ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូជីវិត គូ​សិល្បៈ​បុរាណ​ដ៏​សក្តិ​សម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ច្រៀង​ផង រាំ​ផង បង្កើត​បរិយាកាស​រីករាយ​គាប់​ភ្នែក​ទស្សនិកជន ពិសេស​ គឺ​កូនកំលោះ​-​ក្រមុំ ។ វា​ជា​ការ​សម្តែង​របស់​លោក​ចាន់ សុធី…

រាជធានី​ភ្នំពេញ ៖ ច្រៀង​ផង រាំ​ផង បង្កើត​បរិយាកាស​រីករាយ​គាប់​ភ្នែក​ទស្សនិកជន ពិសេស​ គឺ​កូនកំលោះ​-​ក្រមុំ ។ វា​ជា​ការ​សម្តែង​របស់​លោក​ចាន់ សុធី និង​អ្នកស្រី​ឃុន សា​រិ​ន ក្នុង​ពិធីកាត់សក់​មង្គលការ​មួយ នៅ​តំបន់​ចម្ការមន រាជធានី​ភ្នំពេញ នា​ពេល ថ្មី​ៗ​កន្លង​​មក ។

យុវជន​វ័យក្មេង​មួ​​យ​គូ​រៀប​ពិធី​ប្រពៃណី​ដើម្បី​ក្លាយជា​ប្តី​-​ប្រពន្ធ ឯ​សិល្បករ សិល្ប​ការិនី​សម្តែង​ក្នុង​ពិធី​របស់​ពួក​គេ​ជា​ប្តី​-​ប្រពន្ធ​នឹង​គ្នា​ដែរ​។ រាល់​ទីកន្លែង រាល់ពេល​វេលា អ្នក​ទាំង​ពីរ​ជា​គូ​សម្តែង​ជា​មួ​យ​គ្នា​ជា​និច្ច ។

នៅ​រដូវរំហើយ​នេះ​ស្ទើរ​គ្មាន​លស់​ថ្ងៃ​ទេ​សម្រាប់​លោក​ចាន់ សុធី និង​ភរិយា សម្តែង​នៅ​ទី​នេះ នៅ​ទីនោះ ។ ក្រៅពី​សម្តែង​សិល្បៈ​ប្រពៃណី​សម្រាប់​មង្គលការ សិល្បករ សិល្ប​ការិនី​​ទាំង​គូ​សម្តែង​ពិធី​ឡើង​គេហដ្ឋាន ច្រៀង​ពិធី​តន្ត្រី​ទូរទស្សន៍ និង​សម្តែង​យីកេ​ក្នុង​ពិធីបុណ្យ​របស់​អ្នកស្រុក ។

ទេព​កោសល្យ​សិល្បៈ​បុរាណ ពិសេស​សំនៀង​សែន​ពីរោះ​ស្រទន់​ផ្តល់​ឲ្យ​លោក​ចាន់ សុធី នូវ​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយភាព​ក្នុង​ស្រទាប់​មហាជន ។ សម្រាប់​ពិធី​មង្គល​ការកូន ចៅ របស់​សម្តេច ឯកឧត្តម លោក​ជំទាវ ឧកញ៉ា អ្នកមាន​ស្តុកស្តម្ភ​… តែងតែ​គាប់ចិត្ត​ផ្តល់​ឱកាស​សម្រាប់​ក្រុម​សិល្បៈ​ប្រពៃណី​របស់​លោក ។

ថ្វីបើ​បែប​នោះ​ក្តី ក្រុម​សិល្បៈ​របស់​លោក​ចាន់ សុធី ក៏​ជាទី​ពេញ​និយម​សម្រាប់​មហាជន​ទូទៅ​ដែរ ។ សិល្បករ​ប្រជាប្រិយ​រូប​នេះ​មិន​រើសអើង​សម្រាប់​ការ​សម្តែង​ទេ ពិធី​របស់​មហាជន​វណ្ណៈ​ណា ជីវភាព​បែប​ណា​ក៏​លោក​រីករាយ​សម្តែង​ជូន​ដែរ ។ កេរ្តិ៍ឈ្មោះ​របស់​លោក​សុធី​មិនមែន​ជា​ការ​កំណត់​តម្លៃ​ខ្លួន​ខ្ពស់​ដែល​តម្រូវ​សម្រាប់​តែ​អ្នកមាន​នោះ​ទេ លោក​តែងតែ​សម្របសម្រួល​ទៅ​តាម​កម្រិតជីវភាព​របស់​អ្នក​ពេញ​ចិត្តការ​សម្តែង​របស់​លោក ។

មហាជន​បាន​កោតសរសើរ​ចំពោះ​ទឹកដម​ច្រៀង​ដ៏​ពីរោះ និង​ទេព​កោសល្យ​សម្តែង​ដ៏​ល្អ​តាម​ក្បួនខ្នាត​របស់​លោក​ចាន់ សុធី និង​ភរិយា សម្រាប់​ពិធី​មង្គលការ ។ ក្រុម​សិល្បៈ​ប្រពៃណី​នេះ​អាច​បំពេញចិត្ត​ម្ចាស់​មង្គលការ ដោយ​ចេះ​ចាំ​ក្បួនខ្នាត ទម្រង់​ពិធី ផ្សេង​ៗ​តាម​ទំនៀម​បុរាណ ដូច​ជា​ពិធីបុកល័ក្ត ធ្វើ​ធ្មេញ ជាដើម ។

ម្ចាស់​មង្គលការ​មួយ​ដែល​មិន​ខុស​ពី​អ្នក​ផ្សេង​ជា​ច្រើន​ទៀត​និយាយ​ដោយ​រីករាយ​ថា «ក្រុម​លោក​ចាន់ សុធី សម្តែង​ល្អ​ណាស់ មិន​ឆ្គង មិន​ភ្លាវ ប្រាសចាក​ទំនៀម​មង្គលការ​ខ្មែរ។ ជា​ពិសេស​លោក​សុធី ច្រៀង​ពីរោះ​ណាស់ ។ ស្តាប់​គាត់​ច្រៀង​មិន​សរសើរ​មិន​បាន» ។

ការ​គាំទ្រ​ផ្តល់​តម្លៃ​ពី​មហាជន​ធ្វើ​ឲ្យ​លោក​ចាន់ សុធី រីករាយ និង​មាន​មោទនភាព ។ «​ខ្ញុំ​សូម​អរគុណ​ចំពោះ​មហាជន​ទាំងអស់​ដែល​ពេញ​ចិត្តការ​សម្តែង​របស់ខ្ញុំ និង​ភរិយា ព្រម​ទាំង​សិល្បករ​រួម​ក្រុម​ទាំងអស់ ។ យើងខ្ញុំ​នឹង​យកចិត្តទុកដាក់​សម្តែង​ឲ្យ​កាន់តែ​ល្អ​ឡើង​មិន​ឲ្យ​អស់លោក​អ្នក​អាក់អន់ចិត្ត​ទេ »​។ លោក​ចាន់ សុធី ថ្លែង​បែប​នេះ​ទាំង​ងាក​ញញឹម​ដាក់​ភរិយា​ដែល​នៅ​អង្គុយ​ក្បែរ ហើយ​បាន​ស្នាមញញឹម​ពព្រាយ​តប​វិញ ។

ដោយ​ប្រជាប្រិយភាព លោក​ចាន់ សុធី និង​ភរិយា មាន​ពេល​សម្រាក​នៅផ្ទះ​តិច​ណាស់ ពេញ​មួយ​ខែ​ៗ​មាន​ចន្លោះ​ថ្ងៃ​តិចតួច​ណាស់​ដែល​លោក​មិន​សម្តែង ។ ទោះបី​ហត់នឿយ​បែប​ណា​ក្តី​លោក​សុធី នៅ​តែ​រីករាយ​បំពេញការងារ​សិល្បៈ​ដែល​ទុកដូចជា​ជីវិត​របស់​ខ្លួន​នេះ ។

លោក​ចាន់ សុធី ជា​អតីត​តួឯក​យីកេ​នៅ​ក្រុម​សិល្បៈ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​តាកែវ រួម​ជាមួយ​ភរិយា​របស់​លោក ។ ទោះបី​បែក​ចេញពី​ក្រុម​ដើម កន្លែង​ដែល​ផ្តល់​ភាព​លូតលាស់​សម្រាប់​ជំនាញ​សិល្បៈ​បុរាណ​របស់​ខ្លួន​ក្តី លោក​ចាន់ សុធី និង​ភរិយា នៅ​តែ​មាន​ក្រុម​យី​កែ​ដដែល​សម្រាប់​បម្រើ​ការ​កម្សាន្ត​របស់​មហាជន ហើយ​លើស​ពី​នេះ​គឺជា​ការ​រក្សា​សិល្បៈ​យីកេ ។

អំឡុង​ពេល​នៅ​ក្រុម​ដើម​ឯ​ខេត្តតាកែវ លោក​ចាន់ សុធី បាន​ចូលរួម​សម្តែង​យីកេ​ជា​ច្រើន​រឿង​។ ស្នាដៃ​ទាំងនោះ​ផលិត និង​ចាក់​ផ្សាយ​ដោយ​ទូរទស្សន៍​ជាតិ ដូច​ជា​រឿង «ព្រះ​ថោង​​​នាងនាគ​» «​កាកី​» និង​រឿង​វិ​ធូរ​បណ្ឌិត ជាដើម ។

ប៉ុន្មាន​ថ្ងៃ​មក​ហើយ​លោក ចាន់ សុធី និង​ក្រុម​សិល្បៈ​ប្រពៃណី​របស់​ខ្លួន​សម្តែង​បន្​តបន្ទាប់​គ្នា ហើយ​នៅ​តែ​បន្ត​រៀងរាល់ថ្ងៃ​ទៀត ។

បុរស​មន្ត្រីរាជការ​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ​ដែល​ត្រៀម​រៀបចំ​មង្គលការ​កូនស្រី​នៅ​ឆ្នាំ​ក្រោយ​បាន​ប្រាថ្នា​នឹង​យក​ការ​សម្តែង​របស់​លោក​ចាន់ សុធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ