ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួតប្រជែង​ការងារ​រវាង​មនុស្ស​ជាមួយ​ម៉ាស៊ីន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង

6 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ ការ​ព្រួយបារម្ភ​ពី​មនុស្ស​យន្ត​បាន​កើតឡើង ដោយ​មនុស្ស​គិត​ថា ការងារ​កាន់តែ​ច្រើន​ចាប់ផ្តើម​ធ្វើ​ដោយ​ស្វ័យប្រវត្តិ ដែល​ធ្វើ​ឲ្យ​ការងារ​សម្រាប់​មនុស្ស​មាន​កាន់​តែ​តិច ។ ឧទាហរណ៍ ប្រសិនបើ​រថយន្ត និង​នាវា​ដឹក​ទំនិញ…

ទីក្រុង​ឡុ​ង​ដ៍ ៖ ការ​ព្រួយបារម្ភ​ពី​មនុស្ស​យន្ត​បាន​កើតឡើង ដោយ​មនុស្ស​គិត​ថា ការងារ​កាន់តែ​ច្រើន​ចាប់ផ្តើម​ធ្វើ​ដោយ​ស្វ័យប្រវត្តិ ដែល​ធ្វើ​ឲ្យ​ការងារ​សម្រាប់​មនុស្ស​មាន​កាន់​តែ​តិច ។ ឧទាហរណ៍ ប្រសិនបើ​រថយន្ត និង​នាវា​ដឹក​ទំនិញ អាច​បើកបរ​ដោយ​ខ្លួនឯង​បាន តើ​អ្នកបើកបរ ឬ​អ្នក​រត់​តាក់ស៊ី នឹង​ធ្វើ​ដូច​ម្តេច ?

ទស្សនៈ​សេដ្ឋកិច្ច​នឹង​ប្រាប់​ថា ការ​ប្រើប្រាស់​ម៉ាស៊ីន​ជាមួយ​ពលករ នឹង​បង្កើន​ទិន្នផល​ការ​ងារ ហើយ​ពេល​នោះ​ពួក​គេ​នឹង​មាន​ជម្រើស​ថា តើ​គួរតែ​ធ្វើការ​តិច​ជាង​មុន ខណៈ​មាន​ប្រាក់បៀវត្សរ៍​ដដែល ឬ​ធ្វើការ​ដដែល ប៉ុន្តែ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ច្រើន​ជាង​មុន ។

ជាមួយ​គ្នា​នេះ តម្លៃ​ផលិតផល​នឹង​ធ្លាក់​ចុះ អតិថិជន​នឹង​មាន​ប្រាក់​កាន់តែ​ច្រើន​ដើម្បី​ចំណាយ​​លើ​ផលិតផល​ដដែល ឬ​ផលិតផល​ផ្សេង​ទៀត​។ ដូច្នេះ វា​នឹង​មិន​បាត់បង់​ការ​ងារ​សម្រាប់​មនុស្ស​ទេ គឺ​មាន​តែ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ល្អ​ប្រសើរ​ឡើង​ប៉ុណ្ណោះ ។

ប្រវត្តិសាស្ត្រ​ក៏​បង្ហាញ​មក​ដូច្នេះ​ដែរ ។ ក្នុង​រយៈពេល​ប្រមាណ​២០០​ឆ្នាំ​មកនេះ សមត្ថ​ភាព​ផលិត​បាន​កើន​ឡើងជា​បន្តបន្ទាប់ ជា​ពិសេស​នៅ​ប្រទេស​លោក​ខាងលិច ។ ពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​ទាំងនោះ​បាន​ជ្រើសរើស​ការ​ដើរ​លេង​កម្សាន្ត​កាន់តែ​ច្រើន​ផង និង​រក​ប្រាក់​ចំណូល​ច្រើន​ផង ។ ម៉ោង​ធ្វើការ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​បាន​ធ្លាក់​ចុះ​ពាក់កណ្តាល​តាំងពី​ឆ្នាំ​១៨៧០​មក ខណៈ​ប្រាក់​ចំណូល​ក្នុង​មនុស្ស​ម្នាក់​បាន​កើនឡើង​យ៉ាង​ខ្លាំង ។

តើ​ការងារ​ធ្វើ​ដោយ​មនុស្ស ពិតជា​អាច​បាត់បង់​ដោយសារ​មនុស្ស​យន្ត​ដែរ​ឬទេ ?
យោង​តាម​របាយការណ៍​មួយ​របស់​វិទ្យាស្ថាន Mckinsey Global Institute បាន​ឲ្យ​ដឹង​ថា ពេលវេលា​៥០%​ដែល​មនុស្ស​ចំណាយ​ក្នុង​ការ​ធ្វើ​ការងារ​ណាមួយ នឹង​ត្រូវ​បាន​ជំនួស​ដោយ​ម៉ាស៊ីន ។ ប៉ុន្តែ​និ​ន្ន​ការ​បច្ចុប្បន្ន​នេះ​បង្ហាញ​ថា អត្រា​នេះ​នឹង​កើនឡើង​ត្រឹម​៣០%​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០៣០ ដោយ​យោង​តាម​ល្បឿន​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ ។

វិទ្យាស្ថាន​ខាងលើ​អះអាង​ថា នៅ​ក្នុង​ឆ្នាំ​២០៣០ មនុស្ស​ប្រមាណ​ពី​៤០០ ទៅ​៨០០​លាន​នាក់​នឹង​ត្រូវ​ស្វែងរក​ការងារ​ថ្មី ដែល​ប្រហែលជា​មិន​ទាន់​បង្កើត​ឡើង​នៅឡើយ ។ អត្រា​នៃ​ការ​ផ្លាស់​ប្តូរ​ការងារ​នេះ គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​នឹង​រយៈពេល​មុន​ទេ ។

មូលហេតុ​នៃ​ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​គួរ​ឲ្យ​ខ្លាច នេះ មក​ពី​ភាព​មិន​ប្រាកដប្រជា​កាលពី​អតីតកាល គឺ​កង្វះ​ទិន្នន័យ​សម្រាប់​ការ​ព្យាករ ។

សេដ្ឋវិទូ​តែង​ជឿជាក់​ថា ការ​ប៉ះពាល់​ដល់​ការងារ​កាលពី​លើក​មុន​បាន​បង្ក​ឲ្យ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ជួប​គ្នា ដែល​ធ្វើ​ឲ្យ​ចំនួន​ការងារ និង​ប្រាក់​ចំណូល​កើនឡើង ។ ប្រសិនបើ​មនុស្ស​យន្ត​អាច​ជំនួស​មនុស្ស​មែន​នោះ វា​ប្រហែលជា​ពិបាក​មើលឃើញ​លទ្ធផល​ដូច​នេះ​ម្តងទៀត​ណាស់ ។

ប៉ុន្តែ​របាយការណ៍​ពី​វិទ្យាស្ថាន​ខាងលើ​បាន​បដិសេធ​នឹង​អំណះអំណាង​នេះ ដោយ​និយាយ​ថា ក្នុង​រយៈពេល​វែង សេដ្ឋកិច្ច​នឹង​អាច​សម្រប​ខ្លួន ហើយ​បង្កើត​ការងារ​ដល់​មនុស្ស​ដែល​ចង់បាន ។ ពួក​គេ​និយាយ​ថា ៖« សម្រាប់​សង្គម​ទាំងស្រុង ម៉ាស៊ីន​អាច​ធ្វើ​ការងារ​ជា​ប្រចាំ​, មាន​គ្រោះថ្នាក់​, កខ្វក់ និង​អាច​អនុញ្ញាត​ឲ្យ​មនុស្ស​ប្រើប្រាស់​ទេព​កោសល្យ​របស់​ខ្លួន​កាន់តែ​ខ្លាំង​ឡើង ខណៈ​អាច​មាន​ពេលវេលា​សម្រាក​កាន់តែ​ច្រើន​ផង​ដែរ » ។

ទោះជា​យ៉ាងណា អំណះអំណាង​នេះ​នៅ​តែ​មាន​ចំណុច​ខ្វះខាត ។ ទី​១ ទាក់ទង​នឹង​ការ​ធ្វើ​ការងារ​ជំនួស​មនុស្ស​ដោយ​ម៉ាស៊ីន ។ កាលពី​អតីតកាល ពិភពលោក​ជួប​ប្រទះ​នឹង​ការ​ផ្លាស់​ប្តូរ​ផ្នែក​បច្ចេកវិទ្យា​តិច ដែល​ធ្វើ​ឲ្យ​មនុស្ស​អាច​សម្រប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​បាន​ស្រួល ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​ផ្លាស់​ប្តូរ​នឹង​មាន​ល្បឿន​លឿន​ជាង​មុន ព្រោះ​បច្ចេកវិទ្យា​ត្រូវ​បាន​បង្កើត​ឡើង និង​ចែកចាយ​លឿន​ជាង​មុន ។

កត្តា​នេះ​ផ្តល់​បញ្ហា​ដល់​អ្នក​បង្កើត​ច្បាប់ ព្រោះ​ការ​បង្កើត​បច្ចេកវិទ្យា​ថ្មី​ៗ​កាន់តែ​លឿន​អាច​នឹង​ប៉ះពាល់​ដល់​ការងារ​កាន់តែ​ច្រើន ប៉ុន្តែ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​កាន់តែ​លឿន​ផង​ដែរ ។

ហេតុនេះ អ្នកនយោបាយ​គួរតែ​ផ្តោត​សំខាន់​ទៅ​លើ​ការ​វិនិយោគ​យ៉ាងច្រើន​លើ​ការ​អប់រំ និង​ការ​ហ្វឹកហាត់​ពលករ​ដើម្បី​ធានា​ថា មនុស្ស​មាន​ជំនាញ​ខ្ពស់​ទើប​អាច​ទប់ទល់​នឹង​ការ​ផ្លាស់​ប្តូរ​នេះ​បាន ។

របាយការណ៍​របស់​វិទ្យាស្ថាន​នេះ​មិន​បាន​មើល​ច្បាស់​ថា អត្ថប្រយោជន៍​មួយ​ចំនួន​ដែល
បាន​មក​ពី​ការ​លូតលាស់​នៃ​សមត្ថភាព​ផលិត គឺ​ត្រូវ​បាន​ប្រមូល​ដោយ​មនុស្ស​មួយ​ក្រុម​តូច ។

ជា​ចុង​ក្រោយ របាយការណ៍​នេះ​គិត​ថា ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​មិន​អាច​បង្វែរ​ទិស​បាន​ទេ បើ​យើង​ដឹង​ពី​វិធី​ធ្វើ​អ្វីមួយ​មាន​ប្រសិទ្ធភាព​ជាង​មុន ហើយ​យើង​មិន​អាច​ធ្លាក់​មក​កម្រិត​មាន​ប្រសិទ្ធភាព​ទាប​ជាង​មុន​ទេ ប៉ុន្តែ​ការ​គិត​ដូចនេះ​មិន​បាន​មើល​ថា តើ​វា​ល្អ​ដែរ​ឬទេ ?

ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ