ប្រុងប្រយ័ត្នខ្ពស់ ! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ កញ្ញា បណ្តាខេត្តមួយចំនួនអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកបានឱ្យដឹងថា កម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតាមបណ្តាតំបន់មួយចំនួន ។

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសនាព្រឹកថ្ងៃទី១៤ ខែកញ្ញានេះថា ៖ សម្ពាធទាបដែលកើតមាននៅលើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ និងសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ៖
១. តំបន់វាលទំនាប មានសីតុណ្ហភាព ៖ មធ្យមអប្បបរមា ២៥°C និងមធ្យមអតិបរមា ៣៣°C ។ ខ្យល់បក់មកពីទិសនិរតី និងទិសពាយព្យ មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី ។ បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, កំពង់ឆ្នាំង, សៀមរាប, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, ស្វាយរៀង, តាកែវ, កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៦០% ។

២. តំបន់ខ្ពង់រាបមានសីតុណ្ហភាព ៖ មធ្យមអប្បបរមា ២៤°C និងមធ្យមអតិបរមា ៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។ កំពង់ស្ពឺ, ប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៧០% ។
៣. តំបន់មាត់សមុទ្រមានសីតុណ្ហភាព ៖ មធ្យមអប្បបរមា ២៥°C និងមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី ។ កោះកុង, ព្រះសីហនុ, កំពត, កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៧០% ។

ស្ថានភាពរលកសមុទ្រ ៖ មានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧០ ម៉ែត្រ ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕


ចែករំលែកព័តមាននេះ