ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ ! រៀន​ជំនាញបើក​យន្តហោះ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​យុវជន​ខ្មែរ​ភាគតិច​ណាស់​ដែល​ចាប់អារម្មណ៍​ចង់​រៀន​ជំនាញ​ខាង​អាកាសចរណ៍ ហើយ​ក៏​មិន​ដែល​ចាប់អារម្មណ៍​ពី​តម្លៃ​សិក្សា​លើ​មុខ​ជំនាញ​នេះ​ដែរ។ តើ​អ្នកដឹង​ទេ ការ​សិក្សា​ជំនាញ​បើក​យន្ដហោះ​ត្រូវ​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន ? តាម​ការ​បញ្ជាក់​ពី​អាកាសយានិក​មួយ​រូប​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ពី​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ជំនាញ​ជា​អ្នក​បើក​យន្តហោះ…

រាជធានី​ភ្នំពេញ ៖ មាន​យុវជន​ខ្មែរ​ភាគតិច​ណាស់​ដែល​ចាប់អារម្មណ៍​ចង់​រៀន​ជំនាញ​ខាង​អាកាសចរណ៍ ហើយ​ក៏​មិន​ដែល​ចាប់អារម្មណ៍​ពី​តម្លៃ​សិក្សា​លើ​មុខ​ជំនាញ​នេះ​ដែរ។ តើ​អ្នកដឹង​ទេ ការ​សិក្សា​ជំនាញ​បើក​យន្ដហោះ​ត្រូវ​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន ?

តាម​ការ​បញ្ជាក់​ពី​អាកាសយានិក​មួយ​រូប​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ពី​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ជំនាញ​ជា​អ្នក​បើក​យន្តហោះ មិន​ត្រឹមតែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទាមទារ​ឲ្យ​មានការ​ហ្វឹកហាត់​តាំងពី​តូច​ៗ និង​មាន​សមត្ថភាព​ចំណេះដឹង​ខ្ពស់​ផង​ដែរ ។

លោក ផល កុសល បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​ចំណាយពេល​២​ឆ្នាំ សម្រាប់​សិក្សា​លើ​ជំនាញ​បើក​យន្តហោះ ក្នុង​នោះ​លោក​បាន​ទៅ​សិក្សា​វគ្គ​មូលដ្ឋាន​នៅ​ប្រទេស​វៀតណាម រួច​ហើយ​ទើប​បន្ត​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក ដោយ​ក្នុង​នោះ វគ្គ​សិក្សា​នៅ​ប្រទេស​វៀតណាម លោកបាន​ចំណាយ​ប្រាក់​ប្រមាណ​៦​ពាន់​ទៅ​៧​ពាន់​ដុល្លារ​។ ចំណែក​វគ្គ​ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក លោក​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង​១២​ម៉ឺន​ដុល្លារ​ទៀត ។ ដូចនេះ បើ​សរុប​ទាំងអស់ លោក​បាន​ចំណា​យ​ជាង​១៣ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

អាកាសយានិក​ជនជាតិ​ខ្មែរ​បាន​បន្ដ​ថា ៖ «​ជំនាញ​បើក​យន្តហោះ ខុស​ពី​ជំនាញ​ដទៃ​ទៀត ពេល​ខ្លះ មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​រៀន​ជំនាញ​នេះ ប៉ុន្តែ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​រៀន​បាន ។ ដូចនេះ ជំនាញ​នេះ​ត្រូវការ​ចំណេះដឹង​ខ្ពស់ ទាំង​ផ្នែក​ភាសា​អង់គ្លេស និង​វិទ្យាសាស្ត្រ ហើយ​អ្វី​ដែល​ពិសេស​នោះ អ្នក​ចង់​សិក្សា​លើ​មុខ​ជំនាញ​មួយ​នេះ ត្រូវ​តែ​មាន​កាយសម្បទា​មាំមួន ស្មារតី​វាងវៃ និង​ភាព​រហ័សរហួន​ខ្ពស់ » ។

គួរ​រំលឹក​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​មាន​ធនធាន​អ្នក​បើក​យន្តហោះ​សរុប​តែ​៨​នាក់​ប៉ុណ្ណោះ បូក​នឹង​ធនធាន​៤​រូប​ទៀត​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្មី​ៗ​នេះ ។ ដូច្នេះ ជំនាញ​មួយ​នេះ​ពិតជា​ពិបាក និង​កម្រ​មាន​អ្នក​អាច​ទទួល​បាន​ជោគជ័យ ។

លោក តឹក រ៉េ​ត​សំរេច រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា អង្គរ អ៊ែ​រ បាន​ឲ្យ​ដឹង​ថា ជំនាញ​អ្នក​បើក​យន្តហោះ​នៅ​កម្ពុជា នៅ​មាន​ភាព​ទូលាយ​ខ្លាំង​ណាស់ ខណៈ​វិស័យ​ហោះហើរ​នៅ​កម្ពុជា​កំពុង​មាន​សន្ទុះ​ទៅ​មុខជា​លំដាប់ ។

លោក​ថា ៖« ជំនាញ​មួយ​នេះ ខុស​ប្លែក​ពី​ជំនាញ​ដទៃ​ទៀត ដែល​មិន​ចេះ​តែ​មាន​អ្នករៀន​បាន​នោះ​ទេ ។ ជំនាញ​នេះ​ទាមទារ​ឲ្យ​មាន​សមត្ថភាព​ខ្ពស់ ទាំង​ចំណេះដឹង និង​កាយ​សម្បទា​មាំមួន​។ ជាក់ស្ដែង កម្ពុជា​នៅ​ពេល​នេះ​មាន​អ្នក​ដែល​មាន​សញ្ញាបត្រ​ហោះហើរ​បាន​តែ​៨​នាក់​ប៉ុណ្ណោះ អីចឹង​ហើយ​បើសិនជា​មាន​អ្នករៀន​ចប់ មាន​សញ្ញាបត្រ​លើ​ជំនាញ​​មួយ​នេះ មិន​ខ្វះ​ទេ​ការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស » ។

លោក​បន្ត​ថា កម្ពុជា​ក៏​ត្រៀម​បញ្ជូន​ធនធាន​ទៅ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត ក៏​ប៉ុន្តែ​វា​ពិបាក​ក្នុង​ការ​បញ្ជូន និង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ជា​ច្រើន​ដំណាក់កាល ដើម្បី​ជ្រើសរើស​យក​អ្នកមាន​សមត្ថភាព​ពិតប្រាកដ​ទៅ​បណ្ដុះបណ្ដាល​ជំនាញ​នេះ ។

លោក​បញ្ជាក់​ថា យន្តហោះ​១​គ្រឿង​ត្រូវការ​អ្នកបើកបរ​យ៉ាងតិច​ណាស់​៨​នាក់ ។ ដូចនេះ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នីមួយ​ៗ​ដែល​នាំ​ចូល​យន្តហោះ​ថ្មី​ៗ​មក​នោះ គឺ​ត្រូវការ​បន្ថែមចំនួន​អាកាសយានិក​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ