ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​ពិភពលោក​ចូលរួម​ទទួលទានអាហារ​សាមគ្គី​ជាមួយ​មន្ត្រី​ខេត្តសៀមរាប

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សុខា សៀមរាប មាន​រៀបចំ​ពិធី​លៀង​សាយភោជន៍ ទទួល​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ ដែល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប…

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សុខា សៀមរាប មាន​រៀបចំ​ពិធី​លៀង​សាយភោជន៍ ទទួល​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ ដែល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប ដើម្បី​ឈ្វេងយល់​ពី​សក្តានុពល​ទេសចរណ៍​ដែល​ជា​តំបន់​គោលដៅ​ទេស​ចរណ៍វប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ ហើយ​ក៏​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​មនុស្សជាតិ​ផង​ដែរ ។

កម្ម​ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​វត្តមាន​របស់​លោក​បណ្ឌិត​ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​លោក​បណ្ឌិត​នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ជំទាវ រួម​ទាំង​លោក លោកស្រី​ជា​គណៈ​​អភិបាលខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា ។

នា​ឱកាស​នោះ​ម្ចាស់​មកុដ​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៦ និង​បេ​ក្ខ​នារី​បវរកញ្ញា​ពិភព​លោក​​ឆ្នាំ​២០១៧ បាន​លើក​ឡើង​ពី​ភាព​អស្ចារ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​អភិ​វឌ្ឍ​លើ​គ្រប់​វិស័យ សំខាន់​នៅ​ខេត្តសៀមរាប ដែល​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌ និង ធម្មជាតិ បាន និង​កំពុង​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​កម្សាន្ត​ពី​គ្រប់​មជ្ឈដ្ឋាន នានា​លើ​ពិភពលោក ដែល​ប្រកប​ទៅ​ដោយ​សុខ​សន្តិភាព និង​សុវត្ថិភាព ។

លោក​បណ្ឌិត​ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប បាន​ស្វាគមន៍​ចំពោះ​ប្រតិភូ​បវរ​កញ្ញា​​ពិភពលោក​ឆ្នាំ​២០១៧ ដែល​មក​ទស្សនកិច្ច​ដើម្បី​ឈ្វេងយល់​ពី​សក្តានុពល​ទេស​ចរណ៍​នៅ​ខេត្តសៀមរាប ដែល​ជា​តំបន់​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ហើយ​ក៏​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​យើង​នា​ពេល​នេះ​ផង​ដែរ​។ លោក​បណ្ឌិត​ក៏​បាន​លើក​​ឡើង​ផង​ដែរ​អំពី​សក្តានុពល​របស់​ខេត្តសៀមរាប និង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដោយ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម និង​ទេសចរណ៍ ។

លោក​អភិបាលខេត្ត​ថ្លែង​ថា ខេត្តសៀមរាប​ជា​អតីត​រាជធានី​នៃ​អ​ធិ​រាជាណាចក្រ​ខ្មែរ​សម័យ​​អង្គរ នា​សតវត្ស​ទី​៩ ដល់ទី​១៤ ដែល​ជាទី​ក្រុង​ដ៏​ប្រណីត​ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​នៅ​អាស៊ី ដែល​មាន​កេរ​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប​ជា​ច្រើន​ជា​ស្នាដៃ​នៃ​បុព្វបុរស​ជំនាន់​​ដើម​បន្សល់​ទុក ហើយ​បាន​ក្លាយជា​កំណប់ទ្រព្យ​ដ៏​មហាសាល ដែល​ធ្វើ​ឲ្យ​ខេត្ត​សៀមរាប​នា​ពេល​បច្ចុប្បន្ន​នេះ​ក្លាយជា​តំបន់​គោលដៅ​ទេសចរណ៍ វប្បធម៌ និង​ធម្មជាតិ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ក៏​ដូច​លើ​ពិភពលោក​ទាំងមូល​ផង​ដែរ ។ កំណើន​នៃ​ភ្ញៀវ​ទេស​ចរ​សំខាន់​នៅ​១០​ខែ​ឆ្នាំ​២០១៧​នេះ ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​៤​លាន​៧០២​ពាន់​១៣៦​នាក់ (​កើនឡើង​១២,១១% ប្រៀ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦) ភ្ញៀវ​អន្តរជាតិ​១​លាន​៩៤០​ពាន់​៨៣២​នាក់ (​កើនឡើង​១២,២៧% ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦) ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន ជាប់​លំដាប់ថ្នាក់​ទី​១ ។

ស្រប​ពេល​ជាមួយនឹង​កំណើន​ភ្ញៀវ​ទេសចរ​នេះ ខេត្ត​បាន និង​កំពុង​ពង្រឹងគុណភាព និង ពង្រីក​វិសាលភាព​នៃ​សេវា​ទេសចរណ៍ និង​សេវា​ចាំបាច់​ដទៃ​ទៀត​ដែល​ជា​តម្រូវការ​របស់​​ភ្ញៀវ​ទេសចរ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នោះ ស្រប​តាម​គោលនយោបាយ​ទេស​ចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិ​សណ្ឋារកិច្ច​ល្អ​» ។ កត្តា​សំខាន់​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ដែល​មាន​តួនាទី​ស្នូល ដើម្បី​ធានា​នូវ​ភាព​សុខដុម​ជូន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​មាន​ភាព​កក់ក្តៅ និង​មិន​បាត់​ឱកាស​ក្នុង​ការ​ប្រកប​មុខរបរ​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​គ្រប់​រមណីយដ្ឋាន និង​គ្រប់​ទីកន្លែង​ទាំង​នៅ​ទី​ក្រុង និង​នៅ​ជនបទ​ដែល​បណ្តាល​មក​ពី​បញ្ហា​អសន្តិសុខ​នោះ​ឡើយ ។ ម្យ៉ាងទៀត​ការ​អញ្ជើញ​មក​បំពេញ​ទស្សនៈ របស់​ប្រតិភូ​បវរកញ្ញា​ពិភពលោក​នា​ពេល​នេះ ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា​កម្ពុជា ទទួល​បាន​យ៉ាង​ពេញលេញ​នូវ​សន្តិសុខ ស្ថិរភាព​នយោ​បាយ និង​ការ​អភិវឌ្ឍ ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ ។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​បាន​ឃើញ​​ផ្ទាល់​ភ្នែក​អំពី​ស្នារ​ដៃ​ដ៏​ល្អ​ឯក​របស់​បុព្វបុរស​ខ្មែរ​ដែល​បាន​បន្សល់​ទុក​នូវ​ប្រាង្គ​ប្រាសាទ ដល់​កូនចៅ​ជំនាន់​ក្រោយ និង​បាន​ឈ្វេងយល់​ពី​វប្បធម៌ អរិយ​ធ៌​ម និង​ទំនៀម​ទម្លាប់​ដ៏​ល្អ​ផូរផង់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ