ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ផ្លុ​ង មឿ​ក អ្នកសិល្បៈ​បុរាណ ជីវិត​ចុង​ក្រោយ​ក្នុង​ភាព​តោកយ៉ាក

6 ឆ្នាំ មុន
  • ភ្នំពេញ

បើ​ទោះបីជា​ចូល​បម្រើ​សិល្បៈ​ស្ទើរ​មួយ​ជីវិត​ក៏​ពិតមែន ប៉ុន្តែ​រហូត​មក​ដល់​វ័យ​ជរា​នេះ អ្នកចម្រៀង​អា​យ៉ៃ​ជើង​ចាស់​លោកតា ផ្លុ​ង មឿ​ក មិន​បាន​បន្សល់​ទុកទ្រព្យ​សម្បត្តិ​អ្វី​ជា​ដុំ​កំភួន​សម្រាប់​ខ្លួនឯង និង​ក្រុម​គ្រួសារ​របស់​គាត់​ឡើយ ។ ពេល​ឈាន​ចូល​វ័យ​ចាស់ជរា​មាន​ជំងឺ​ជាមួយនឹង​ការ​បាត់បង់​សមត្ថភាព​សម្តែង​ផង​នោះ ក្រុម​គ្រួសារ​របស់​លោកតា…

បើ​ទោះបីជា​ចូល​បម្រើ​សិល្បៈ​ស្ទើរ​មួយ​ជីវិត​ក៏​ពិតមែន ប៉ុន្តែ​រហូត​មក​ដល់​វ័យ​ជរា​នេះ អ្នកចម្រៀង​អា​យ៉ៃ​ជើង​ចាស់​លោកតា ផ្លុ​ង មឿ​ក មិន​បាន​បន្សល់​ទុកទ្រព្យ​សម្បត្តិ​អ្វី​ជា​ដុំ​កំភួន​សម្រាប់​ខ្លួនឯង និង​ក្រុម​គ្រួសារ​របស់​គាត់​ឡើយ ។

ពេល​ឈាន​ចូល​វ័យ​ចាស់ជរា​មាន​ជំងឺ​ជាមួយនឹង​ការ​បាត់បង់​សមត្ថភាព​សម្តែង​ផង​នោះ ក្រុម​គ្រួសារ​របស់​លោកតា ផ្លុ​ង មឿ​ក បាន​ជួប​នូវ​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង រហូត​លក់​ផ្ទះ​ដើម្បី​យក​ប្រាក់​ទូទាត់​សង​ធនាគារ ហើយ​ត្រូវ​នាំ​គ្នា​មក​រស់នៅ​បន្ទប់​ជួល​វិញ ។

បច្ចុប្បន្ន​លោកតា ផ្លុ​ង មឿ​ក អាយុ​៨៣​ឆ្នាំ រស់​ក្នុង​ស្ថានភាព​ជីវិត​ចុង​ក្រោយ ត្រូវ​គេ​មើលឃើញ​ថា មាន​ភាព​សង្វេគ​មិន​ខុស​ពី​គ្រួសារ​អស់សង្ឃឹម​នោះ​ទេ ដោយសារ​តែ​ជីវភាព​ទីទ័ល ហើយ​ជម្ងឺ​ធ្ងន់​ច្រើន​មុខ​ជាមួយនឹង​ការ​រស់នៅ​ក្នុងផ្ទះ​ជួល​មួយ​នៅ​ជិត​វត្ត​ស្វាយ​ពពែ ។

កូនស្រី​លោកតា ផ្លុ​ង មឿ​ក អ្នក​នាង​ផ្លុ​ង រចនា និយាយ​ថា ក្រុម​គ្រួសារ​តែងតែ​និមន្ត​ព្រះ​សង្ឃ​សូត្រធម៌​ជូន​គាត់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ ព្រោះ​គាត់​ពិសា​មិនសូវ​បាន សម្រាន្ត​មិនសូវ​លក់ ។ ពួក​នាង​គ្មាន​លទ្ធភាព​មើល​គាត់ ហើយ​គាត់​ហូប​មិនសូវ​បាន ក៏​និមន្ត​ព្រះសង្ឃ​សូត្រធម៌​ជូន​គាត់ ប្រាប់​គាត់​ឲ្យ​តាំងចិត្ត​ស្ដាប់​ព្រះធម៌​រហូត​គាត់​អាច​ហូប​បាយ​បាន​ខ្លះ ។

លោកតា ផ្លុ​ង មឿ​ក កើត​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​១៩៤១ នៅ​ភូមិ​កោះ​ស្លា ឃុំ​ស្នោ ស្រុក​ភ្នំពេញ បច្ចុប្បន្ន​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ គាត់​គឺជា​កូន​ទី​៣​ក្នុង​ចំណោម​បងប្អូន​៤​នាក់ ប្រុស​២​ស្រី​២ ។ ឪពុក​របស់​គាត់​ឈ្មោះ គឹ​ម ផ្លុ​ង អតីត​ជា​ជំទប់​(​ស្លាប់​) ឯ​ម្ដាយ​ឈ្មោះ យី​ម សេក ជា​មេផ្ទះ ​(​ស្លាប់​) ។

លោកតា​ផ្លុ​ង មឿ​ក ធ្លាប់​ឆ្លងកាត់​ជីវិត​អាពាហ៍ពិពាហ៍​ចំនួន​២​លើក ។ លើក​ទី​១ រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី នុ​ត ណាត់ ក្នុង​ឆ្នាំ​១៩៦០ ។ ភរិយា​របស់​គាត់​អ្នកស្រី នុ​ត ណាត់ ជា​កសិករ​រស់នៅ​ក្នុងភូមិ​ត្រពាំង​ថ្លាន់ ឃុំ​ព​ន្សាំ​ង ស្រុក​អង្គស្នួល ខេត្តកណ្ដាល តែ​គាត់​(​ប្រពន្ធ​)​បាន​ស្លាប់​នៅ​ក្នុង​របប​ប៉ុ​ល​ពត ។  លោកតា​ផ្លុ​ង មឿ​ក មានកូន​ចំនួន​៤​នាក់ ស្រី​ទាំងអស់ ។

សិល្បករ​បុរាណ​រូប​នេះ​បាន​រៀប​អាពាហ៍ពិពាហ៍​លើក​ទី​២​ជាមួយ​អ្នកស្រី ពិ រ៉ា ជា​អ្នក​ខេត្តកំពង់ចាម ក្នុង​ឆ្នាំ​១៩៨០ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​អាយុ​៦២​ឆ្នាំ ។ ពួក​គាត់​បង្កើត​បានកូន​៥​នាក់​ទៀត​គឺ​ប្រុស​៣ ស្រី​៣​នាក់ ។

ក្នុង​ចំណោម​កូន​ទាំងអស់​របស់​លោកតា​ផ្លុ​ង មឿ​ក បាន​បណ្ដុះបណ្ដាល​ឲ្យ​ក្លាយទៅជា​អ្នកសិល្បៈ​ម្នាក់ គឺ​កូន​ប្រពន្ធ​មុន បច្ចុប្បន្ន​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​ស្វាមី​ដែល​ជា​ជនជាតិ​អា​មេ​រិ​ក ។

នៅ​អាយុ​១២​ឆ្នាំ ជីដូន​របស់​បាន​បញ្ជូន​លោកតា​ផ្លុ​ង មឿ​ក ទៅ​រៀន​ក្បួនច្បាប់​ធម៌​វិន័យ​នៅ​ក្នុង​«​វត្ត​ស្រះស្រង់​»​ស្ថិត​ក្នុង​ឃុំ​កំ​បូល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដើម្បី​បួស​ជា​ព្រះសង្ឃ ។ គាត់​បាន​ធ្វើ​ជា​កូនសិស្ស​ព្រះសង្ឃ​ប្រតិបត្តិ​ក្បួនច្បាប់​ធម៌​វិន័យ​បាន​ប្រហែល​​​២​ឆ្នាំ ទើប​បួស​ជា​សាមណេរ​នៅ​ក្នុង​វត្ត​ស្រះស្រង់ តែ​ម្ដង ដោយ​បួស​បាន​ចំនួន​៥​ព្រះ​វស្សា​ក៏​បាន​សឹក​វិញ ។ កាល​នៅ​ជា​ព្រះសង្ឃ​គាត់​រៀន​ចេះ​ធម៌អាថ៌​ច្រើន​គួរសម ជា​ពិសេស​ការ​ស្មូត្រ ដែល​កាលនោះ​មាន​ពុទ្ធបរិស័ទ​និមន្ត​គាត់​ទៅ​ស្មូត្រ​ច្រើន​ណាស់ ។
បន្ទាប់​​ពី​សឹក​រួច​មក ម្ដាយមីង​របស់​លោកតា​ផ្លុ​ង មឿ​ក ដែល​ជា​អ្នកលក់​មាស​នៅ​ផ្សារ​ធំ​ថ្មី បាន​ឲ្យ​គាត់​ទៅ​រៀន​ធ្វើ​ជាងមាស នៅ​ក្នុងភូមិ​សា​ឡូង ឃុំ​កំ​បូល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។ បន្ទាប់​ពី​រៀន​ចេះ​ធ្វើ​ជាងមាស គាត់​បាន​ទៅ​ធ្វើ​ជា​ជាង​ធ្វើ​មាស និង​ឆ្លាក់​ព្រះ​ពុទ្ធរូប​ជាមួយ​ម្ដាយមីង​របស់​គាត់​នោះ ។

កាល​ណោះ​លោកតា​ផ្លុ​ង មឿ​ក មាន​អាយុ​ប្រហែល​១៨​ឆ្នាំ ដោយសារ​តែ​គាត់​គឺជា​មនុស្ស​​មាន​និស្ស័យ​ផ្នែក​សិល្បៈ ក៏​បាន​រៀន​ច្រៀង​ភ្លេង​ការ និង​អា​យ៉ៃ​ជាមួយ​ស្មៀន​ឈិ​ន ដែល​ជា​ឪពុក​របស់​អ្នកចម្រៀង​អា​យ៉ៃ​ឈិ​ន ឈៀង ។ កាល​ណោះ​គាត់​ធ្វើ​ជាងមាស​ផង ពេលទំនេរ​ដើរ​ច្រៀង​អា​យ៉ៃ​តាម ស្មៀន​ឈិ​ន ផង ។ បន្ទាប់​ពី​ចេះ​ច្រៀង​អា​យ៉ៃ និង​ភ្លេង​ការ​ហើយ គាត់​ក៏​បាន​បន្ត​ដើរ​ច្រៀង​ជាមួយ​ស្មៀន​ឈិ​ន និង​អ្នកសិល្បៈ​ផ្សេង​ទៀត​ជា​បន្តបន្ទាប់ ។

បន្ទាប់​ពី​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ​នរោត្តម សីហ​នុ មក លោកតា​ផ្លុ​ង មឿ​ក បាន​ចូល​ធ្វើ​ជា​ទាហាន​ក្នុង​របប​លន់ ន​ល់ ផ្នែក​សិល្បៈ ក្នុង​តួនាទី​ជា​ប្រធាន​ក្រុម​ផ្នែក​សិល្បៈ ។ កាល​ពី​ដំបូង​មាន​អ្នកសិល្បៈ​ចូលរួម​មាន​តែ​១៥​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​គាត់​ក៏​បាន​ប្រមែប្រមូល​បាន​រហូត​ដល់​ទៅ​៤៥​នាក់ ។ ក្រោយមក​ក្រុម​សិល្បៈ​របស់​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​ហាត់​សម្ដែង​ជាមួយ​ក្រុម​សិល្បៈ​អ៊ិ​ស្លា​ម​របស់​លោក​សុះ ម៉ាត់ នៅ​ព្រែក​តា​ទែន ខាងជើង​ព្រែក​ព្នៅ និង​បាន​សម្ដែង​ជាមួយ​ក្រុម​លោក​សុះ ម៉ាត់ រហូត​ដល់​របប​ខ្មែរ​ក្រហម​​ចូល​មក​គ្រប់គ្រង​ប្រទេស ។

នៅ​ក្នុង​របប​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ខ្មែរក្រហម​បាន​ជម្លៀស​លោកតា​ផ្លុ​ង មឿ​ក ទៅ​នៅ​ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​ក្របៅ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ដោយ​កាល​ណោះ​គាត់​ត្រូវ​រស់នៅ​ព្រាត់ប្រាស​ម្ដាយ​ឪពុក បងប្អូន និង​ប្រពន្ធ​កូន ព្រោះ​សាច់ញាតិ​ទាំងនេះ របស់​គាត់​ត្រូវ​បាន​ខ្មែរក្រហម​ជម្លៀស​ទៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ។ ចាត់​ទុក​ថា​សំណាង​ជាងគេ លោកតា ផ្លុ​ង មឿ​ក ដោយសារ​មាន​ជំនាញ​កាត់សក ់និង​សិល្បៈ គាត់​មិន​ត្រូវ​ខ្មែរក្រហម​បង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់​ទេ ពោល​គឺ​កាល​ណោះ​គាត់​ត្រូវ​បាន​ខ្មែរក្រហម​បញ្ជា​​ឲ្យ​ធ្វើ​ជាងកាត់សក់ និង​កូតទ្រ​ច្រៀង​ឲ្យ​កងចល័ត​ជីក​ប្រឡាយ​ស្ដាប់ ។ ចំពោះ​ការ​ហូប​ចុក​វិញ​គាត់​មិន​ខ្វះខាត​ទេ ព្រោះ​នៅ​ពេល​ពួក​ខ្មែរក្រហម​មក​ឲ្យ​គាត់​កាត់សក់​ឲ្យ ម្ដង​ៗ គេ​តែងតែ​យក​ដំឡូង ខ្នុរ ដូង ជាដើម​មក​ឲ្យ​គាត់ ។

ក្នុង​របប​ខ្មៅ​ងងឹត​នោះ ពួក​ខ្មែរក្រហម​បាន​សម្លាប់​ប្រពន្ធ ឪពុក និង​កូន​ម្នាក់​របស់​គាត់ ។
បន្ទាប់​ពី​ថ្ងៃ​រំដោះ​៧​មក​រា ១៩៧៩ លោកតា​ផ្លុ​ង មឿ​ក បាន​វិល​មក​ភ្នំពេញ​វិញ ដោយ​រស់​នៅ​ម្ដុំ​ផ្សារ​ថ្មី ។ គាត់​បាន​ប្រមែប្រមូល​អ្នកសិល្បៈ​ដែល​សេសសល់​ពី​ការ​កាប់សម្លាប់​ក្នុង​របប​ខ្មែ​ក្រហម ចងក្រង​ជា​ក្រុម​សិល្បៈ​មួយ​ឡើង ដែល​ក្រោយ​ប្រមូល​គឺ​មាន​ដូច​ជា យាយ​​ម៉ែ​ម៉ឺន យាយ​ផា​ន់ យាយ​មុត សា​អឿ​ន លោក​ឡេ​ង សំបូ អ្នកស្រី​ព្រំ ផល្លា អ្នកស្រី​ព្រំ ផ​ល្លី នាយ​ព្រួញ​មាស នាយ​ជ្រញ់ យាយ​យ៉​យ យាយ​ណា​ង តា​សាឡា​ត់ តា​ស៊ី​ត្រូ តា​ប៉ិក​គក់ ជាដើម ។

ក្រុម​សិល្បៈ​របស់​គាត់​ត្រូវ​បាន​ឯកឧត្ដម តាំង សា​រឹម ធ្វើការ​នៅ​មន្ទីរ​ពាណិជ្ជកម្ម បញ្ជូន​ទៅ​ធ្វើការ និង​សម្ដែង​នៅ​ក្នុង​ការដ្ឋាន​ស្រែអំបិល ខេត្តកំពត ។ ក្រោយមក​ឯកឧត្ដម​តាំង សា​រឹម បាន​បញ្ជូន​ត្រឡប់​មក​ភ្នំពេញ​វិញ ហើយ​បាន​បង្កើត​«​ក្រុម​សិល្បៈ​ស្រែអំបិល​»​ឡើង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់ផ្អែម ជិត​វត្ត​កោះ ។

ក្រោយមក​ទៀត លោកតា​ផ្លុ​ង មឿ​ក ក៏​ដូច​ជា​អ្នកសិល្បៈ​ផ្សេង​ទៀត បាន​ចាប់​ដៃគូ​ចេញ​សម្ដែង​ជាមួយ​គ្នា​ជា​បន្តបន្ទាប់​នៅ​ក្នុង​កម្មវិធី ផ្សេង​ៗ ទាំង​នៅ​ភ្នំពេញ ក៏​ដូច​ជា​ទៅ​សម្ដែង​នៅ​តាម​បណ្ដា​ខេត្ត​នានា ។ ក្រោយមក​សមាជិក​ទាំងអស់​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័នរដ្ឋ ផ្សេង​ៗ​រៀងខ្លួន ដែល​មាន​អ្នកខ្លះ​ចូល​បម្រើ​ការងារ​វិទ្យុ និង​ទូរទស្សន៍​ជាតិ អ្នក​ខ្លះ​ចូល​កង​អង្គរក្ស អ្នកខ្លះ​ចូល​ក្រសួងមហាផ្ទៃ អ្នកខ្លះ​ចូល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​ជាដើម ។ ចំណែក​លោកតា​ផ្លុ​ង មឿ​ក បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​កង​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​ផ្នែក​សិល្បៈ ដោយ​ទទួល​បាន​ឋានន្តរស័ក្ដិ​ថ្នាក់​វរសេនីយ៍ឯក​«​ស័ក្តិ​៥» ។

លោកតា​ផ្លុ​ង មឿ​ក ត្រូវ​បាន​ទស្សនិកជន​ស្គាល់​មុខ​របស់​គាត់​នៅ​តាម​កញ្ចក់​ទូរទស្សន៍​តាំង​តែ​ពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ព្រោះ​នៅ​សម័យ​នោះ​ប្រទេស​កម្ពុជា​មាន​ទូរទស្សន៍​ដែរ តែ​ជា​ទូរទស្សន៍​ស​ខ្មៅ ។ ទស្សនិកជន​ស្គាល់​គាត់​នៅ​ពេល​នោះ គឺ​តាម​រយៈ​ការ​សម្ដែង​អា​យ៉ៃ​រឿង ជាមួយ​គ្រូបង្ហាត់​របស់​គាត់ គឺ​ស្មៀន​ឈិ​ន ឪពុក​របស់​លោក​ឈិ​ន ឈៀង ។

ក្រោយមក​ទៀត បន្ទាប់​ពី​ទូរទស្សន៍​ជាតិ​ចាប់ផ្ដើម​បង្កើត​ឡើង​វិញ គាត់​ក៏​ដូច​ជា​អ្នក​សិល្បៈ​ជើង​ចាស់​ផ្សេង​ទៀត ចាប់ផ្ដើម​មានមុខ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ជា​បន្ត​បន្ទាប់ ។ លុះដល់​ពេល​មាន​ផលិតកម្ម និង​ទូរទស្សន៍​ក្នុងស្រុក​បង្កើត​កាន់តែ​ច្រើន ពួក​គាត់​ចាប់ផ្ដើម​មានការ​ងារ​កាន់តែ​ច្រើន​ទៅ​តាម​នោះ​ដែរ ។

លោកតា​ផ្លុ​ង មឿ​ក ធ្លាប់​ថត​អា​យ៉ៃ​រឿង​កំប្លែង រឿង​មនោសញ្ចេតនា ស្ប៉ត​ពាណិជ្ជកម្ម និង​ស្ប៉ត​អប់​រំជា​ច្រើន​មាន​ដូច​ជា រឿង​«​ស្រមោល​ស្នេហ៍​» រឿង​«​ចាស់​ព្រើល​មិន​មើល​ប្រាណ​» រឿង​«​ទុំ​ទាវ​» «​តា​ភោគ​» «​អា​ខ្វាក់​អា​ខ្វិន​» រឿង​«​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច​» និង​រឿង​ជា​ច្រើន​ទៀត ដែល​គាត់​មិន​ចាំ​ចំណងជើង​អស់ ។

ចំពោះ​ប័ណ្ណសរសើរ មេដាយ ព្រមទាំង​គ្រឿង​ឥស្សរិយយស​វិញ លោកតា​ផ្លុ​ង មឿ​ក ធ្លាប់​ទទួល​បាន​ច្រើន ប៉ុន្តែ​ប័ណ្ណសរសើរ និង​គ្រឿង​ឥស្សរិយយស​មួយ​ចំនួន​បាត់​ដោយសារ​គាត់​រើ​ផ្ទះ​ច្រើន​លើក ។ បច្ចុប្បន្ន​នៅ​សល់​តែ​៤​ទៅ​៥​ប៉ុណ្ណោះ ក្នុង​នោះ​មាន​ប័ណ្ណសរសើរ​ចេញ​ដោយ​នាយក​រដ្ឋមន្ត្រី​ចំនួន​៣ ។

ក្នុងអំឡុងពេល​ចុង​ក្រោយ​នៃ​ជីវិត​លោកតា​ផ្លុ​ង មឿ​ក មាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​ក្រុម​គ្រួសារ​ប្រឈម​នឹង​ការ​លំបាក​គ្មាន​ប្រាក់​ព្យាបាល ។ អ្វី​ដែល​សេសសល់​សម្រាប់​ជីវិត​ជា​អ្នក​សិល្បៈ​បុរាណ​របស់​គាត់ គឺ​ជំងឺ និង​រស់នៅ​ផ្ទះ​ជួល​យ៉ាង​លំបាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ