ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ នឹង​ជំរុញ​កំណើន​ទេសចរ និង​ការ​វិនិយោគ

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ កម្ពុជា​មាន​មោទនភាព​យ៉ាង​ខ្លាំង ដែល​មានឱកាស​រៀបចំ​នូវ​ព្រឹត្តិ​ការណ៍​​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​លើក​ទី​១ ស្រប​ពេល​ដែល​ប្រទេស​កំពុង​មាន​សន្ដិ​ភាព ស្ថិរភាព​នយោបាយ និង​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។ ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ មិន​ត្រឹមតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ…

ខេត្តសៀមរាប ៖ កម្ពុជា​មាន​មោទនភាព​យ៉ាង​ខ្លាំង ដែល​មានឱកាស​រៀបចំ​នូវ​ព្រឹត្តិ​ការណ៍​​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​លើក​ទី​១ ស្រប​ពេល​ដែល​ប្រទេស​កំពុង​មាន​សន្ដិ​ភាព ស្ថិរភាព​នយោបាយ និង​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។ ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ មិន​ត្រឹមតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​វិនិយោគិន​មក​បណ្ដាក់ទុន​វិនិយោគ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សបញ្ជាក់​ថា កម្ពុជា​ទទួល​បាន​សិទ្ធិ​ស្មើមុខស្មើមាត់​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ ។

ពិព័រណ៍​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី ១៧-១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​មុខ​បរិវេណ​ប្រាសាទបាយ័ន ខេត្តសៀមរាប ។

ថ្លែង​នៅ​ក្នុង​ពិធីជប់លៀង​ជូន​ប្រតិភូ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលរួម​ក្នុង​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​២០១៧ (CTM) លើក​ទី​១​នៅ​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​នេះ គឺជា​ពេលវេលា​សម​ស្រប ដែល​កម្ពុជា​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​សន្តិភាព និង​ស្ថិរភាព​នយោបាយ រួម​ទាំង​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ។ តាម​រយៈ​សមិទ្ធផល​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​សិទ្ធិ​ស្មើមុខស្មើមាត់​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ ។

លោក​ឧបនាយករដ្ឋមន្ត្រី​ថ្លែង​ថា ៖« ជាក់ស្តែង​ថ្ងៃនេះ យើង​បាន​រៀបចំ​ពិព័រណ៍​ទេស​ចរណ៍​អន្តរជាតិ​លើក​ទី​១ ដែល​ទទួល​បានការ​ជឿជាក់​ពី​អង្គការ ស្ថាប័ន​វាយតម្លៃ​អន្តរ​ជាតិ​នានា​តាម​រយៈ​ការ​ផ្តល់​ពានរង្វាន់​ដល់​កម្ពុ​ជានា​ពេល​កន្លង​មក » ។

លោក យឹ​ម ឆៃ​លី បាន​បង្ហាញ​នូវ​ក្តី​រំពឹង​តាម​រយៈ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ មិន​គ្រាន់តែ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រឹត្តិ​ការណ៍​នេះ​នឹង​ក្លាយជា​ឧបករណ៍​ស្រូប​យក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​មក​ទស្សនា​កម្ពុជា ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ទេសចរណ៍​អន្តរជាតិ​២០១៧ និង​វេទិកា​ទេសចរណ៍​អាស៊ាន​-​ចិន​លើក​នេះ កម្ពុជា​នឹង​ទទួល​បាន​វិនិ​យោគិន និង​ទេសចរ​មក​ពី​គ្រប់​ទិស​ទី សំខាន់​ទេសចរណ៍​ចិន​កាន់តែ​ច្រើន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ព្រោះ​យើង​មាន​កត្តា​ជំរុញ​ជា​ច្រើន ដែល​ជា​សក្តានុពល​ដ៏​អស្ចារ្យ​របស់​ប្រទេស​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បាន​សំណូមពរ​ផង​ដែរ​ដល់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទេសចរណ៍​នៃ​ប្រទេស អាស៊ាន​បូក​ចិន ជប៉ុន និង​កូរ៉េ ជួយ​សហការ​និង​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​ទៅ​ដល់​បណ្តាញ​ដៃគូ​ធុរកិច្ច​ទាំងអស់​ក្នុង​តំបន់ និង​ពិភពលោក អំពី​ពិព័រណ៍​ទេស​ចរណ៍​កម្ពុជា​អន្តរជាតិ​២០១៧​នេះ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ក៏​ដូច​ក្នុង​តំបន់ ។

គួរ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង​៥​លាន​នាក់ ក្នុង​កំណើន​៥% ក្នុង​នោះ​ទេសចរ​ចិន​មាន​ចំនួន​ជាង​៨៣​ម៉ឺន​នាក់ ។ ដោយឡែក រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង​៣,៩​លាន​នាក់ ក្នុង​កំណើន​១១,៥% ក្នុង​នោះ​ទេសចរ​ចិន​មាន​ចំនួន​ជាង​៨៤​ម៉ឺន​នាក់ ក្នុង​កំណើន​៤៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ ។

តាម​ការ​ព្យាករ​នៅ​ឆ្នាំ​២០១៧​នេះ កម្ពុជា​នឹង​អាច​ទទួល​បាន​ទេសចរ​ចិន​ប្រមាណ​១​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០២០ នឹង​កើន​ដល់​យ៉ាងតិច​២​លាន​នាក់ ក្នុង​ចំណោម​ទេសចរ​អន្តរ​ជាតិ​សរុប​ប្រមាណ​៧​លាន​នាក់ ។ ដើម្បី​សម្រេច​តាម​គោលដៅ​នេះ បច្ចុប្បន្ន​កម្ពុជា​កំពុង​រៀបចំ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជា​ច្រើន ដូច​ជា ការ​ចុះ​អនុស្សរណៈ​បើក​ការ​ហោះហើរ និង​រៀបចំ​ព្រឹត្តិការណ៍​សំខាន់​ៗ និង​ពង្រឹង​សេវា​បដិសណ្ឋារកិច្ច និង​ការ​បណ្តុះ​បណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ ធ្វើ​យ៉ាងណា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​ជុំវិញ​ពិភពលោក​កំពុង​មាន​កំណើន​ខ្ពស់ ពិសេស​ភ្ញៀវ​ទេសចរ​ចិន​ឲ្យ​មក​ទស្សនា​នៅ​កម្ពុជា ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ថា កម្ពុជា​នឹង​សម្រេច​បាន​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ តាម​ការ​ព្យាករ​របស់​ក្រសួងទេសចរណ៍ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​នឹង​ឈរ​ចំណាត់ថ្នាក់​លេខ​១​។ លោក​ថា កំណើន​ភ្ញៀវ​ទេសចរ​ឆ្នាំ​នេះ ឆ្លុះ​បញ្ចាំង​នូវ​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​មាន​ប្រសិទ្ធភាព ជា​ពិសេស​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ លោក​បន្ត​ថា ៖« ទេសចរណ៍ ជា​វិស័យ​មួយ ដែល​បាន​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​យ៉ាង​ខ្លាំង ព្រោះ​ពេល​ភ្ញៀវ​ទៅ​ដល់​ទីណា តែងតែមាន​សកម្មភាព​សេដ្ឋកិច្ច​កើតឡើង​នៅ​ទីនោះ » ។

តាម​របាយការណ៍​របស់​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ឲ្យ​ដឹង​ថា អាស្រ័យ​​ដោយ​កត្តា​អំណោយផល ធ្វើ​ឲ្យ​តម្រូវការ​នៃ​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​របស់​ប្រជាពលរដ្ឋ​ចិន​នៅ​ក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន​១៣០​លាន​នាក់ រួម​ទាំង​ការ​ចំណាយ​ថវិកា​ក្នុង​ការ​ធ្វើ​ដំណើរ​ប្រមាណ​២៥០​ប៊ី​លាន​ដុល្លារ ។ ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​ចិន​បាន​ចូល​មក​ទស្សនា​កម្សាន្ដ​នៅ​តំបន់​អាស៊ាន ប្រមាណ​១២​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ