រាជធានីភ្នំពេញ ៖ តារាសម្តែង កែវ ពេជ្រពិសី បានសម្តែងការក្តុលក្តួលចិត្ត បន្ទាប់ពីនាងទទួលដំណឹងថា ព្រះមហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ យាងចូលទិវង្គតកាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១២ នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ។ លើសពីនេះនាងនឹកស្រណោះអនុស្សាវរីយ៍សម្តែងភាពយន្តថ្វាយព្រះអង្គនាពេលកន្លងមក ។
កែវ ពេជ្រពិសី និយាយថា ទន្ទឹមនឹងព្រះរាជកាតព្វកិច្ចដឹកនាំប្រទេសជាតិនោះ ព្រះអង្គក៏បានរួមចំណែកយ៉ាងខ្លាំងក្នុងការលើកស្ទួយដល់វិស័យវប្បធម៌ខ្មែរផងដែរ ក្នុងនោះរូបនាងផ្ទាល់ក៏បានទទួលនូវកិត្តិយសដ៏ធំធេង ចូលរួមសម្តែងក្នុងខ្សែភាពដែលជាស្នាព្រះហស្តដោយផ្ទាល់របស់ព្រះអង្គ ។កន្លងមកនាងធ្លាប់បានសម្តែងខ្សែភាពយន្តថ្វាយព្រះករុណាចំនួន៤រឿងមានដូចជារឿងនគរចាស់ជាដើម ។
ពេជ្រពិសី បន្ថែមថា ខ្សែភាពយន្តរឿងនគរចាស់ បំផុសកូនខ្មែរឲ្យមានចិត្តស្រឡាញ់ប្រទេសជាតិ ស្រឡាញ់រាជវង្ស និងស្រឡាញ់ប្រាសាទបុរាណខ្មែរដែលជាកេរមរតកដូនតាបន្សល់ទុកឲ្យយើងជាកូនចៅជំនាន់ក្រោយ ។ ខ្សែភាពយន្តនេះ កែវ ពេជ្រពិសី អះអាងថា មានការនិយម និងគាំទ្រច្រើនពីទស្សនិកជន ព្រោះមានការចាក់ផ្សាយជាញឹកញាប់តាមរយៈទូរទស្សន៍ជាតិកម្ពុជា ។
តាមរយៈការសម្តែងរឿងថ្វាយព្រះមហាវីរក្សត្រនេះគឺនាងទទួលស្គាល់ថា មានការលំបាកខ្លាំងជាងរឿងផ្សេងៗទៀតដែលនាងធ្លាប់បានសម្តែង ព្រោះរាល់ការសន្ទនាទាំងអស់គឺធ្វើទៅតាមខ្សែរាជវង្ស ទាំងការគោរពប្រណិប័តន៍ និងការសំពះ ។ ការសម្តែងជាលក្ខណៈសំពះគឺធ្វើទៅតាមក្រឹតក្រមដែលបានចែងពីរបៀបសំពះលា សំពះសុំទោស និងសំពះជំរាបសួរ គឺត្រូវធ្វើយ៉ាងណាឲ្យត្រូវតាមលក្ខណៈខុសប្លែកៗពីគ្នា ។
តារាសម្តែងរូបនេះឱ្យដឹងថា ពេលខ្លះនាងត្រូវចំណាយពេលមួយថ្ងៃក្នុងការហាត់សមរបៀបសំពះសុំទោសពីព្រះករុណា ដែលនាងមិនដែលធ្លាប់បានធ្វើពីមុនមក ។ ពេលខ្លះការសំពះ និងការហាត់ពត់លត់ជង្គង់ បត់ជើងនោះបានធ្វើឲ្យនាងមានការឈឺចាប់ពេញមួយសប្តាហ៍ក៏មាន តែនាងនៅតែខិតខំសម្តែងឲ្យបានល្អ ព្រោះនេះជាកិត្តិយសដ៏ធំធេងដែលបានចូលរួមសម្តែងខ្សែភាពយន្តថ្វាយព្រះករុណា ។
តារាសម្តែងដែលពូកែបង្ហូរទឹកភ្នែករូបនេះអះអាងប្រាប់កោះសន្តិភាពក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះថា នាងមានការក្តុកក្តួលចិត្តជាពន់ពេករកអ្វីថ្លែងមិនបានបន្ទាប់ពីបានទទួលដំណឹងយ៉ាងក្រៀមក្រំ និងសោកសៅថា ព្រះមហាវីរក្សត្រខ្មែរព្រះបាទនរោត្តម សីហនុ យាងចូលទិវង្គតក្នុងជន្មាយុ៩០ព្រះវស្សា ដោយរោគាពាធក្នុងមន្ទីរពេទ្យប្រទេសចិន ។ ការទទួលដំណឹងនោះធ្វើឲ្យរូបនាង និងក្រុមគ្រួសារ ក៏ដូចជាប្រជាជនខ្មែរនៅទូទាំងប្រទេសមានការសោកស្តាយ និងអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់សម្តេចតា ដែលធ្លាប់ជាម្លប់ដ៏ត្រជាក់ដល់កូនខ្មែរគ្រប់រូប ។
ការយាងចូលទិវង្គតរបស់ព្រះមហាវីរក្សត្រនរោត្តម សីហនុ នាពេលនេះគឺជាការបាត់បង់ដ៏ធំធេងមួយសម្រាប់ប្រទេសកម្ពុជា ព្រោះព្រះអង្គតែងតែផ្តល់ភាពកក់ក្តៅដល់ប្រជារាស្ត្រនៅទូទាំងប្រទេស ។កែវ ពេជ្រពិសី អះអាងថា គុណបំណាច់ដ៏ធំធេងរបស់ព្រះមហាវីរក្សត្រក្នុងការដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាពនោះ គឺនៅតែដក់ជាប់ក្នុងអារម្មណ៍ប្រជាជនខ្មែរជារៀងរហូត បើទោះបីជាពេលនេះព្រះអង្គបានយាងចូលទិវង្គតក៏ដោយ ។ គុណបំណាច់ដ៏ថ្លៃថ្លានេះបានក្លាយគំរូមួយសម្រាប់ទុកឲ្យកូនខ្មែរជំនាន់ក្រោយដើេរតាមមាគា៌របស់ព្រះអង្គ ។
បើទោះបីជាពេលនេះព្រះមហាវីរក្សត្របានយាងចូលទិវង្គតក៏ដោយ តែក្នុងនាមជាកូនខ្មែរ និងជាសិល្បការិនីមួយរូប កែវ ពិជ្រពិសី នៅតែចង់ចាំមិនអាចបំភ្លេចបាននូវស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ និងអនុវស្សាវរីយ៍សម្តែងភាពយន្តថ្វាយព្រះអង្គ ៕
ចែករំលែកព័តមាននេះ