ដាស់ឲ្យយកម៉ូតូចេញតែពេលទៅអង្រួនទើបដឹងថា គាត់ស្លាប់ទៅហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូរ៉ឺម៉កកង់បីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ យ៉ាងអាណោចអាធ័មនៅក្នុងម៉ូតូរ៉ឺម៉ករបស់គាត់ នៅក្នុងតារាងបាល់ទះមួយកន្លែងនៅលើអតីតទីលានប្រជាធិបតេយ្យ ខណៈដែលក្រុមអ្នកលេងបាល់ទះមួយក្រុមនាំគ្នាមកលេង ហើយទៅដាស់ក្នុងបំណងឲ្យអូសចេញនោះ ។ ហេតុការណ៍នេះដែរបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៥ និង ៣០នាទីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចលើអតីតទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

បុរសរងគ្រោះឈ្មោះខៃ គង់ អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉កកង់បីមានទៅលំនៅនៅស្រុកពាមរ៍ ខេត្តព្រៃវែង ។ មុនពេលកើតហេតុក្រោយពីមេឃរាំងភ្លៀងមានក្រុមអ្នកលេងបាល់ទះមួយក្រុមនាំគ្នាមកលេងនៅតារាងបាល់ទះខាងលើ ដោយបានឃើញមានម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿង នៅចតខាងក្នុងតារាងដោយម្ចាស់នៅដេកដណ្តប់ភួយ ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះបុរសអ្នកលេងបាល់ទះម្នាក់ក៏បានដើរសម្តៅក្នុងបំណងទៅដាស់ឲ្យយកម៉ូតូរ៉ឺម៉កកង់បីចេញដើម្បីលេងតែដាស់មិនព្រមក្រោកក៏នាំគ្នាអង្រួនមើលទើបដឹងថា «រូបគាត់បានស្លាប់បាត់ទៅហើយ» និងបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង និងរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចមូលដ្ឋានឲ្យបានដឹងពីរឿងនេះ និងចុះមកមើលផងដែរ ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និងជំនាញក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច្ច័យទៅលើសាកសពបុរសរងគ្រោះបានឃើញថា «ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺគាំងបេះដូង» និងប្រគល់ឲ្យទៅក្រុមគ្រួសារបញ្ជូនយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើតវិញ ៕

ចែករំលែកព័តមាននេះ