ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB៖​ការ​រៀបចំ​ទីក្រុង​អាច​លើកកម្ពស់​គុណភាព​នៃ​ជីវិត និង​ឱកាស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ធនាគារពិភពលោក (WB) ស្តី​ពី​ការ​អភិវឌ្ឍ​ទីក្រុង​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ធ្នូ កន្លង​មក បាន​ឲ្យ​ដឹង​ថា ការ​រីក​លូតលាស់​ដ៏​ឆាប់រហ័ស​នៃ​ក្រុងភ្នំពេញ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ធនាគារពិភពលោក (WB) ស្តី​ពី​ការ​អភិវឌ្ឍ​ទីក្រុង​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ធ្នូ កន្លង​មក បាន​ឲ្យ​ដឹង​ថា ការ​រីក​លូតលាស់​ដ៏​ឆាប់រហ័ស​នៃ​ក្រុងភ្នំពេញ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ បាន​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើន​ឱកាស​ការងារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។ ក៏​ប៉ុន្តែ ការ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​លើកកម្ពស់​ផែនការ ការ​គ្រប់គ្រង និង​ហេដ្ឋា​រចនាសម្ព័ន្ធ​នៃ​ទីក្រុង គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ចៀសវាង​ការ​រីក​រាលដាល​នៃ​ភាព​គ្មាន​សណ្តាប់ធ្នាប់ ការ​ស្ទះចរាចរណ៍ និង​ការ​បំពុល​ផ្សេង​ៗ ។

របាយការណ៍​មាន​ចំណងជើង​ថា « ការ​អភិវឌ្ឍ​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ » បាន​លើក​ឡើង​ពី​ភាព​ប្រឈម​ជា​ច្រើន​ក្នុង​ការ​ផ្តល់​សេវាកម្ម​ជា​មូលដ្ឋាន រួម​មាន ប្រព័ន្ធ​បង្ហូរទឹក​ស្អុយ ស្ថានីយ​កែ​ច្នៃ​ទឹក​ស្អុយ សេវា​ដឹក​ជញ្ជូន​សាធារណៈ និង​ការ​គ្រប់គ្រង​កាក​សំណល់​​​រឹង​។ ការ​គ្រប់គ្រង និង​ការ​ផ្តល់​ហិរញ្ញប្បទាន​លើ​ការ​រៀបចំ​ក្រុង ការ​ពង្រឹង​អភិបាលកិច្ច និង​ការ​ផ្តល់​សេវាកម្ម ក៏​ជួប​បញ្ហា​ប្រឈម​ដែរ ។ ទោះបីជា​មានដំណើរ​ការ​រៀបចំ​ក្រុង​ដែល​មាន​ស្រាប់​ក៏​ដោយ ក៏​ការ​ផ្តល់​ហិរញ្ញប្បទាន និង​សមត្ថភាព​បច្ចេកទេស ជា​ញឹកញាប់​បង្ក​នូវ​ឧបសគ្គ​ជា​ច្រើន​ដល់​ផែនការអភិវឌ្ឍន៍​ទីក្រុង ទីតាំង និង​ផែនការ​ប្រើប្រាស់​ដី ជា​ពិសេស នៅ​ថ្នាក់​ខណ្ឌ និង​សង្កាត់ ។

លោកស្រី អ៊ី​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖« រាជធានី​ភ្នំពេញ​ប្រឈម​នឹង​ឱកាស​ដ៏​សំខាន់​មួយ​ក្នុង​ការ​កែខៃ​ទី​ក្រុង​ជា​វិជ្ជមាន​សម្រាប់​អនាគត​របស់​ខ្លួន ការ​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន​ថែម​ទៀត និង​ការ​បង្ក​លទ្ធភាព​ឲ្យ​មាន​សេវាកម្ម​កាន់តែ​ប្រសើរ​ជាង​មុន​។ ការ​អភិវឌ្ឍ​ទីក្រុង​ដែល​មាន​ការ​គ្រប់គ្រង និង​រៀបចំ​ផែនការ​បាន​ល្អ អាច​ជួយ​ធ្វើ​ឲ្យ​ទីក្រុង​មាន​ភាព​ល្បីល្បាញ​ក្នុង​ការ​ធានា​ឲ្យ​មាន​ស្តង់ដា​រស់នៅ​ប្រសើរ​សម្រាប់​អនាគត​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ » ។

របាយការណ៍​នេះ​បាន​ផ្តល់​នូវ​អនុសាសន៍​ជា​ច្រើន ដើម្បី​ធ្វើ​ឲ្យ​ការ​រីក​លូតលាស់​នៅ​ក្នុង​ទីក្រុង​កាន់តែ​មាន​លក្ខណៈ​ប្រកួតប្រជែង កាន់តែ​មាន​និរន្តរភាព និង​កាន់តែ​គ្របដណ្តប់​ទូលំទូលាយ​លើ​វិស័យ​សំខាន់​ៗ​ចំនួន​៤ រួម​មាន ៖

១-​ត្រូវ​កែ​លម្អ​ស្ថាប័ន និង​អភិបាលកិច្ច ដើម្បី​ឲ្យ​ទីក្រុង​អាច​អភិវឌ្ឍន៍​ទៅ​បាន​ប្រកប​ដោយ​​ភាព​សុខដុម និង​មាន​ប្រសិទ្ធភាព​ជាង​មុន ។

២-​ត្រូវ​កែ​លម្អ​ផែនការ​រៀបចំ​ទីក្រុង និង​ការ​អនុវត្ត​ផែនការ តាម​រយៈ​ការ​បង្កើត​បទដ្ឋាន​គតិ​​យុ​ត្ត ក្របខ័ណ្ឌ​ច្បាប់ និង​ពង្រឹង​ផែនការ​រៀបចំ​ទីក្រុង​ដែល​មាន​ស្រាប់ ។

៣-​ត្រូវ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ដែល​ប្រកបដោយ​និរន្តរភាព ដើម្បី​លើក​កម្ពស់​កម្រិតជីវភាព​រស់នៅ និង​ភាព​ប្រកួតប្រជែង ។

៤-​ត្រូវ​ធានា​ថា ការ​រៀបចំ​ទីក្រុង​ត្រូវ​គិតគូរ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​វិសមភាព ។

លោកស្រី ជូ​ឌី បេ​គ័​រ ប្រធាន​សេដ្ឋកិច្ចវិទូ​របស់​ធនាគារពិភពលោក ដែល​ជា​អ្នកនិពន្ធ​ម្នាក់​​ក្នុង​ចំណោម​អ្នកនិពន្ធ​ជា​ច្រើន បាន​មាន​ប្រសាសន៍​ថា ៖« ទីក្រុង​ទាំងឡាយ​ដែល​មាន​ផែនការ​ល្អ ធ្វើ​ឲ្យ​គេ​អាច​គ្រប់គ្រង​បាន​ល្អ​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​សង្គម​ផ្នែក​នគរូបនីយកម្ម និង​អាច​បង្កើត​បានជា​ទីកន្លែង​ដែល​មាន​លក្ខណៈ​រស់​រវើក អាច​រស់នៅ​បាន និង​មាន​ទីធ្លា​ប្រសើរ​។

ផែនការ​នេះ​អាច​ធ្វើ​ទៅ​បាន​យ៉ាង​ល្អ​សម្រាប់​រាជធានី​ភ្នំពេញ ក៏​ប៉ុន្តែ វា​នឹង​ជា​ដំណើរការ​មួយ​ដែល​មាន​រយៈពេល​វែង ទាមទារ​ឲ្យ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ