ខេត្តកែប ៖ កោះទន្សាយគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងពោរពេញទៅដោយជីវចម្រុះនៅបាតសមុទ្រ ប្រកបដោយបរិស្ថានល្អ ខ្យល់បរិសុទ្ធ និងមានឆ្នេរខ្សាច់សស្អាតលាតសន្ធឹងតាមបណ្តោយកោះស្ថិតនៅជាប់នឹងសមុទ្រខៀវស្រងាត់យ៉ាងល្អប្រណីត ។ កោះទន្សាយជាកោះមួយស្ថិតនៅចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខេត្តកែប បើភ្ញៀវទេសចរទៅកម្សាន្តត្រូវជិះទូកចេញពីកំពង់ទូកទេសចរណ៍ក្រុងកែបឆ្លងកាត់សមុទ្រ ។
លោកស្រីព្រំ ចំរើន អភិបាលរងខេត្តកែបទទួលបន្ទុកផ្នែកទេសចរណ៍មានប្រសាសន៍ជុំវិញការទៅកម្សាន្តលើកោះទន្សាយថា បច្ចុប្បន្នភ្ញៀវទេសចរជាតិនិងអន្តរជាតិមានការកើនឡើងជាងឆ្នាំកន្លងទៅ ។ ចំណែកការធ្វើដំណើរប្រជាសហគមន៍មានទូកចំនួន១៦គ្រឿង បំពាក់ដោយអាវសុវត្ថិភាពក្នុងការដឹកជញ្ជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តលើកោះទន្សាយ និងមានកន្លែងផ្ញើរថយន្តនៅកំពង់ទូកសម្រាប់ភ្ញៀវទៅសម្រាកលើកោះជាច្រើនថ្ងៃ។ ចំពោះតម្លៃទូកដែលភ្ញៀវទេសចរជិះទៅកម្សាន្តលើកោះទន្សាយនោះក្នុងតម្លៃទូក១គ្រឿងសម្រាប់ការធ្វើដំណើរទៅមក របស់ភ្ញៀវជាតិ និងភ្ញៀវបរទេសចំនួន២០ដុល្លារ ។ ចំពោះភ្ញៀវជាតិជិះបានចំនួន៨នាក់ និងភ្ញៀវបរទេសជិះបាន៦នាក់ដោយប្រើរយៈពេលពី២០ទៅ៣០នាទីតាមអាកាសធាតុប្រចាំថ្ងៃ ។
លោកស្រីព្រំ ចំរើន មានប្រសាសន៍ថា កោះទន្សាយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវទេសចរចាប់តាំងពីឆ្នាំ២០០៥ មកហើយមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ឆ្នាំ២០១២នេះ ។ អាជ្ញាធរខេត្ត បានបង្កើតផ្ទះសំណាក់អំពីឈើប្រក់ស្លឹកជាច្រើននៅតាមជើងភ្នំជាប់ឆ្នេរសមុទ្រដែលការស្នាក់នៅបែបមនោសញ្ចេតនាគួរឱ្យជក់ចិត្ត ។ ទន្ទឹមនឹងនេះក៏មានបង្កើតរមណីយដ្ឋានជាច្រើនកន្លែងតាមឆ្នេរសមុទ្រ សម្រាប់បំពេញតម្រូវការភ្ញៀវជាតិ និងអន្តរជាតិមានទាំងម្ហូបគ្រឿងសមុទ្រស្រស់ៗគ្រប់ប្រភេទ រួមទាំងត្រី-សាច់ គ្រប់មុខ និងមានភេសជ្ជៈ ។
ចំពោះតម្លៃស្នាក់នៅផ្ទះសំណាក់ក្នុងមួយយប់ចាប់ពី៧ដុល្លារទៅ១០ដុល្លារ ប៉ុន្តែបញ្ហាភ្លើងអគ្គិសនីគឺបានត្រឹមតែម៉ោង១១យប់ត្រូវបិទ ដោយសារជាភ្លើងឯកជនមិនទាន់មានតភ្ជាប់បណ្តាញភ្លើងអគ្គិសនីរដ្ឋទៅដល់នៅឡើយ ។ ភ្ញៀវទេសចរជាច្រើននាក់បាននិយាយថា កោះទន្សាយបើយើងមើលពីចម្ងាយដូចភ្នំមួយដែលផុសចេញពីផ្ទៃសមុទ្រពោរពេញទៅដោយធម្មជាតិពណ៌ខៀវស្រងាត់ បើភ្ញៀវទេសចរណាទៅដល់ខេត្តកែប បានឃើញពិតជាចង់ទៅឱ្យដល់រមណីយដ្ឋានកោះទន្សាយ ។
ទន្ទឹមនឹងការចាប់អារម្មណ៍នេះក៏មានទេសចរជាច្រើនរិះគន់ថា រមណីយដ្ឋានកោះទន្សាយមានការលំបាកចំពោះការស្នាក់នៅដោយខ្វះផ្ទះសំណាក់ និងមិនទាន់មានផ្ទះសំណាក់សង់ពីថ្មរឹងមាំ ។ ចំពោះបញ្ហាអគ្គិសនីមិនទាន់មាន២៤ម៉ោងនិងទឹកសាបសម្រាប់ខែប្រាំងមានការខ្វះខាតជាញឹកញាប់ ។ រមណីយដ្ឋានកោះទន្សាយបង្កើតឡើងដោយស្នាដៃប្រជាពលរដ្ឋនៅលើកោះ ដូច្នេះហើយមិនដូចជាការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជនទេ ៕
ចែករំលែកព័តមាននេះ