អ្នកបុរាណវិទ្យាពីមជ្ឈមណ្ឌលវត្ថុបុរាណប្រទេសអ៊ីស្រាអែលបានរកឃើញគ្រោងរោងល្ខោនបុរាណជាលើកដំបូងក្នុងយុគសម័យរ៉ូម៉ាំង នៅក្នុងល្អាងខាងក្រោមគ្រឹះកំផែង នៅភាគខាងលិចក្រុងយេរ៉ូសាឡឹម ។
រោងល្ខោននោះជាសំណង់ដ៏លេចធ្លោសាងសង់ដោយឥដ្ឋមានលក្ខណៈស្រស់ស្អាតនិងមានវ័យចំណាស់ប្រហែល១៨០០ឆ្នាំ ប៉ុន្តែគ្រោងសំណង់នោះសាងសង់មិនទាន់រួចរាល់ទេ។ មានការសន្និដ្ឋានថាវាបានសង់ឡើងកាលពីពាក់កណ្តាលសតវត្សទី២ ក្នុងសម័យអាណាចក្រ «Hedrian»ក្សត្ររ៉ូម៉ាំង ។
រោងល្ខោនរ៉ូម៉ាំងនោះប្រទះឃើញក្នុងពេលជីកដីកាលពី២ឆ្នាំមុន ខណៈពេលអ្នកបុរាណវិទ្យាឱ្យដឹងថា គ្រោងសំណង់ដែលពាក់កណ្តាលរាងជារង្វង់មូល អាចជារោងមហោស្រពធុនតូចប្រើសម្រាប់តន្ត្រី ឬសម្តែងល្ខោន ឬអាចជា ទីតាំងប្រជុំជនសម្រាប់អ្នកគ្រប់គ្រងអាណាចក្ររ៉ូម៉ាំង ។ ទីកន្លែងនោះបានចេញម៉ូដឡើងសម្រាប់អង្គុយដោយផ្ទុកមនុស្សបានប្រហែល២០០នាក់ ប៉ុន្តែក្រុមអ្នកបុរាណវិទ្យាមានភាពចម្លែកត្រង់ថា ទីតាំងនោះធ្លាប់មានគ្រោងសំណង់រាងក្រឡូមជាដំបូល ។ រហូតមកដល់ពេលនេះមិនទាន់រកចម្លើយបានថា ហេតុអ្វីបានជារោងល្ខោននោះសាងសង់មិនទាន់រួចរាល់ ? ប៉ុន្តែអាចកើតមានហេតុការណ៍ចលាចលរបស់ជនជាតិអ៊ីស្រាអែល ប្រឆាំងនឹងពួករ៉ូម៉ាំង ។ នៅក្នុងយុគសម័យនោះ អាចតម្រូវឱ្យការសាងសង់ត្រូវបានផ្អាក ។
អ្នកបុរាណវិទ្យាអ៊ីស្រាអែលសង្ឃឹមថា ការរុករករោងល្ខោនរ៉ូម៉ាំងលើកនេះនឹងជួយឱ្យអ្នកជំនាញផ្នែកបុរាណវិទ្យាបានឈ្វេងយល់កាន់តែច្បាស់ ទាក់ទងនឹងប្រវត្តិសាស្ត្រនៃការរស់នៅរបស់ជនអំបូរយេរូសាឡឹម ៕
ចែករំលែកព័តមាននេះ