ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​អាជីវកម្ម​ទុច្ចរិត ប្រៀប​ដូច​ជា​សម្លា.ប់​ជំនួញ​ខ្លួនឯង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​តិច​ដងនោះ​ទេ ដែល​អាជ្ញាធរ​កម្ពុជា​បាន​រក​ឃើញ និង​ឈាន​ទៅ​បិទ​អាជីវកម្ម​មួយ​ចំនួន ជា​ពិសេស​អាជីវកម្ម​ផលិត​គ្រឿង​បរិភោគ ដោយសារ​តែ​ម្ចាស់​អាជីវកម្ម​នោះ​ប្រកប​របរ​ទុច្ចរិត ផលិត​របស់​ដោយ​ប្រើ​សារធាតុ​គីមី គ្មាន​អនាម័យ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់…

រាជធានី​ភ្នំពេញ ៖ មិន​តិច​ដងនោះ​ទេ ដែល​អាជ្ញាធរ​កម្ពុជា​បាន​រក​ឃើញ និង​ឈាន​ទៅ​បិទ​អាជីវកម្ម​មួយ​ចំនួន ជា​ពិសេស​អាជីវកម្ម​ផលិត​គ្រឿង​បរិភោគ ដោយសារ​តែ​ម្ចាស់​អាជីវកម្ម​នោះ​ប្រកប​របរ​ទុច្ចរិត ផលិត​របស់​ដោយ​ប្រើ​សារធាតុ​គីមី គ្មាន​អនាម័យ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់ ហើយ​ថ្មី​ៗ​នេះ​ដែរ ក្រសួងពាណិជ្ជកម្ម​បាន​ព្រមាន​ម្ចាស់​ស្ថានីយ​លក់​សាំង​មួយ​ចំនួន​ដែល​លក់​បន្លំ​គុណភាព ឬ​លក់​មិន​គ្រប់​បរិមាណ​ផង​ដែរ ។

នេះ​ចាត់​ទុក​ថា ជា​ការ​ប្រកួតប្រជែង​មួយ​មិន​ស្មោះត្រង់​នៅ​លើ​ទីផ្សារសេរី ដែល​ការ​ធ្វើ​អាជីវកម្ម​របៀប​នេះ ជា​ការ​ចង់បាន​ផល​ចំណេញ​រយៈពេល​ខ្លី និង​ឈាន​ទៅ​សម្លាប់​អាជីវកម្ម​របស់​ខ្លួន ហើយ​វា​ក៏​ប៉ះពាល់​ដល់​អ្នក​ដែល​ប្រកប​របរ​ដោយ​សុចរិត​ផង​ដែរ ។
លោក រាជ រ៉ា អនុរដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ការ​ប្រកប​អាជីវកម្ម​បែប​នេះ​ជា​ការ​ចង់បាន​ផល​ចំណេញ​រយៈពេល​ខ្លី ដោយ​មិន​គិត​ពី​គោលដៅ​រយៈពេល​វែង ។

លោក​បន្ត​ថា ៖« ជា​ការ​ពិត​ហើយ​ថា ការ​ធ្វើ​អាជីវកម្ម​មួយ បើ​គិតតែ​ប្រាក់​ចំណេញ​ក្នុង​រយៈពេល​ខ្លី អ្នក​នឹង​ខាតបង់​ក្នុង​រយៈពេល​វែង​ទៅ​វិញ ។ ឧទាហរណ៍ អាហ្នឹង​វា​ទាក់ទង​ជាមួយ​ច្បាប់​ការ​ប្រកួតប្រជែង សាំង​ខ្ញុំ​១​លី​ត្រ ខ្ញុំ​លក់​៣.៥០០​រៀល តែ​មាន​ក្រុមហ៊ុន​មួយទៀត​គាត់​ចង់​ទាក់ទាញ​អតិថិជន​ឱ្យមក​ទិញ គាត់​លក់​តែ​៣.២០០ ឬ​៣.៣០០​រៀល ប៉ុន្តែ​ដល់​ជាក់ស្តែង កម្រិត​អុក​តាន​របស់​គាត់​អត់​ល្អ​ដូច​គេ រង្វាស់រង្វាល់​លី​ត្រគាត់​បាត់ អាហ្នឹង​ហើយ​គេ​ហៅ​ថា ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់ » ។

លោក​ពន្យល់​បន្ថែម​ថា ការ​រកស៊ី​បែប​នេះ​ជា​ការ​រកស៊ី​ដេក​ផ្លូវ ឬ​ជា​ការ​សម្លាប់​ខ្លួនឯង ព្រោះ​បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​ស៊ើបអង្កេត​ឃើញ​គាត់​ធ្វើ​អាជីវកម្ម​ដោយ​ទុច្ចរិត ផលិតផល​របស់​គាត់​នឹង​លែង​មាន​អ្នកគាំទ្រ ហើយ​ក៏​ប្រឈម​មុខ​នឹង​ការ​បិទ​អាជីវកម្ម​ផង​ដែរ ។

លោក​បាន​ប្រាប់​ថា ក្រសួងពាណិជ្ជកម្ម​មាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដែល​មាន​តួនាទី​ត្រួតពិនិត្យ​សុវត្ថិភាព​ទំនិញ​នាំ​ចូល​កម្ពុជា ក៏​ដូច​ជា​សុវត្ថិភាព​ម្ហូបអាហារ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ អគ្គនាយកដ្ឋាន​កាំកុងត្រូល​តែង​ធ្វើការ​ត្រួតពិនិត្យ​ជា​ប្រចាំ ចំពោះ​ទីតាំង​អាជីវកម្ម​ណា​ដែល​មាន​បញ្ហា ឬ​មានការ​សង្ស័យ​ប្រកប​របរ​ដោយ​ទុច្ចរិត ព្រោះ​ការ​រកស៊ី​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា ។

លោក រាជ រ៉ា ថ្លែង​ថា ៖« វា​អាច​នឹង​ប៉ះពាល់ ពីព្រោះ​អី​អ្នក​ដែល​គេ​ចង់​ចាប់​ដៃគូ​ជាមួយ​យើង គេ​ត្រួតពិនិត្យ​ទៅ​មើល​ច្បាប់ សុចរិត​ភាព ឬ​បទ​ពិសោធន៍​ដែល​ក្រុមហ៊ុន​នានា​បាន​ធ្វើ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​បែប​នោះ​មាន​មិន​ច្រើន​ទេ មាន​តិចតួច​ទេ ម្ចាស់​អាជីវកម្ម​ដែល​លោក​មិន​យល់​អំពី​អ្វី​ទៅ​ជា​ផល​ចំណេញ​រយៈពេល​វែង​របស់​ក្រុមហ៊ុន»។

នា​ពេល​កន្លង​មក សមត្ថកិច្ច​បាន​បង្ក្រាប​ទីតាំង​សិប្បកម្ម​មួយ​ចំនួន​ដែល​រក​ឃើញ​ថា ប្រកប​របរ​ទុច្ចរិត ប្រើប្រាស់​សារធាតុ​គីមី និង​ធ្វើ​ដោយ​គ្មាន​អនាម័យ ។ សិប្បកម្ម​ទាំង​នោះ មាន​ទីតាំង​ផលិត​ទឹកត្រី និង​ទឹក​ស៊ី​អ៊ី​វ​មួយ​កន្លែង នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដោយ​រក​ឃើញ​សិប្បកម្ម​មួយ​នេះ គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​ផលិត​គ្មាន​អនាម័យ ហើយ​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ឆ្នាំ​២០១៧​សិប្បកម្ម​ផលិត​ទឹកត្រី ទឹក​ម្ទេស ទឹកសៀង ទឹកខ្មេះ ទឹក​ក្បុង និង​ទឹក​ស៊ី​អ៊ីវ មួយ​កន្លែង​ទៀត យីហោ « សិប្បកម្ម​ភ្នំ​មាស​» ស្ថិត​នៅ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​កម្លាំង​ប្រតិបត្តិការ​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ចុះ​បង្ក្រាប ដោយ​រឹបអូស​បាន​ចំនួន​ជាង​៩០​តោន ។

សមត្ថកិច្ច​បាន​រក​ឃើញ​សារធាតុ​គីមី​ដែល​ប្រើប្រាស់​ក្នុង​ផលិតផល​ខាងលើ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​អ្នក​បរិភោគ​ធ្ងន់ធ្ងរ​បំផុត ដែល​ក្នុង​១​ថ្ងៃ សិប្បកម្ម​នេះ​ផលិត​បាន​ពី​១,៥​ម៉ឺន​ទៅ​២​ម៉ឺន​ដប​សម្រាប់​ចែកចាយ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប ។

ជាមួយ​គ្នា​នេះ​ដែរ សិប្បកម្ម​ខុសច្បាប់​មួយ​នៅ​ខេត្តកំពង់ស្ពឺ ដែល​ផលិត​សម្បក​សាច់​ក្រក​ប្រើ​សារធាតុ​គីមី ក៏​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ និង​បិទ​ការ​ធ្វើ​អាជីវកម្ម​បន្ត​ទៀត ចំណែក​ម្ចាស់​អាជីវកម្ម​ក៏​ប្រឈម​មុខ​នឹង​ច្បាប់​ផង​ដែរ ។ ក្រៅពី​សិប្បកម្ម​ទាំងនេះ ក៏​មាន​សិប្បកម្ម​មួយ​ចំនួន​ទៀត​ផលិត​ប្រេងឆា ស្ករត្នោត​ក្លែងក្លាយ និង​កាហ្វេ​ជាដើម ផលិត​ដោយ​ប្រើ​សារធាតុ​គីមី និង​សារធាតុ​ផ្សេង​ៗ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​បរិភោគ ។

កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​រក​ឃើញ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ ជាង​៧០% រកស៊ី​មិន​ស្មោះត្រង់ ដោយ​លក់​សាំង​មិន​គ្រប់​ចំណុះ​លី​ត្រ ។ ទាំង​អស់នេះ សុទ្ធតែ​ជា​​ការ​ធ្វើ​អាជីវកម្ម​ទុច្ចរិត ។ អាជីវកម្ម​ទាំងនោះ​បាន​ដំណើរការ និង​ចរាចរណ៍​ទំនិញ​របស់​​ខ្លួន​នៅ​លើ​ទីផ្សារ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ វា​ច្បាស់​ណាស់​ថា នឹង​បង្ក​ផល​ប៉ះ​ពាល់​ដល់​អ្នក​ប្រើប្រាស់​។ នៅ​ពេល​មានការ​បែកធ្លាយ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អ្នក​ប្រព្រឹត្ត​នោះ​ទេ វា​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​ម្ចាស់​អាជីវកម្ម​ដែល​គេ​ប្រកប​របរ​ដោយ​សុចរិត​ផង​ដែរ ។

ទាក់ទង​នឹង​ការ​បើក​អាជីវកម្ម​ដោយ​ទុច្ចរិត​នេះ លោក ព្រាប កុ​ល ប្រធាន​អង្គការ​តម្លា​ភាព​កម្ពុជា លើក​ឡើង​ថា វា​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដែល​ធ្វើ​ឱ្យ​អាជីវកម្ម​ទាំងនោះ​អាច​ដំណើរការ និង​មាន​រយៈពេល​យូរ​។ លោក​ថា ប្រ​សិន​អាជ្ញាធរ​ធ្វើការ​ដោយ​យកចិត្តទុកដាក់ ការ​ធ្វើ​អាជីវកម្ម​បែប​នោះ កម្រ​គេច​ផុត​ពី​ភ្នែក​របស់​សមត្ថ​កិច្ច​ណាស់ ។

លោក​បញ្ជាក់​បន្ថែម​ថា ៖« ព្រោះ​អី ការ​ដឹក​ជញ្ជូន ការ​ប្រកប​មុខរបរ​គេ​មិនមែន​លាក់​លៀម​​នៅ​ក្នុង​ហោប៉ៅ​ទេ គេ​យក​ទៅ​ដាក់​លក់ ហើយ គេ​យក​ទៅ​ចែក​អតិថិជន គេ​ដឹក​ឆ្លងកាត់​ហើយ មាន​ផ្លូវ មាន​ឡាន​អី ខ្ញុំ​ថា ប្រសិនបើ​យើង​មិន​មាន​បញ្ហា​អំពើ​ពុក​រលួយ​ទេ ការ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ឬ​ក៏​ការ​ប្រើប្រាស់​សារធាតុពុល ឬ គីមី ឬ​ខូចគុណភាព​អីហ្នឹង មិន​ងាយ​ឆ្លង​ផុត​ភ្នែក​អាជ្ញាធរ​ទេ ជា​ទូទៅ​ភាគច្រើន ច្រើន​តែ​គាត់​បិទ​ភ្នែក​ធ្វើ​មិនឃើញ ដោយសារ​មាន​ស្រោមសំបុត្រ មានអី អីចឹង​ទៅ ។ យើង​សង្កេត​ឃើញ​ជា​ទូទៅ​មានរឿង​ហ្នឹង​កើតឡើង ហើយ​បើសិនជា​គេ​គេច​រួច​ម្តង​ជា​២​ដង ក៏​លើក​ទី​៣​ចាប់​បាន​ដែរ តែ​អា​រឿង​ស្រោមសំបុត្រ គឺ​គេច​រួច​តែ​ម្តង » ។

លោក ព្រាប កុ​ល សង្កត់ធ្ងន់​ថា បើ​អាជីវកម្ម​នៅ​កម្ពុជា​ទាំងអស់​រកស៊ី​ដោយ​សុចរិត វា​នឹង​​ផ្តល់​ផល​ចំណេញ​ដល់​ទាំងអស់​គ្នា ទាំង​អ្នក​រកស៊ី​ដែល​ធានា​នូវ​ភាព​យូរអង្វែង​របស់​អាជីវកម្ម​ខ្លួន ទាំង​រដ្ឋ​ទទួល​បាន​ចំណូល​ពី​ការ​បង់ពន្ធ ហើយ​អ្នក​ប្រើប្រាស់​នឹង​ទទួល​បាន​​ប្រយោជន៍​ពី​ការ​ប្រកួតប្រជែង​គ្នា ដែល​ធ្វើ​ឱ្យ​ទំនិញ​មានគុណ​ភាព មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​រកស៊ី​ដោយ​គ្មាន​សុចរិត​ទេ វា​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​ដូច​ជា បាត់​លុយ​រដ្ឋ និង​ទំនិញគេចពន្ធ​ខូចគុណភាព ។

លោក​បន្ថែម​ថា វា​ក៏​ឱ្យ​បាត់បង់​ការ​ទុកចិត្ត​ពី​វិនិយោគិន​ផង​ដែរ ជា​ពិសេស ប្រទេស​មក​ពី​លោក​ខាង​លិច ដែល​គេ​ត្រូវការ​ការ​រកស៊ី​ត្រឹមត្រូវ ។ទាំង​លោក រាជ រ៉ា និង​លោក ព្រាប កុ​ល យល់​ថា មាន​តែ​ការ​ធ្វើ​អាជីវកម្ម​ដោយ​ស្មោះ​ត្រង់​ទេ ដែល​អាច​ធានា​នូវ​និរន្តរភាព​អាជីវកម្ម​របស់​ខ្លួន​បាន ។

លោក រាជ រ៉ា មាន​ប្រសាសន៍​ថា ក្នុង​ការ​ធ្វើ​ជំនួញ​ត្រូវ​គិត​អំពី​ការ​ប្រកួតប្រជែង​ដោយ​ស្មោះត្រង់ រកស៊ី​ដោយ​ស្មោះត្រង់ ។ ការ​ប្រកាន់​ភ្ជាប់​បែប​នេះ ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ល្បី​ៗ​មួយ​ចំនួន​ដំណើរការ​រាប់រយ​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន​នេះ ដោយសារ​គេ​អនុវត្ត​បាន​នូវ​ការ​ប្រកួតប្រជែង​ដោយ​ស្មោះត្រង់ ។

លោក​បន្ត​ថា ដើម្បី​ឱ្យ​ទំនិញ​របស់​ខ្លួន​មានការ​គាំទ្រ​ច្រើន ទី​១-​ត្រូវ​មានគុណ​ភាព ទី​២-​សេវាកម្ម​ល្អ និង​ទី​៣-​តម្លៃ​សមរម្យ ហើយ​អ្វី​ដែល​ម្ចាស់​អាជីវកម្ម​គួរតែ​គិត​នោះ « សូមកុំ​ចង់​ចំណេញ​រយៈពេល​ខ្លី ត្រូវ​គិត​គោលដៅ​រយៈពេល​វែង ហើយ​កុំ​គេចវេះ​ពី​ការ​បង់​ពន្ធ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ