រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ វិច្ឆិកា នៅអតីតទីស្នាក់ការកណ្តាលគណបក្សសម រង្ស៊ី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានរៀបចំធ្វើសមាជវិសាមញ្ញរបស់ខ្លួន ដោយបានប្រកាសតែងតាំងលោកសម រង្ស៊ី ជាទីប្រឹក្សាកំពូលនៃគណបក្សសម រង្ស៊ី ចំណែកលោកគង់ គាំ ជាប្រធានគណបក្សសម រង្ស៊ី និងលោកស្រីជូ ឡុងសូម៉ារ៉ា ជាអនុប្រធានគណបក្ស ។
ជាការកត់សម្គាល់សមាជរបស់គណបក្សសម រង្ស៊ី ក៏បានធ្វើវិសោធនកម្មនៃ មាត្រាមួយចំនួនផងដែរ ដូចជាមិនផ្លាស់ប្តូរស្លាកសញ្ញាគណបក្ស និងឈ្មោះបក្ស ហើយបានជ្រើសតាំងលោកសម រង្ស៊ី ជាទីប្រឹក្សាកំពូល ។នៅក្នុងអង្គសមាជវិសាមញ្ញនៃបក្សនេះ មានការចូលរួមពីលោកគង់ គាំ ប្រធានស្តីទីគណបក្សសម រង្ស៊ី លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោកហូ វណ្ណ តំណាងរាស្ត្រគណបក្សសម រង្ស៊ី លោកគឹម វ៉ាន់នី ជំនួយការឯកអគ្គរាជទូតនៃ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាទទួលបន្ទុកផ្នែកនយោបាយ លោកស្រីប៉ែន ចាន់នី មន្ត្រីកម្មវិធីជាន់ខ្ពស់នៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ព្រមទាំងមន្ត្រី និងសមាជិក សមាជិកាដែលមកពីខេត្ត-រាជធានីប្រមាណ១.៥០០នាក់ ។
លោកហូ វណ្ណ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងក្នុងសមាជវិសាមញ្ញថា ចាប់ពីថ្ងៃទី២ វិច្ឆិកា ឆ្នាំ១៩៩៥ មកដល់ថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១២ ជាសមាជវិសាមញ្ញលើកទី១៧ហើយ គិតចាប់ពីបានបង្កើតគណបក្សសម រង្ស៊ី មក ។ គោលដៅសមាជលើកនេះ គឺលោកប្រធានសមរង្ស៊ី បានលាលែងពីប្រធានគណបក្សសម រង្ស៊ី ទៅធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ដែលគណបក្សសង្គ្រោះជាតិត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់កាលពីថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១២ និងបានតែងតាំងលោកគង់ គាំ ធ្វើជាប្រធានគណបក្សសម រង្សុី និងតែងតាំងលោកស្រីជូ ឡុងសូម៉ារ៉ា ធ្វើជាអនុប្រធាន ។
លោកបានបន្តថា ការតែងតាំងប្រធានគណបក្សស្របតាមលក្ខន្តិកៈមាត្រា៣៣នៃលក្ខន្តិកៈរបស់គណបក្សដែលចែងថា ការផ្លាស់ប្តូរប្រធានគណបក្សត្រូវបានយល់ព្រមពីមតិភាគច្រើននៃសមាជិក ហើយសមាជបានគាំទ្រលោកគង់ គាំ ជាប្រធានគណបក្សសម រង្ស៊ី ។ លោកគង់ គាំ ជាប្រធានគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាជដែលបានគាំទ្រ និងតែងតាំងរូបលោកជាប្រធានគណបក្សសម រង្ស៊ី ។
លោកថ្លែងថា គណបក្សសម រង្ស៊ី នឹងមានសមាសភាពនៅ ក្នុងសមាជិករាជរដ្ឋាភិបាលពេញបរិបូរណ៍ និងនៅតាមបណ្តាឃុំ-សង្កាត់តាមខេត្ត-ក្រុងទូទាំងប្រទេស ។ ក្នុងការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួបរួមគ្នាបង្កើតបានគណបក្សសង្គ្រោះជាតិដែលមានលោកសម រង្ស៊ី ជាប្រធាន និងលោកកឹម សុខា ជាអនុប្រធាន ។នៅក្នុងសមាជវិសាមញ្ញនោះលោក សម រង្ស៊ី បានថ្លែងតាមវីឌីអូខនហ្វើរិនពីទីក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិកថា សមាជិកគណបក្សសម រង្ស៊ី ចំនួន២៦រូបបានចាកចេញពីគណបក្សសម រង្ស៊ី ទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិដើម្បីធ្វើជាបេក្ខជនរបស់គណបក្សនោះ ។ លោកបន្តថា រយៈពេល១៧ឆ្នាំមកហើយចាប់តាំងពីការបង្កើតគណបក្សសម រង្ស៊ី ដែលជាគណបក្សប្រឆាំងមួយបានទាមទារឱ្យមានប្រជាធិបតេយ្យ ។
មានសមាសភាពសមាជិកព្រឹទ្ធសភា១១រូប របស់គណបក្សសម រង្ស៊ី នៅបន្តតំណែងរយៈពេលមួយឆ្នាំទៀតជាមួយគណបក្សសម រង្ស៊ី និងមានសមាជិកសមាជិកាប្រមាណជាង២.១៥៥រូប ជាក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅជាមួយគណបក្សសម រង្ស៊ី ។ ទោះបីជារូបលោកបានចាកចេញពីគណបក្សសម រង្ស៊ី ក៏រូបលោកនៅតែតាមមើលជាមួយលោកគង់ គាំ ពីក្រោយជានិច្ច ៕
ចែករំលែកព័តមាននេះ