ការងារ​ក្នុង​អាជីព​ជា​អ្នកដឹកនាំ​រឿង​នេះ គឺ​ធ្វើ​ដោយ​ក្តី​ស្រឡាញ់ ទោះជា​ដឹង​ថា​អាជីព​មួយ​នេះ​មិន​បាន​ធ្វើ​ឱ្យ​ខ្លួនឯង​មាន​បាន មាន​ទ្រនំ មាន​រថយន្ត​ទំនើប ក៏​មិន​បាន​បោះបង់​ក៏​ព្រោះតែ​បេះដូង​មួយ​នេះ​មិន​អាច​ខ្វះ​បាន ។

សម្រាប់​ពានរង្វាន់​ជា​អ្នកដឹកនាំ​ឆ្នើម​មួយ​នេះ ក៏​មិន​ដែល​គិត​ស្រមៃ​ថា​ខ្លួនឯង​នឹង​ទទួល​បាន​ដែរ តែ​ពេល​ដែល​ទទួល​បាន​ពានរង្វាន់​មួយ​នេះ​រំភើបចិត្ត​និយាយ​មិន​ចេញ ឈរ​ញ​រ័​ជើង តែ​អ្វី​ដែល​នឹក​ដល់​នោះ គឺ​សន្តិភាព ! បើ​ប្រទេស​ជាតិ​គ្មាន​សន្តិភាព​យើង​ទាំងអស់​គ្នា​ក៏​គ្មាន​ថ្ងៃនេះ ហើយ​ខ្ញុំ​ក៏​មិន​មានឱកាស​ក្លាយជា​អ្នកដឹកនាំ​រឿង និង​ទទួល​បាន​ពាន​រង្វាន់​ជា​អ្នកដឹកនាំ​រឿង​ឆ្នើម ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី​៥​នេះ​ដែរ ។ អរគុណ​លោក​ពុក​សម្រាប់​សន្តិភាព​មួយ​នេះ »​។

លោក​ជុំ វិចិត្រ បង្ហាញ​បំណង​ចង់​ផលិតភាព​យន្ត​ខ្មែរ​ឱ្យ​បាន​ល្អ​ជាង​នេះ ចង់ឱ្យ​កុន​ខ្មែរ​យើង​មាន​លក្ខណៈ​ល្អ​ដូច​ប្រទេស​ជិតខាង បរទេស​ទទួលយក​បាន ។ ទាំងនេះ​ជា​អ្វី​ដែល​លោក​បាន​តាំងចិត្ត​ចំពោះ​ជំនាញ​ដែល​មាន ។

លោក​ជុំ វិចិត្រ បាន​ចូល​ប្រឡូក​ក្នុង​អាជីព​ផលិតភាព​យន្ត​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​ផ្តើម​ចេញពី​អាជីព​ជា​អ្នកចាត់ការ​ទូទៅ​នៅ​ផលិតកម្ម FCI ។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​លោក​ចាប់ផ្តើម​ឈ្វេងយល់​ពី​សិល្បៈ​ភាពយន្ត តាម​រយៈ​ការ​ណែនាំ​បង្ហាញ​ពី​ផលិតករ​ជើង​ចាស់ និង​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​ជាមួយ​ឯកសារ​បរទេស​ជា​ច្រើន ។

លោក​ជុំ វិចិត្រ មាន​ស្នាដៃ​ភាពយន្ត​ប្រមាណ​ជាង​២០​រឿង​ដែល​លោក​ដឹកនាំ​សម្តែង ។ ភាព​យន្ត​ចំនួន​១០​ដែល​ទស្សនិកជន​ស្គាល់​ច្រើន មាន​ដូច​ជា​រឿង​«​ម៉ែ​ដោះ​ក្រមុំ​» រឿង «​បំពេ​ព្រលឹង​» និង​រឿង​«​ស៊ុប​ពើ​ម៉ាំ​» ជាដើម​។ ផលិតករ​មាន​ប្រភព​កំណើត​ពី​ខេត្តបាត់​ដំបង​​រូប​នេះ​ទើប​បញ្ចប់​ការ​ដឹកនាំ​ផលិតភាព​យន្ត​ខ្នាត​ធំ​រឿង​«​ក្រមុំចាស់​ប៉ះ​ក្មេង​ស្ទាវ​» ។ លើស​ពី​នេះ​ទើបតែ​ចាប់ផ្តើម​ផលិតភាព​យន្ត​ថ្មី​មួយទៀត​រឿង​«​ផ្ទះ​ចុង​ភូមិ​»​របស់​ផលិត​កម្ម​មហាហង្ស ។

លោក​ជុំ វិចិត្រ តាំងចិត្ត​ខិតខំ​ប្រឹងប្រែង​លើ​វិស័យ​ភាពយន្ត​ទៅ​មុខ​ទៀត បើ​ទោះបីជា​ជួប​បញ្ហា​យ៉ាងណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ