ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ថ្កោលទោស​កងកម្លាំង​សន្តិសុខ​ថា បោសសម្អាត​ជនជាតិភាគតិច​

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្នុង​សេចក្តី​ប្រកាស​មួយ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON ថ្លែង​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ថា…

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្នុង​សេចក្តី​ប្រកាស​មួយ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON ថ្លែង​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ថា សហរដ្ឋ​អា​មេ​រិ​ក​ចាត់​ទុក​អំពើ​​ហិង្សា​ដែល​រុញច្រាន​ពួក​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦០០.០០០​នាក់​ឱ្យ​រត់​ភៀសខ្លួន​ចេញពី​មី​យ៉ា​ន់​ម៉ា ចាប់តាំងពី​ដំណាច់​ខែសីហា​មក​ថា ជា​ការ «​បោសសម្អាត​ជនជាតិភាគតិច​» មួយ ។

លោក TILLERSON ថា ក្រោយ​ការ​វិភាគ​ដោយ​ល្អិត​ល្អិន និង​ដោយ​ស៊ីជម្រៅ​លើ​អ្វី​ៗ​ដែល​យើង​ទទួល​បាន​ច្បាស់​ណាស់​ថា សភាពការណ៍​នៅ​ភាគ​ខាងជើង​រដ្ឋ​រ៉ា​ឃី​ន គឺជា​ការ​បោសសម្អាត​ជនជាតិភាគតិច​មួយ​ប្រឆាំង​ពួក​រ៉ូ​ហ៊ីង​យ៉ា ។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​កបាន​ចោទប្រកាន់​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា​ថា ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​លោក​ចាត់​ទុក​ថា ការ​បង្ក​ទុក្ខវេទនា​ពុំ​អាច​អត់ឱន​ឱ្យ​បាន​លើ​ពួក​រ៉ូ​ហ៊ីង​យ៉ា ។ ទោះបីជា​កងទ័ព​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​ពួក​បះបោរ​រ៉ូ​ហ៊ីង​យ៉ា​ក្តី ក៏​លោក TILLERSON ថ្លែង​ថា គ្មាន​ការ​បង្កហេតុ​ណាមួយ​អាច​លើក​ហេតុផល​លុបលាង​អំពើ​សាហាវព្រៃផ្សៃ ដែល​កើត​មាន​បន្ទាប់​ពី​នោះ​ទេ ។ ការ​បាញ់ប្រហារ​លើ​បណ្តាជន​ស៊ី​វិល ដែល​រត់​ភៀសខ្លួន និង​ការ​ដើរ​ដុត​ផ្ទះសម្បែង​ពួក​គេ​ជំរុញ​ឱ្យ​ប្រជាជន​តំបន់​អ៊ិ​ស្លា​ម​នោះ​រត់​ភៀសខ្លួន​ចេញពី​ភូមិឋាន​ពួក​គេ ។ ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​សាហាវ​ទាំងនេះ​ត្រូវ​តែ​ជា​អ្នក​ទទួលខុសត្រូវ ។ សហរដ្ឋ​អាមេ​រិ​ក​ចង់​ណែនាំ​ឱ្យ​មានការ​ស៊ើបអង្កេត​ឯក​រាជ្យ​​មួយ ហើយ​គ្រោង​ដាក់​ទណ្ឌកម្ម​នានា​សំដៅ​ប្រឆាំង​ពួក​អ្នក​ដែល​យល់​ថា ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​អំពើ​បោសសម្អាត​ជនជាតិភាគតិច ។

កាលពី​ស​ប្តា​ហ៍​មុន លោក REX TILLERSON បាន​មក​កាន់​មី​យ៉ា​ន់​ម៉ា ហើយ​ជួប​ជាមួយ​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី នៅ​រដ្ឋធានី​ណៃ​ពិដោ ហើយ​ក៏​ជួប​ជាមួយ​ឧត្តមសេនីយ៍ AUNG HLAING ប្រមុខ​យោធា​មី​យ៉ា​ន់​ម៉ា​នៅ​រដ្ឋ​រ៉ា​ឃី​ន​ផង​ដែរ ។ ចំណែក​សម្តេច​ប៉ាប ហ្វ្រ​ង់​ស្វ័​រ នឹង​យាង​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដែ​សនា​ដំណាច់ខែ​នេះ ដើម្បី​ជួប​ជាមួយ​ពួក​ជន​ភៀស​ខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ