រាជធានីភ្នំពេញ ៖ សមាគមខ្មែរចំនួន ៦ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥នេះ បានចេញញត្តិគាំទ្រ និងសម្តែងក្តីសោមនស្សរីករាយ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះជោគជ័យជាប្រវត្តិសាស្ត្រក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
សមាគមទាំង ៦នោះ រួមមាន៖ សមាគមខ្មែររួមគ្នាដើម្បីខ្មែរ នៅសាធារណរដ្ឋកូរ៉េ, សមាគមបញ្ញាវន្តខ្មែរនៅកូរ៉េ, សមាគមស្ត្រីខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ, សមាគមខ្មែរជួយខ្មែរនៅក្រុងហ្វាងសុង សាធារណរដ្ឋកូរ៉េ, សមាគមកម្ពុជាសាមគ្គី, និងសមាគមអភិវឌ្ឍន៍អនាគតកូរ៉េ-កម្ពុជា ។
នៅក្នុងញត្តិគាំទ្រសមគមទាំង ៦បានលើកឡើងថា សមិទ្ធផលជាប្រវត្តិសាស្ត្រនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីភាពប៉ិនប្រសប់ គតិបណ្ឌិត និង ការដឹកនាំយ៉ាងខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ក្នុងការអនុវត្តនូវ “យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម” ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ កិច្ចព្រមព្រៀងនេះនឹងនាំមកនូវសន្តិភាព ស្ថិរភាព និងការស្តាឡើងវិញនូវ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលនឹងបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និង សុខមាលភាពរបស់ប្រជាពលរដ្ឋតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងទូទាំងប្រទេស ។
សហគមន៍ខ្មែរនៅកូរ៉េបន្ថែមថា ការខិតខំប្រឹងប្រែងរបស់ សម្ដេចធិបតី ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ គឺពិតជាគំរូវីរភាពមួយសម្រាប់អ្នកដឹកនាំជំនាន់ក្រោយ ដែលជាយុវជនទាំងអស់គ្នាសូមប្តេជ្ញា បន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមគំនិតផ្តួចផ្តើម និងទស្សនៈដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចធិបតី ដើម្បីរួមចំណែកដល់ការកសាង និងថែរក្សាសន្តិភាព ស្ថិរភាព និងការរីកចម្រើនរបស់ប្រទេសជាតិនៃយើង ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ